សារីបុត្រ
ព្រះសារីបុត្ត គឺជាព្រះថេរៈមួយអង្គក្នុងចំណោមព្រះអសីតិមហាសាវក ៨០ រូប ដែលមានជំនាញឯកទេសកំពូល គ្មានអ្នកដទៃប្រដូចបាន ។ ព្រះសារីបុត្តជាកំពូលខាងមានបញ្ញា គ្មានសាវកណាផ្ទឹមនឹងលោកបានឡើយ ។
ជីវប្រវត្តិព្រះសារីបុត្ត
[កែប្រែ]ព្រះសារីបុត្ត មានបញ្ញាដ៏ឧត្តម មិនមានព្រះសាវករូបដទៃណាប្រៀបផ្ទឹមបានឡើយ ហើយបានតាំងនៅក្នុងតំណែងអគ្គសាវកដ៏កំពូលឧបមាដូចមេទ័ព ដែលនាំកងទ័ពធម៌ចេញទៅបង្រ្កាបពួកអធម៌ ព្រមទាំងទ្រទ្រង់នូវអំពើល្អជាកំពូលកតញ្ញូកតវេទី ព្រមទាំងមានផលល្អដែលធ្វើទុកជា“នេតិ” ជាបែបផែនដ៏ល្អដែលគួរចារឹកទុកក្នុងក្រអៅបេះដូងរបស់ពួកជនអ្នកប្រាថ្នាធម៌ ។
ជីវប្រវត្តិរបស់ព្រះសារីបុត្ត មានកត់ត្រាជាប្រវត្តិសាស្ត្រនៅក្នុងអដ្ឋកថាបរមត្ថទីបនី ដែលពន្យល់ក្នុងគម្ពីរខុទ្ទកនិកាយថេរគាថា ក្នុងអដ្ឋកថាមនោរថបូរណី ដែលពន្យល់គម្ពីរអង្ពុត្តរនិកាយឯកនិបាតក្នុងអដ្ឋកថាបរមត្ថជោតិកា អធិប្បាយនាវាសូត្រ គម្ពីរខុទ្ទកនិកាយសុត្តនិបាត និងក្នុងអដ្ឋកថាគម្ពីរធម្មបទ ក្នុងយមកវគ្គ រឿងសញ្ជ័យ មានសេចក្តីថា
ស្ថានភាពគ្រួសារ
[កែប្រែ]ព្រះសារីបុត្តមុននឹងចូលមកបួសក្នុងព្រះពុទ្ធសាសនានោះ មានឈ្មោះថា ឧបតិស្សៈ ជាបុត្តរបស់ វង្គន្តៈ ដែលជាមេស្រុកក្នុងស្រុកមួយឈ្មោះ ឧបតិស្សគ្រាម ជួនកាលហៅថា នាលកៈ ឬ នាលន្ទា តាំងនៅមិនឆ្ងាយអំពីក្រុងរាជគ្រឹះ និងមានមាតាឈ្មោះ នាងសារី ត្រកូលរបស់លោក ជាត្រកូលស្តុកស្តម្ភ មានទ្រព្យដល់ទៅ៥៦០កោដិកហាបណៈ ព្រះសារីបុត្តដែល មានឈ្មោះថា“សារីបុត្ត”ព្រោះហៅតាមឈ្មោះរបស់មាតា ឬ ន័យម៉្យាងទៀត ពាក្យថា សារីបុត្តប្រែថាបុត្តរបស់អ្នកលេងបាស្កា តែតមក កាលលោកឧបសម្បទាហើយ មិត្តសព្រហ្មចារីនិយមហៅលោកថា សារីបុត្ត ដោយទូទៅ ហើយឈ្មោះដើមឧបតិស្សៈទើបរលុបបាត់ទៅ ។
ឧបតិស្សៈ មានប្អូនប្រុស ៣ នាក់គឺ ចុន្ទៈ ឧបសេន រេវតៈ និងមានប្អូនស្រី ៣ នាក់ គឺ ចាលា ឧបចាលា សីសុបចាលា រួមទាំងឧបតិស្សៈ ក៏ជា ៧ នាក់ ។ ត្រកូលរបស់ឧបតិស្សៈ ជាត្រកូលដែលមាំមួនបរិបូណ៌ដោយភោគសម្បត្តិ និងបរិវារជន ។
មិត្តសម្លាញ់
[កែប្រែ]នៅមានត្រកូលព្រាហ្មណ៍មួយត្រកូលទៀតនៅក្នុងស្រុក កោលិតគ្រាម ដែលតាំងនៅមិនឆ្ងាយពីក្រុងរាជគ្រឹះ និងមិនឆ្ងាយពីស្រុកឧបតិស្សគ្រាមនោះ ជាត្រកូលដែលមានថានៈស្មើនឹងត្រកូលរបស់ឧបតិស្សៈ ប្រធានត្រកូលជាព្រាហ្មណ៍មេស្រុក ឈ្មោះថា កោលិតព្រាហ្មណ៍មោគ្គល្លានគោត្រ ភរិយាឈ្មោះនាងមោគ្គល្លី មានបុត្តឈ្មោះកោលិតៈ តាំងឈ្មោះតាមឈ្មោះស្រុក ឬ ហៅតាមឈ្មោះគោត្រថា មោគ្គល្លាន ជួនកាលហៅលោកតាមឈ្មោះរបស់មាតា ឈ្មោះថាមោគ្គល្លាន ៗនេះបានប្រើហៅរហូតមកដល់បួសជាព្រះភិក្ខុហើយ ។
ត្រកូលទាំងពីរនេះជាសម្លាញ់ស្និទ្ធស្នាលនឹងគ្នាជាប់ត មក ៧ ជំនាន់ បុព្វបុរសជាហេតុឱ្យឧបតិស្សៈ និងកោលិតៈ ដែលមានអាយុស្រករគ្នាបានជាសម្លាញ់នឹងគ្នាតាំងពីតូច រហូតចម្រើនវ័យធំឡើងអ្នកទាំងពីរមានបរិវារម្នាក់ ៥០០ឧបតិស្សៈ ពេលទៅកាន់ឧទ្យាន ឬ កំពង់ទឹក រមែងទៅព្រមនឹងបរិវារទាំងនោះហែហមទៅ គឺ ទៅដោយ បរិវារសែងជាយានសម្រាប់អង្គុយ ចំណែកកោលិតៈ មានរថទឹមដោយសេះអាជានេយ្យជាពាហនៈ ។
សិល្ប៍សាស្ត្រ
[កែប្រែ]លុះអ្នកទាំងពីរមានវ័យធំឡើង បានរៀនសិល្ប៍សាស្ត្រដែលគួរៀនរួមគ្នា ទាំងអាចរៀនចប់បានយ៉ាងរហ័ស ព្រោះជាអ្នកមានបញ្ញាស្មារតីមុតស្រួច ។ នៅក្រុងរាជគ្រឹះនោះ មានមហោស្រពប្រចាំឆ្នាំមួយប្រភេទ ហៅថា គិរគសមជ្ជា គឺមហោស្រពលើកំពូលភ្នំ អ្នកទាំងពីរបានទៅមើលរាល់ឆ្នាំរហូតមហាជនចាំបាន ពួកបរិវារជនអ្នកទាំងពីរបានចាត់ចែងទីអង្គុយសម្រាប់ឱ្យអ្នកទាំងពីរនោះក្នុងទីតែមួយ មាណពទាំងពីរនាំគ្នាទៅមើលមហោស្រព និងអង្គុយមើលក្នុងទីដែលគេរៀបចំទុកនោះ បានរីករាយក្នុងរឿងដែលនាំឱ្យរីករាយ តក់ស្លុតក្នុងរឿងដែលគួឱ្យតក់ស្លុត បានឱ្យរង្វាន់ក្នុងពេលដែលគួឱ្យ អ្នកទាំងពីរនោះទៅមើលមហោស្រពដូច្នេះ ជារៀងរាល់ឆ្នាំ ។
ថ្ងៃមួយឧបតិស្សៈ និងកោលិតៈនោះ បបួលគ្នាទៅមើលមហោស្រពតាមប្រក្រតីដូចឆ្នាំមុន តែឆ្នាំនេះ មិនមានសេចក្តីរីករាយដូចក្នុងឆ្នាំមុនៗ និងដល់ពេលត្រូឱ្យរង្វាន់ ក៏មិនឱ្យរង្វាន់ដូចកាលកន្លងមក ទៅជាសោះអង្គើយវិញ ព្រោះបារមីញាណចាស់ក្លាហើយ សេចក្តីស្លាប់បានប្រាកដច្បាស់ដល់ ឧបតិស្សៈ អាការដូច្នេះបានកើតឡើងដល់កោលិតៈដែរ កាលមហោស្រពចប់ ឯអ្នកទស្សនាត្រឡប់ទៅអស់ហើយ កោលិតៈសួរឡើងថា ឧបតិស្សៈ ឆ្នាំនេះសម្លាញ់មិនសប្បាយដូចឆ្នាំមុនៗ យើងមើលទៅអ្នកដូចជាមានសេចក្តីក្រៀមក្រំចិត្ត តើសម្លាញ់មានរឿងអ្វីឬ? កោលិតៈសម្លាញ់ អ្វីដែលយើងគួរមើលក្នុងល្បែងនេះមានសារៈឬ ព្រោះតួអ្នកសម្តែងទាំងអស់នេះមិនដល់ ១០០ ឆ្នាំផង ក៏នឹងស្លាប់បាត់បង់ទៅទាំងអស់ មិនមាននរណាសល់ ។
ដំណើរស្វែងរកមោក្ខធម៌
[កែប្រែ]ការមើលមហោស្រពដូច្នេះគ្មានប្រយោជន៍អ្វីឡើយគួរយើងស្វែងរកមោក្ខធម៌ គឺធម៌រួចផុតចាកកើតចាស់ឈឺស្លាប់ល្អជាង យើងអង្គុយគិតដូច្នេះ ហើយលោកក៏សួរទៅកោលិតៈវិញថា ចំណែកសម្លាញ់ឯងមានគំនិតយ៉ាងណាដែរ? កោលិតៈឆ្លើយថា ឧបតិស្សៈ យើងក៏គិតដូចឯងដែរ ។ ខណៈនោះឧបតិស្សៈ ដឹងថាកោលិតៈមានអធ្យាស្រ័យដូចខ្លួន ទើបពោលឡើងថា គំនិតរបស់យើងទាំងពីរ ជាគំនិតត្រឹមត្រូវហើយ យើងទាំងពីរនឹងស្វះស្វែងរកមោក្ខធម៌ ។ កាលណោះឧបតិស្សៈ និងកោលិតៈ ព្រមដោយបរិវារក្នុងម្នាក់២៥០ សម្រេចចិត្តថានឹងចេញបួស ។ កោលិតៈសួរថា ពួកយើងបួសក្នុងសម្នាក់អ្នកណាទៅហ្ន៎ទើបល្អ ឧបតិស្សៈតបថា ពួកយើងគួរបួសក្នុងសម្នាក់សញ្ជ័យ ។
ក្នុងសម្នាក់សញ្ជ័យ
[កែប្រែ]គ្រានោះសញ្ជ័យ តាំងសម្នាក់នៅក្បែរក្រុងរាជគ្រឹះ មានជាបរិវារយ៉ាងច្រើន ចាត់ជាសម្នាក់ដែលមានឈ្មោះបោះសម្លេងមួយ ក្នុងយុគសម័យនោះ កាលឧបតិស្សៈ និង កោលិតៈ ព្រមព្រៀងគ្នាថា នឹងបួសក្នុងសម្នាក់របស់សញ្ជ័យហើយ ក៏នាំគ្នាទៅបួសព្រមដោយបរិវាររបស់ខ្លួន ៥០០ នាក់ ។ ចាប់ផ្តើមពីអ្នកទាំងពីរនោះ បួសជាហើយ សញ្ជ័យបានក្លាយជាអ្នកមានលាភយសយ៉ាងលើសលប់ ។ ឧបតិស្សៈ និង កោលិតបានរៀនលទ្ធិរបស់អាចារ្យសញ្ជ័យចប់អស់ ក្នុងពេលមិនបានប៉ុន្មានថ្ងៃផង អាចារ្យសញ្ជ័យឱ្យជួយបង្រៀនសិស្សបន្ត ។
តមកអ្នកទាំងពីរបានសួរអាចារ្យសញ្ជ័យថា ៖
- "បពិត្រលោកអាចារ្យ លទ្ធិរបស់លោកអាចារ្យមានត្រឹមប៉ុណ្ណឹង ឬក៏នៅមានក្រៃលែងជាងនេះទៀត?"
អាចារ្យសញ្ជ័យឆ្លើយថា ៖
- មានត្រឹមប៉ុណ្ណេះឯង លទ្ធិរបស់ខ្ញុំទាំងអស់ ពួកអ្នកបានរៀនចប់អស់ហើយ ។
ឧបតិស្សៈ និង កោលិតស្តាប់ពាក្យតបនោះហើយ ទើបគិតថាកាលបើដូច្នេះ ការប្រព្រឹត្តិព្រហ្មចរិយាក្នុងសម្នាក់អាចារ្យសញ្ជ័យនេះតទៅទៀត ក៏គ្មានប្រយោជន៍អ្វី ។ ពួកយើងចេញមកបួសដើម្បីស្វែងរកមោក្ខធម៌ ជាធម៌រួចផុតចាកកិលេស ។ បើពួកយើងមិនអាចធ្វើឱ្យសម្រេចបានក្នុងសម្នាក់អាចារ្យនេះទេ ជម្ពូទ្វីបធំណាស់ ពួកយើងនឹងត្រាច់ទៅតាមស្រុកនិគមគង់នឹងបានជួបអាចារ្យណាមួយដែលអាចសម្តែងធម៌ ជាគ្រឿងផុតចាកកិលេសពុំខាន ។ អ្នកទាំងពីរបានតាំងកតិកានឹងគ្នាថា បើអ្នកណាបានសម្រេចអមតធម៌មុន អ្នកនោះចូរប្រាប់ម្នាក់ទៀតឱ្យដឹងផង ។ កន្លងមក ឱ្យតែអ្នកទាំងពីរបានដឹងថាមានសមណព្រាហ្មណ៍ ជាបណ្ឌិតក្នុងទីណាៗ ឧបតិស្សៈ និង កោលិតនាំគ្នាទៅកាន់ទីនោះ ។
មនុស្សទាំងឡាយមិនអាចឆ្លើយបញ្ហាដែលអ្នកទាំងពីរនោះបានសួរ បែរជាបរិពាជកទាំងពីរនោះត្រូវឆ្លើយបញ្ហាឱ្យមនុស្សទាំងនោះស្តាប់វិញ ។ អ្នកទាំងពីរបានត្រាច់ទៅពេញជម្ពូទ្វីប ហើយត្រឡប់មកកាន់សម្នាក់របស់ខ្លួនវិញ ។
ក្នុងសម្នាក់ព្រះបរមសាស្តា
[កែប្រែ]ក្នុងសម័យនោះ ព្រះបរមសាស្តាត្រាស់ដឹងឡើងថ្មីៗ ។ ទ្រង់ប្រកាសព្រះធម៌ដ៏ប្រសើរ ហើយយាងទៅកាន់នគររាជគ្រឹះ ដើម្បីប្រតិស្ឋានព្រះសាសនា ។ ជាដំបូង ទ្រង់បានប្រោសជដិល ៣ នាក់បងប្អូន និង បរិវារ ១០០០ នាក់ ហើយទ្រង់នាំភិក្ខុជដិលទាំងអស់ទៅគង់ក្នុងសួនត្នោតជំទង់ ។ ទ្រង់ទេសនាប្រោសព្រះបាទពិម្ពិសារ ព្រមដោយរាជបរិវារឱ្យតាំងនៅក្នុងសោតាបត្តិផល និង ត្រៃសរណគមន៍ ។ ព្រះរាជាទ្រង់ថ្វាយវេឡុវ័នឧទ្យានជាសង្ឃារាមដំបូងក្នុងព្រះពុទ្ធសាសនានេះ ។ កាលព្រះបរមសាស្តាទ្រង់ទទួលវេឡុវ័នមហាវិហារហើយ ទ្រង់បានប្រថាប់គង់នៅរួមនឹងភិក្ខុជដិលទាំងអស់នោះ ។ ក្នុងគ្រានោះ អស្សជិភិក្ខុជាពួកភិក្ខុបញ្ចវគ្គីយ៍នៅក្នុងគណៈរបស់ព្រះអរហន្តសាវក ៦០ រូបដំបូង បាននិមន្តមកដល់ក្រុងរាជគ្រឹះ ។ ព្រឹកឡើងលោកគ្រងចីវ បីបាត្រ ហើយចូលទៅបិណ្ឌបាតក្នុងក្រុងរាជគ្រឹះ តាំងពីព្រលឹម ។
ព្រឹកនោះឧបតិស្សបរិភោគអាហារព្រឹកហើយ បានទៅកាន់អារាមរបស់ពួក ក៏បានឃើញអស្សជិមានចិត្តជ្រះថ្លា ទើបគិតថា ៖
- បព្វជិតដូច្នេះ យើងមិនធ្លាប់ឃើញឡើយ ។ បុគ្គលណាជាព្រះអរហន្ត ឬជាអ្នកដើរតាមផ្លូវរបស់ព្រះអរហន្ត មាននៅក្នុងលោកនេះ បព្វជិតនេះប្រាកដជាមនុស្សម្នាក់ក្នុងបណ្តាបុគ្គលទាំងនោះ ។ ទោះជាយ៉ាងណា យើងនឹងសួរបព្វជិតនេះឱ្យបានដឹងថា លោកតាំងចិត្តបួសចំពោះអ្នកណា ។ អ្នកណាជាសាស្តារបស់លោក ឬថាលោកពេញចិត្តក្នុងធម៌របស់អ្នកណា ។ តែនឹកឃើញថាពេលនេះមិនសមគួរសួរបញ្ហានឹងបព្វជិតនេះ ព្រោះភិក្ខុនេះកំពុងត្រាច់បិណ្ឌបាត្រក្នុងចន្លោះស្រុក ។ តែណ្ហើយចុះ យើងនឹងដើរជាប់តាមក្រោយបព្វជិតនេះទៅដើម្បីនឹងសួរក្នុងឱកាសសមគួរ ។
ឧបតិស្ស ឃើញព្រះអស្សជិនិមន្តបិណ្ឌបាត្រក្នុងក្រុងរាជគ្រឹះ កាលបានចង្ហាន់ហើយក៏ត្រឡប់ចេញទៅដើម្បីរកកន្លែងឆាន់ ។ លុះជ្រាបថាលោកប្រាថ្នានឹងគង់ឆាន់ ក៏ក្រាលអាសនៈរបស់ខ្លួនប្រគេន ។ ក្នុងវេលាព្រះថេរៈឆាន់ហើយ ក៏ប្រគេនទឹកក្នុងល័ក្កចាន់របស់ខ្លួនទៀត ។ កាលធ្វើអាចរិយវត្តដូច្នេះហើយ ទើបប្រាស្រ័យដោយពាក្យពេចន៍យ៉ាងពីរោះនឹងព្រះអស្សជិ បានសួរថាលោកម្ចាស់ឥន្ទ្រីយ៍របស់លោកផូរផង់ក្រៃលែង ពណ៌សម្បុរក៏បរិសុទ្ធ ។ លោកតាំងចិត្តបួសចំពោះអ្នកណា? អ្នកណាជាសាស្តារបស់លោក? លោកពេញចិត្តក្នុងធម៌របស់អ្នកណា? ព្រះអស្សជិឆ្លើយថាមានព្រះមហាសមណៈ ជាបុត្តសក្យរាជចេញចាកសក្យត្រកូលបួសហើយ យើងតាំងចិត្តបួសចំពោះព្រះមានព្រះភាគនោះ ។ ព្រះមានព្រះភាគនោះជាសាស្តារបស់យើងៗពេញចិត្តក្នុងធម៌របស់ព្រះមានព្រះភាគនោះ ។
ឧបតិស្សសួរដោយការចាប់អារម្មណ៍យ៉ាងខ្លាំងថា ៖ "ព្រះសាស្តារបស់លោកមានប្រក្រតីប្រៀនប្រដៅយ៉ាងណា?"
អស្សជិភិក្ខុពិចារណាមើលថា ៖ "ជាប្រក្រតី ពួករមែងជាបដិបក្សចំពោះព្រះពុទ្ធសាសនា ។ យើងនឹងសម្តែងជម្រៅព្រះពុទ្ធសាសនាដល់នេះ ។ គិតដូច្នេះហើយ អស្សជិក៏ប្រកាសខ្លួនថា ៖ "យើងជាអ្នកបួសថ្មី ទើបមកកាន់ធម្មវិន័យនេះថ្មី យើងមិនអាចសម្តែងធម៌ឱ្យពិស្តារបានទេ ។ តែយើងនឹងសម្តែងចំពោះតែខ្លឹមសារប៉ុណ្ណោះ ។
ឧបតិស្សៈគិតថា ៖ "យើងឈ្មោះថាឧបតិស្ស ជាអ្នកអាចដឹងច្បាស់នូវធម៌តិច ឬច្រើនបានដោយន័យទាំងរយ ទាំងពាន់ ។ គិតដូច្នេះហើយពោលថា ៖ "លោកម្ចាស់ សម្តែងច្រើនតិចក៏ដោយចុះ សូមសម្តែងចំពោះតែខ្លឹមសារដែលមានប្រយោជន៍ប៉ុណ្ណោះ ។ ខ្ញុំត្រូវការខ្លឹមសារជាសំខាន់ ។ ការសម្តែងព្យញ្ជនៈច្រីន ឬពាក្យនិយាយច្រើនមានប្រយោជន៍អ្វីទៅ ។
កាលឧបតិស្សពោលយ៉ាងនេះ ទើបព្រះអស្សជិពោលគាថាមួយថា ៖
"យេ ធម្មា ហេតុប្បភវា តេសំ ហេតុំ តថាគតោ (អាហ) តេសញ្ច យោ និរោធោ ឯវំ វាទី មហាសមណោតិ " ។
(ប្រែ) "ធម៌ទាំងឡាយណា គឺ ខន្ធ ៥ តែងកើតអំពីហេតុ ព្រះតថាគតពោលនូវហេតុនៃធម៌ទាំងឡាយនោះ ម្យ៉ាងទៀត សេចក្ដីរលត់ និងឧបាយជាគ្រឿងរលត់នូវធម៌ទាំងឡាយណា ព្រះតថាគតពោលនូវសេចក្ដីរលត់ និងឧបាយជាគ្រឿងរលត់នៃធម៌ទាំងឡាយនោះ ព្រះមហាសមណៈមានប្រក្រតីពោលពាក្យយ៉ាងនេះ" ។
ឧបតិស្សៈ បានស្តាប់ធម្មកថានេះត្រឹមតែ ២ បាទដំបូងប៉ុណ្ណោះ ក៏តាំងនៅក្នុងសោតាបត្តិផល ដែលបរិបូណ៌ដោយពាន់ន័យ លុះចប់ទេសនាលោកក៏បានជាសោតាបន្ន គឺជាព្រះអរិយបុគ្ពលថ្នាក់ដំបូងក្នុងព្រះពុទ្ធសាសនា ។ ក្នុងដីកាថា លុះឧបតិស្សៈ បានសម្រេចជាព្រះសោតាបន្នហើយ ក៏កំណត់ដឹងបានថា គុណវិសេសថ្នាក់ខ្ពស់ជាងនេះនឹងនៅមានតទៅទៀត ក្នុងធម្មវិន័យនេះពិត ទើបក្រាបទូលព្រះថេរៈថា សូមលោកកុំសម្តែងធម៌ឱ្យក្រៃលែងជាងនេះទៅឡើយ ចូរផ្អាកត្រឹមប៉ុណ្ណេះសិនចុះ ហើយសួរថា ព្រះសាស្តារបស់យើងទ្រង់គង់នៅទីណា?
ព្រះថេរៈ ឆ្លើយថា ព្រះសាស្តាគង់នៅក្នុងវេឡុវ័នមហាវិហារ ។ បពិត្រលោកម្ចាស់ បើដូច្នោះលោកនិមន្តទៅមុនចុះ ខ្ញុំមានសម្លាញ់ម្នាក់ដោយយើងទាំងពីរ បានធ្វើកតិកានឹងគ្នាថា អ្នកណាបានសម្រេចអមតធម៌មុន អ្នកនោះត្រូវប្រាប់ឱ្យម្នាក់ទៀតដឹងផង ។ ខ្ញុំនឹងទៅដោះការប្តេជ្ញានោះសិន ទើបនាំសម្លាញ់ទៅកាន់សម្នាក់ព្រះសាស្តា តាមក្រោយ ។ ឧបតិស្សៈពោលហើយ ក្រាបចុះទាបបាទាទាំងពីររបស់អស្សជិ ដោយបញ្ចង្គប្រតិស្ឋាន និងធ្វើប្រទក្សិណ ៣ ជុំ ហើយក៏បញ្ជូនព្រះថេរៈទៅ ឯខ្លួនឯងឆ្ពោះមុខទៅកាន់សម្នាក់របស់កោលិតៈ ។ រីឯកោលិតឃើញឧបតិស្សមកពីចម្ងាយ សង្កេតដឹងថា ថ្ងៃនេះទឹកមុខសម្លាញ់របស់យើងមិនដូចថ្ងៃមុនៗ គេពិតជានបានសម្រេចអមតធម៌ហើយមើលទៅ ។ លុះឧបតិស្សៈចូលមកជិតសួរថា សម្លាញ់បានសម្រេចអមតធម៌ហើយឬ? ឧបតិស្សៈឆ្លើយថា មែនហើយសម្លាញ់យើងបានសម្រេចអមតធម៌ហើយ និងបានរៀបរាប់រឿងដែលបានជួបព្រះអស្សជិ ឱ្យកោលិតស្តាប់រហូតដល់ចប់គាថានោះម្តងទៀត ។
កោលិតស្តាប់ចប់ ក៏បានតាំងនៅក្នុងសោតាបត្តិផលដូចឧបតិស្សដែរ ហើយសួរឧបតិស្សៈថា ខណៈនេះព្រះសាស្តារបស់ពួកយើងនៅទីណា ឧបតិស្សៈប្រាប់ថា អស្សជិជាអាចារ្យរបស់យើងប្រាប់ថា នៅវត្តវេឡុវ័ន ។ បើដូច្នោះ យើងនាំគ្នាទៅគាល់ព្រះសាស្តាទៅសម្លាញ់ កោលិតៈបបួលដូច្នេះភ្លាម ឯឧបតិស្សៈនិយាយថា សម្លាញ់អើយ យើងទាំងពីរបានសម្រេចអមតធម៌ហើយ យើងគួរប្រាប់ដល់អាចារ្យសញ្ជ័យសិន ដើម្បីឱ្យអាចារ្យសញ្ជ័យបានត្រាស់ដឹងផង តែបើមិនបានត្រាស់ដឹង កាលអាចារ្យសញ្ជ័យជឿពួកយើង គង់នឹងទៅគាល់ព្រះសាស្តា បានស្តាប់ធម្មទេសនារបស់ព្រះពុទ្ធ ហើយនឹងបានសម្រេចមគ្គផលដែរ ។
លំដាប់នោះអ្នកទាំងពីរនាំគ្នាទៅកាន់សម្នាក់អាចារ្យសញ្ជ័យ លុះអាចារ្យសញ្ជ័យឃើញ បានសួរឡើងជាមុនថា
អាចារ្យៈ ៖ តើពួកអ្នកបានជួបអ្នកសម្តែងអមតធម៌ហើយឬ?
សិស្ស ៖ អ្នកទាំងពីរឆ្លើយថា បានជួបហើយលោកអាចារ្យ និងបានប្រាប់នូវការកើតឡើងនៃព្រះរតនត្រ័យថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ព្រះធម៌កើតឡើងហើយក្នុងលោក ព្រះសង្ឃកើតឡើងហើយក្នុងលោក អញ្ជើញមកចុះលោកអាចារ្យ ពួកយើងនាំគ្នាទៅគាល់ព្រះសាស្តាជាមួយគ្នា ។
អាចារ្យៈ ៖ ពួកអ្នកកុំទៅអំពីទីនេះឡើយ ពួកអ្នកចូរនៅក្នុងទីនេះដើម្បីរក្សាសម្នាក់បដិបត្តិយើងតទៅទៀត យើងមិនអាចទៅណាបានទេ ។
សិស្ស ៖ ហេតុអ្វីទើបលោកអាចារ្យមិនទៅគាល់ព្រះសាស្តា?
អាចារ្យៈ ៖ ព្រោះយើងជាអាចារ្យរបស់មហាជនទៅហើយ ភាពជាសិស្សរបស់ព្រះសាស្តានោះ រមែងដូចជាក្រពើធំក្នុងអាងទឹកតូច យើងមិនអាចជាសិស្សរបស់អ្នកដទៃបានទេ ។
សិស្ស ៖ អ្នកទាំងពីរអង្វរករថា សូមលោកអាចារ្យកុំគិតដូច្នោះឡើយ ពួកយើងនាំគ្នាទៅគាល់ព្រះសាស្តាល្អជាង ។
អាចារ្យ ៖ ណ្ហើយចុះអ្នក ដោយហេតុផលណាក៏ដោយ យើងមិនអាចទៅបានទេ ។
សិស្ស ៖ លោកអាចារ្យ ចាប់តាំងពីព្រះពុទ្ធឧប្បត្តិឡើងក្នុងលោកហើយ មហាជននាំគ្នាកាន់ គ្រឿងសក្ការៈ មានផ្កាជាដើម ទៅបូជា សូម្បីពួកខ្ញុំក៏នឹងនាំគ្នាទៅទីនោះដែរ តើលោកអាចារ្យគិតយ៉ាងណា?
អាចារ្យ ៖ ក្នុងលោកនេះមានមនុស្សល្ងង់ច្រើន ឬមានមនុស្សឆ្លាតច្រើន?
សិស្ស ៖ មនុស្សល្ងង់មានច្រើន ចំណែកមនុស្សឆ្លាតមានតិចណាស់លោកអាចារ្យ ។
អាចារ្យ ៖ បើដូច្នោះពួកមនុស្សឆ្លាតៗ ចូរទៅរកព្រះសមណគោតមចុះ ចំណែកពួកមនុស្សល្ងង់ នឹងមករកយើង តែយើង មិនអាចទៅបានទេ ។ អាចារ្យសញ្ជ័យពោលដោយសេចក្តីតូចចិត្ត ព្រោះពិចារណាឃើញថា ទាំងពីរនឹងមិននៅក្នុងសម្នាក់នេះតទៅទៀតតាមពាក្យរបស់ខ្លួន ទើបអនុញ្ញាតថា ពួកអ្នកចូរនាំគ្នាទៅចុះ ។ កាលឧបតិស្សៈ និងកោលិតៈមិនអាចពន្យល់អាចារ្យសញ្ជ័យយល់ដោយហេតុផលផ្សេងៗតាមដែលណែនាំរបស់ខ្លួនបាន ទើបនាំគ្នាលាអាចារ្យហើយពោលថា លោកអាចារ្យនឹងដឹងហេតុផលដោយខ្លួនឯង ។ មុនចេញចាកសម្នាក់បាននាំគ្នាទៅលា ៥០០ នាក់ ដែលជាបរិវាររបស់ខ្លួន ដោយប្រាប់ឱ្យដឹងថានឹងទៅប្រព្រឹត្តព្រហ្មចរិយធម៌ក្នុងសម្នាក់ព្រះមានព្រះភាគ ឯបរិវារ ២៥០ នាក់ ជាប់តាមទៅ រីឯ ២៥០ នាក់ទៀតបានលាភេទទៅជាគ្រហស្ថ ។
ឯសញ្ជ័យ មើលឃើញអារាមស្ងាត់សូន្យ មានការឈឺចិត្តរហូតដល់ក្អួតឈាម ។ ឧបតិស្សៈ និងកោលិតព្រមទាំងបរិវារ ២៥០ នាក់ នាំគ្នាទៅកាន់វត្តវេឡុវ័ន ។ ក្នុងពេលនោះព្រះសាស្តាកំពុងគង់សម្តែងធម៌ក្នុងជំនុំបរិស័ទ ៤ ទ្រង់ជ្រាបហេតុការណ៍ ដែលកើតឡើងទាំងអស់ដោយព្រះញាណ ទើបត្រាស់ប្រាប់ភិក្ខុទាំងឡាយថា នោះហ្ន៎ សម្លាញ់ទាំងពីរគឺ ឧបតិស្សៈ និងកោលិតៈ កំពុងមករកតថាគត នុ៎ះឯង ជាគូសាវកដ៏ប្រសើររបស់តថាគត នឹងជាអគ្គសាវកដ៏កំពូលរបស់តថាគត ។
សុំបព្វជ្ជា
[កែប្រែ]ទាំងពីរនាំបរិវារទាំងអស់ចូលថ្វាយបង្គំគាល់ហើយ អង្គុយក្នុងទីដ៏សមគួរមួយ លុះអង្គុយចុះហើយ ក៏ក្រាបទូលថា បពិត្រព្រះមានព្រះភាគ សូមឱ្យខ្ញុំព្រះអង្គទាំងឡាយបានបព្វជ្ជាឧបសម្បទាក្នុងសម្នាក់ព្រះមានព្រះភាគផងចុះ ។ព្រះមានព្រះភាគត្រាស់ថា អ្នកចូរមកជាភិក្ខុចុះ ធម៌ដែលតថាគតបានសម្តែងល្អហើយ អ្នកទាំងឡាយចូរប្រព្រឹត្តព្រហ្មចរិយៈ ដើម្បីធ្វើនូវទីបំផុតទុក្ខដោយប្រពៃចុះ ។ ការបួសដូច្នេះហៅថា ឯហិភិក្ខុឧបសម្បទា ដោយមានព្រះមានព្រះភាគជាឧបជ្ឈាយ៍ ប្រទានការបួសដោយព្រះអង្គឯង ។ កាលព្រះមានព្រះភាគត្រាស់អនុញ្ញាត ដល់ទាំងនោះឱ្យជាភិក្ខុហើយ ភិក្ខុទាំងអស់នោះមានបាត្រ និងចីវរសំរេចហើយដោយឫទ្ធិមកពាក់រាងកាយ មើលទៅដូចព្រះថេរៈមានវស្សា ៦០ ដូច្នោះ ។
លំដាប់តមក ទើបព្រះមានព្រះភាគប្រោសប្រទានព្រះធម៌ទេសនា ឱ្យត្រូវនឹងអធ្យាស្រ័យនៃបរិវាររបស់ភិក្ខុទាំងពីរនោះ ភិក្ខុទាំងអស់បានសម្រេចធម៌ជាន់ខ្ពស់ក្នុងព្រះពុទ្ធសាសនា ជាព្រះអរហន្តទាំងអស់ វៀរតែឧបតិស្សៈ និងកោលិតៈចេញ ដែលមិនទាន់បានសម្រេចជាព្រះអរហន្ត ។ ព្រះឧបតិស្សៈ និង កោលិតៈ កាលបួសហើយឈ្មោះឧបតិស្សៈបានប្តូរជាព្រះសារីបុត្ត រីឯកោលិតៈបានដូរជាមហាមោគ្គល្លាន ហើយឈ្មោះដើមរបស់លោកទាំងពីរក៏រលុបបាត់ទៅ ដោយមិនមាននរណាហៅទៀតឡើយ ។ រាប់ពីថ្ងៃបួសហើយ ៧ ថ្ងៃ ព្រះមហាមោគ្គល្លានបានសម្រេចអរហត្តផល ចំណែកព្រះសារីបុត្តបួសហើយកន្លង ១៥ថ្ងៃ ទើបបានសម្រេចព្រះអរហត្តផល នៅនាល្អាងសុករខាតា ភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ។
សម្រេចព្រះអរហត្តផល
[កែប្រែ]ក្នុងទីឃនខសូត្រ គម្ពីរមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកសម្តែងថា កាលព្រះសារីបុត្តបួសហើយបាន ១៥ថ្ងៃ ក្នុងថ្ងៃមួយព្រះបរមសាស្តាគង់នៅ ល្អាងសុករខាតាភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ មានម្នាក់ឈ្មោះ ទីឃនខអគ្គិវេស្សនគោត្ត ជាក្មួយរបស់ព្រះសារីបុត្ត ចូលទៅគាល់ព្រះសាស្តា ពោលវាចារាក់ទាក់នឹងព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរមួយ ទើបក្រាបទូលនូវការយល់ឃើញរបស់ខ្លួនថា បពិត្រព្រះគោតម ខ្ញុំមានការយល់ថា វត្ថុទាំងពួងមិនគួរដល់ខ្ញុំៗមិនពេញចិត្តទាំងអស់ ។ ព្រះបរមសាស្តាត្រាស់ថា ម្នាល អគ្គិវេស្សនៈ បើដូច្នោះ ការយល់យ៉ាងនោះ ក៏មិនគួរដល់អ្នកដែរ អ្នកមិនគួរគាប់ចិត្តនឹងការយល់ដូច្នោះទេ ។ លុះត្រាស់ដូច្នេះហើយ ទើបទ្រង់សម្តែងទិដ្ឋិរបស់សមណព្រាហ្មណ៍ ៣ ពួកថា ម្នាលអគ្គិវេស្សនៈ សមណព្រាហ្មណ៍ពួកមួយមានទិដ្ឋិថា វត្ថុទាំងពួងគួរដល់យើងៗគាប់ចិត្តគ្រប់យ៉ាង ។ ពួកមួយទៀតមានទិដ្ឋិថា វត្ថុទាំងពួងមិនគួរដល់យើងៗមិនគាប់ចិត្តគ្រប់យ៉ាង និងមួយពួកទៀតយល់ថា វត្ថុខ្លះគួរដល់យើងៗ គាប់ចិត្តវត្ថុខ្លះមិនគួរដល់យើងៗមិនគាប់ចិត្ត ទាំងទ្រង់បង្ហាញឱ្យឃើញទោស ឧបាយជាគ្រឿងលះបង់ទិដ្ឋិនោះៗ និងឧបាយជាគ្រឿងមិនប្រកាន់មាំតទៅ ហើយព្រះសាស្តាទ្រង់សម្តែងព្រះធម្មទេសនា ឈ្មោះ វេទនាបរិគ្គហសូត្រ ដោយត្រាស់ថា ម្នាលអគ្គិវេស្សនៈ វេទនាមាន ៣ ប្រការ គឺ សុខវេទនា, ទុក្ខវេទនា និង អទុក្ខមសុខវេទនា ។ កាលណាបុគ្គលបានទទួលសុខវេទនា មានការសោយអារម្មណ៍ជាសុខ ក្នុងកាលនោះមិនមានទទួលវេទនា ២ ដទៃទៀត ។
ក្នុងកាលណាបុគ្គលបានទទួលទុក្ខវេទនា គឺមានការសោយអារម្មណ៍ជាទុក្ខ ឬអទុក្ខមសុខវេទនា គឺមានការសោយអារម្មណ៍មិនសុខមិនទុក្ខ ក្នុងកាលនោះ ក៏មិនបានទទួលវេទនា ២ដទៃទៀត ។ វេទនាទាំង៣ប្រការនេះ សុទ្ធតែមិនទៀង កើតពីបច្ច័យ ត្រូវបច្ច័យតាក់តែង មានការអស់ទៅសូន្យទៅ វិនាសទៅ រលត់ទៅជាធម្មតា ។ ម្នាលអគ្គិវេស្សនៈ កាលព្រះអរិយសាវគ្គបានស្តាប់ដូច្នេះហើយ រមែងនឿយណាយក្នុងវេទនាទាំង ៣ នេះ ។ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក កាលបើប្រាសចាកតម្រេក ក៏រួចផុត កាលបើរួចផុត ក៏ដឹងច្បាស់ថា ចិត្តផុតចាកកិលេសហើយ ដឹងថាជាតិអស់ហើយ ព្រហ្មចរិយៈចប់ហើយ កិច្ចណាគួរធ្វើក៏បានធ្វើចប់ហើយ មិនមានកិច្ចដទៃដែលគួរធ្វើទៀតឡើយ ។ អ្នកដែលមានចិត្តផុតចាកកិលេសហើយយ៉ាងនេះ រមែងមិននិយាយផ្សំអែបនឹងអ្នកណា មិននិយាយទទឹងទាស់នឹងអ្នកណា វាចាណាដែលគេនិយាយ គេប្រើដើម្បីឱ្យស្តាប់គ្នាបានក្នុងលោក ក៏ពោលតាមពាក្យនោះ ។
កាលទីឃនខ បញ្ជូនចិត្តទៅតាមក្រសែព្រះធម៌ ក៏បានសម្រេចជា ព្រះសោតាបន្ន ផ្តាច់ទិដ្ឋានុស័យដាច់ស្រឡះ អស់សេចក្តីសង្ស័យក្នុងព្រះពុទ្ធសាសនា ហើយថ្វាយខ្លួនជាឧបាសក ចំពោះព្រះភក្ត្រព្រះពុទ្ធអង្គ ។ ក្នុងគ្រានោះ ព្រះសារីបុត្តអង្គុយបក់ផ្លិតថ្វាយ នៅខាងក្រោយព្រះបរមសាស្តា បានស្តាប់ព្រះធម្មទេសនា ដែលសម្តែងឱ្យទីឃនខអគ្គិវេស្សនៈនោះ ក៏ពិចារណាតាមខ្សែព្រះធម៌ទៅ ចិត្តបានរួចផុតចាកអាសវៈ មិនមានឧបាទាន ដល់ទីបំផុតនៃសាវកបារមីញាណ ដូចបុគ្គលបរិភោគអាហារ ដែលគេដួសសម្រាប់អ្នកដទៃដូច្នោះ ។ ក្នុងអដ្ឋកថា ធម្មបទ យមកវគ្គមានសម្តែងថា តើព្រះសារីបុត្តជាអ្នកមានបញ្ញាច្រើនពិតមែនឬ ហេតុអ្វីទើបដល់សាវកបារមីញាណយឺតយូរជាងព្រះមហាមោគ្គល្លាន?
មានចម្លើយថា ព្រោះជាអ្នកច្រើនដោយបរិកម្ម (ការពិចារណា) ប្រៀបបាននឹងមនុស្សទុគ៌ត ត្រូវការទៅណាអាចទៅបានភ្លាម ចំណែកព្រះរាជា ត្រូវការយាងទៅណា លុះតែមានក្បួនហែហម គឺមានការរៀបចំយូរ ត្រូវត្រៀមរាជពាហនៈដំរី និងចតុរង្គសេនាជាដើម យ៉ាងណាមិញ សេចក្តីនេះក៏ដូច្នោះដែរ ។
តំណែងជាអគ្គសាវកស្តាំ
[កែប្រែ]ថ្ងៃសំរេចគុណវិសេស របស់ព្រះធម្មសេនាបតីសារីបុត្ត ត្រូវនឹងថ្ងៃពេញបូរមីខែមាឃ ព្រះបរមសាស្តាទ្រង់ធ្វើ ចតុរង្គសន្និបាតក្នុងវត្តវេឡុវ័នក្រុងរាជគ្រឹះ ហើយប្រទានតំណែង អគ្គសាវកស្តាំឱ្យព្រះសារីបុត្ត និងអគ្គសាវកឆ្វេងឱ្យដល់ព្រះមោគ្គល្លាន ។
ការដែលព្រះបរមសាស្តាប្រទានតំណែងអគ្គសាវក ដល់ព្រះថេរៈទាំងពីរនោះ មានភិក្ខុជាច្រើនចោទព្រះអង្គថា ទ្រង់ប្រទានតំណែងដោយយល់មុខ ព្រោះថាតាមដែលគួរ ទ្រង់គួរប្រទានតំណែងអគ្គសាវកដល់បញ្ចវគ្គីយ៏ ដែលបួសមុន បើមិនមែនបញ្ចវគ្គីយ៏ ក៏គួរប្រទានដល់ភិក្ខុ ៥៥រូប មានព្រះយសជាប្រធាន ឬក៏ដល់ពួកភទ្ទវគ្គិយភិក្ខុ៣០ ឬក៏ដល់ភិក្ខុ៣នាក់បងប្អូន មានឧរុវេលកស្សបៈជាដើម តែព្រះសាស្តាទ្រង់រំលងភិក្ខុទាំងនោះចោលអស់ បែរជាប្រទាន ដំណែងអគ្គសាវកដល់ភិក្ខុដែលបួសក្រោយភិក្ខុទាំងនោះវិញ ដោយយល់ដល់មុខ ។ ព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកសន្ទនារឿងអ្វី? កាលពួកភិក្ខុក្រាបទូលឱ្យទ្រង់ជ្រាបហើយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានឱ្យតំណែងដល់ពួកភិក្ខុ ព្រោះយល់មុខឡើយ តថាគតឱ្យតាមបំណងដែល ភិក្ខុនោះបានប្រាថ្នាមកផ្សេងៗគ្នា ដូចជា អញ្ញាកោណ្ឌញ្ញៈធ្វើទានដោយសន្ទូងដ៏ប្រណីត៩លើក ក្នុងអតីតជាតិ ក៏មិនបានប្រាថ្នាជាអគ្គសាវកទេ តែបានប្រាថ្នា ដើម្បីឱ្យបានសម្រេចជាព្រះអរិយៈមុនបុគ្គលទាំងពួង និងជាកំពូលខាងរត្តញ្ញូ បួសមុនគេ ព្រះយសព្រមដោយសម្លាញ់ ៥៥នាក់ទៀត ធ្វើបុណ្យជាច្រើនក្នុងសម្នាក់ ព្រះសុមេធ ហើយប្រាថ្នាត្រឹមតែឱ្យជាព្រះអរហន្តប៉ុណ្ណោះ មិនបាន ប្រាថ្នាតំណែងណាមួយឡើយ ព្រោះធ្លាប់បាននាំគ្នាដុតសព្វ បានអសុភនិមិត្តជា បច្ច័យរឿយៗ នាំឱ្យនឿយណាយក្នុងកាមនៅជាតិនេះ ។
ពួកភទ្ទវគ្គិយភិក្ខុ ៣០ រូប ពីអតីតធ្លាប់រក្សាសីល៥ និងធ្វើកុសលដទៃទៀត ហើយតាំងប្រាថ្នាឱ្យជាព្រះអរហន្តក្នុងសម្នាក់ព្រះពុទ្ធទាំងឡាយ មិន បានប្រាថ្នាតំណែងឯតទគ្គៈណាមួយឡើយ ។ ចំណែកឧរុវេលកស្សបៈ ក្នុងកាលរបស់ព្រះបទុមុត្តរ បានថ្វាយមហាទាន ហើយប្រាថ្នា ឱ្យជាកំពូលអ្នកមានបរិវារច្រើន តែមិនបានប្រាថ្នាតំណែងអគ្គសាវកដូចសារីបុត្ត និងមោគ្គល្លានទេ ។
អតីតជាតិ
[កែប្រែ]ភិក្ខុទាំងឡាយក្រាបទូលសួរព្រះអង្គថា បពិត្រព្រះមានព្រះភាគ តើអគ្គសាវកទាំងពីរ បានធ្វើអ្វីក្នុងកាលណា ព្រះអង្គ? ព្រះមានព្រះភាគត្រាស់ឆ្លើយថា ម្នាលភិក្ខុទាំងឡាយ អគ្គសាវកទាំងពីរបានធ្វើសេចក្តីប្រាថ្នា ដើម្បីជាអគ្គសាវក ក្នុងសម័យកាលនៃអនោមទស្សី ។
ក្នុងគម្ពីរអដ្ឋកថា មនោរថបូរណី អដ្ឋកថាឯតទគ្គ និង អដ្ឋកថា ធម្មបទ យមកវគ្គ ក្នុងរឿងសញ្ជ័យ និងអដ្ឋកថា មនោរថបូរណី ខុទ្ទកនិកាយ អបទាន សម្តែងថា
ក្នុងទីបំផុតមួយអសង្ខេយ្យកប្ប និងមួយសែនមហាកប្បកន្លងមកហើយ ព្រះសារីបុត្ត កើតក្នុងត្រកូលហ្ម្រណ៏មហាសាល មានឈ្មោះថា សរទៈ ឯមហាមោគ្គល្លាន កើតក្នុងត្រកូលគបតីមហាសាល មានឈ្មោះថា សិរីវឌ្ឍៈ ។ អ្នកទាំងពីរនាក់នោះ បានជាសម្លាញ់លេងធូលីរួមគ្នាតាំងពីក្មេង ។ កាលបិតាស្លាប់ហើយ សរទមាណពបានគ្រប់គ្រងទ្រព្យសម្បត្តិជាច្រើន ដែលជាមត៌កប្រចាំត្រកូលត្រូវបានមកខ្លួន ។ ថ្ងៃមួយ ខណៈដែលសរទមាណពនៅក្នុងទីស្ងាត់ មានសេចក្តីត្រិះរិះ កើតឡើងថា យើងដឹងតែអត្តភាពក្នុងលោកនេះប៉ុណ្ណោះ ចំណែកក្នុងអត្តភាពក្នុងបរលោកយើងមិនដឹង សេចក្តីស្លាប់របស់សត្វទាំងឡាយដែលកើតហើយរមែងជារបស់ទៀងទាត់ យើងគួរបួសស្វែងរកធម៌ ជាគ្រឿងផុតទុក្ខ ជាការល្អ ។ គិតដូច្នេះហើយ បានទៅរកសម្លាញ់សិរីវឌ្ឍៈ ប្រាប់ថា នែ៎ សម្លាញ់ យើងនឹងបួសស្វែងរកមោក្ខធម៌ តើសម្លាញ់ទៅបួសជាមួយយើងបានទេ? សិរីវឌ្ឍៈឆ្លើយថា យើងមិនអាចទៅបួសបានទេ ចូរសម្លាញ់បួសម្នាក់ឯងចុះ ។
ចេញបួស
[កែប្រែ]សរទមាណពស្តាប់សិរីវឌ្ឍៈបដិសេធគិតថា អ្នកទៅកាន់លោកខាងមុខ នឹងនាំញាតិមិត្តទៅជាមួយមិនបាន អ្នកធ្វើកម្មណា កម្មនោះនឹងប្រាកដដល់អ្នកនោះ លុះគិតដូច្នេះហើយ ក៏គេបើកជង្រុក និងឃ្លាំងយកអង្ករ ប្រាក់ មាស បរិច្ចាគ ជាមហាទាន ដល់មនុស្សកំព្រា អ្នកធ្វើដំណើរឆ្ងាយ អ្នកសូមទាន ហើយចេញទៅបួស ជាតាបស ដោយមានអ្នកចេញបួសតាមម្តងៗ ២-៣ នាក់ជាញឹកញាប់ រហូតមានចំនួន ៨ម៉ឺន៤ពាន់នាក់ ។ ចំណែកសរទតាបសនោះ ប្រឹងប្រែងបំពេញវត្ត បដិបត្តិរហូតបានសម្រេចសមាបត្តិ ៨ អភិញ្ញា ៥ ហើយបង្រៀនកសិណបរិកម្ម ដល់ពួកអ្នកបួសជាបរិវារទាំងនោះ តមកពួកបរិវារទាំងអស់បានសម្រេចសមាបត្តិ ៨ អភិញ្ញា ៥ ផងដែរ ។
ធ្វើសក្ការបូជាព្រះអនោមទស្សី
[កែប្រែ]ក្នុងកាលណោះ ព្រះអនោមទស្សីទ្រង់ឧបត្តិឡើងក្នុងលោក ព្រះនគររបស់ព្រះអង្ពឈ្មោះថា ចន្ទវតី ព្រះពុទ្ធបិតាជា ព្រះរាជាទ្រង់ព្រះនាមថា ព្រះបាទទយសវន្តៈ ព្រះពុទ្ធមាតា ទ្រង់ព្រះនាមថា ព្រះនាងយសោធរា ដើមឈើ ជាទីត្រាស់ដឹងឈ្មោះថា អង្គ្រង ព្រះអគ្គសាវកខាងស្តាំឈ្មោះ និស្សភ អគ្គសាវកឆ្វេងឈ្មោះ អនោម ភិក្ខុជាឧបដ្ឋាកឈ្មោះ វរុណ អគ្គសាវិកាខាងស្តាំឈ្មោះ សុន្ទរថេរី អគ្គសាវិកាខាងឆ្វេងឈ្មោះ សុមនាថេរី ។
ព្រះជន្មាយុរបស់ព្រះអនោមទស្សីនោះ មានកំណត់មួយសែនឆ្នាំ ព្រះសរីរៈ របស់ព្រះអង្គកំពស់៥៨ហត្ថ ព្រះរស្មីជាប្រចាំផ្សាយទៅចម្ងាយ ១២យោជន៏ ភិក្ខុសង្ឃបរិវារជាប្រចាំមានមួយសែនរូប ។ សម័យថ្ងៃមួយ ពេលព្រះអនោមទស្សី ទ្រង់ចេញចាកមហាករុណាសមាបត្តិក្នុងពេលទៀបភ្លឺហើយ ទ្រង់ប្រមើលមើលសត្វលោក បានឃើញសរទតាបស ទើបទ្រង់ពិចារណាថា បើតថាគត នឹងទៅកាន់សម្នាក់របស់សរទតាបសក្នុងថ្ងៃនេះ នឹងមានមហាធម្មទេសនា សរទតាបសនឹងប្រាថ្នាតំណែងអគ្គសាវក ឯសិរីវឌ្ឍៈ ជាសម្លាញ់របស់សរទតាបសនោះ នឹងប្រាថ្នាតំណែងអគ្គសាវកទី២ ក្នុងពេលចប់ព្រះធម្មទេសនា ជដិល៨ម៉ឺន៤ពាន់នាក់ ជាបរិវាររបស់សរទតាបសនោះ នឹងសម្រេចអរហត្តផលសមគួរតថាគតនឹងទៅក្នុងទីនោះ ។ ទ្រង់ព្រះតម្រិះដូច្នេះហើយ ក៏ទ្រង់កាន់បាត្រ និងចីវររបស់ព្រះអង្គ ដោយមិនបានត្រាស់ប្រាប់ដល់អ្នកណាមួយឡើយ ហើយស្តេចយាងទៅតែមួយព្រះអង្គឯង ដូចស្តេចរាជសីហ៏ ។ កាលពួកកូនសិស្សរបស់សរទតាបសនាំគ្នាទៅស្វែងរកផ្លែឈើតូចធំ ព្រះអនោមទស្សី ទ្រង់អធិដ្ឋានថា សូមឱ្យសរទតាបសចូរស្គល់ថា តថាគតជាព្រះពុទ្ធ ហើយព្រះអង្គចុះចាកអាកាស ក្នុងទីចំពោះមុខរបស់សរទតាបសដែលកំពុងមើល និងទ្រង់ប្រថាប់ឈរ លើ-៤៩ ផែនដី ។
សរទតាបសឃើញព្រះពុទ្ធានុភាព និងព្រះសរីរសម្បត្តិរបស់ព្រះពុទ្ធអង្គ ទើបពិចារណាមើល តាមតម្រាមើលលក្ខណៈ ក៏ដឹងបានថា អ្នកប្រកបដោយ លក្ខណៈ ដ៏លេចធ្លោដូច្នេះ កាលនៅគ្រប់គ្រងផ្ទះនឹងបានជាស្តេចចក្រពត្តិ បើចេញបួស នឹងបានជាសព្វញ្ញូពុទ្ធ មហាបុរសនេះ ប្រាកដជាព្រះពុទ្ធដោយមិនសង្ស័យ ទើបធ្វើការបដិសណ្ឋារៈបានក្រាបថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន និង រៀបចំអាសនៈថ្វាយ ព្រះអនោមទស្សី ក៏ប្រថាប់គង់ ឯសរទតាបសបាន អង្គុយលើអាសនៈដ៏សមគួរដល់ខ្លួន ។ ក្នុងកាលនោះពួកជដិល៨ម៉ឺន៤ពាន់នាក់ បាននាំយកផ្លែឈើតូចធំដែលល្អៗ មានឱជារសត្រឡប់មកដល់អាស្រមឃើញ អាសនៈរបស់ព្រះពុទ្ធ និងអាសនៈអាចារ្យដែលទាបខ្ពស់ខុសគ្នា ទើបនិយាយថា បពិត្រលោកអាចារ្យ ពួកខ្ញុំយល់ថា ក្នុងលោកនេះ អ្នកដែលធំជាងលោកអាចារ្យមិនមាន ចំណែកបុរសនេះ ហាក់ដូចជាធំជាងលោកអាចារ្យ ។ សរទតាបសពោលថា កូនអើយហេតុអី ក៏ពួកអ្នកពោលដូច្នេះ ពួកអ្នកប្រៀបធៀបភ្នំ សិនេរុ ដែលខ្ពស់ ៦ លានយោជន៍ ឱ្យស្មើនឹងគ្រាប់ស្ពៃ ពួកអ្នកកុំប្រៀបខ្ញុំជាមួយ នឹងព្រះពុទ្ធឡើយ ។ ឯពួកតាបសទាំងនោះ មានការយល់ឃើញថា បើអ្នកនេះជាមនុស្សធម្មតា អាចារ្យរបស់ពួកយើងប្រាកដជាមិនប្រៀបធៀបដូច្នេះទេ បុរសនេះ ប្រាកដជាអ្នកទ្រទ្រង់គុណ ដ៏ធំក្រៃលែង ក៏នាំគ្នាថ្វាយបង្គំក្រាបចុះលើផែនដី ។
ក្នុងគ្រានោះ សរទតាបសប្រាប់ថា កូនអើយ ទេយ្យធម៌ ដ៏សមគួរដល់ព្រះពុទ្ធមិនមាន ខណៈនេះ ព្រះជិនស្រី សាស្តាបានយាងមកទីនេះក្នុងពេលភិក្ខុចារ ពួកយើងនឹងប្រគេននូវទេយ្យធម៌តាមមាន តាមបាន ផ្លែឈើតូចធំទាំងឡាយដ៏ប្រណីតដែលពួកអ្នកនាំមកឱ្យដល់ខ្ញុំ ពួកអ្នកចូរនាំផ្លែឈើតូចធំទាំងនោះមក ។ ពោលដូច្នេះហើយ ខ្លួនឯងក៏បានលាងផ្លែឈើទាំងនោះ លុះលាងហើយ ក៏នាំមកដាក់ក្នុងបាត្ររបស់ព្រះអនោមទស្សី ។
កាលព្រះអនោមទស្សី ទ្រង់ទទួលប្រគេន ទេវតាទាំងឡាយបានដាក់ទិព្វឱជាទៅក្នុងបាត្រនោះ សរទតាបស ថ្វាយផ្លែឈើហើយ ក៏និមន្តមកត្រង់ទឹកថ្វាយផ្ទាល់ដៃ កាលព្រះអនោមទស្សីសោយស្រេច សរទតាបស ក៏ហៅពួកអន្តេវាសិកទាំងអស់មកជុំគ្នា បាននាំគ្នាអង្គុយនៅជិតទីប្រថាប់គង់របស់ព្រះអង្គ ក្នុងពេលនោះព្រះអនោមទស្សី ទ្រង់រំពឹងថា អគ្គសាវកទាំងពីរ ចូរមករួមជាមួយនឹងភិក្ខុសង្ឃ ព្រះអគ្គសាវកទាំងពីរដឹងនូវពុទ្ធបំណង ទើបមកព្រមនឹងព្រះខីណាស្រពមួយសែនរូប ចូលថ្វាយបង្គំគាល់ព្រះសាស្តា ហើយឈរគាល់ក្នុងទីដ៏សមគួរដល់ឋានៈរបស់ខ្លួន ។ សរទតាបស ឃើញភិក្ខុសង្ឃមកច្រើន ទើបញ្ជាពួកកូនសិស្សថា អាសនៈប្រថាប់គង់របស់ព្រះពុទ្ធនៅទាប ឯអាសនៈសម្រាប់ភិក្ខុសង្ឃមួយសែនរូប ក៏មិនមាន គួរតែពួកអ្នកធ្វើសក្ការបូជាព្រះពុទ្ធអង្គឱ្យក្រៃលែងជាងនេះ សូមឱ្យពួកអ្នក ទៅនាំផ្កាឈើដែលមានពណ៌ និងក្លិនក្រអូបមកអំពីជើងភ្នំចុះ ។ រយៈពេលដែលនិយាយនោះ ហាក់ដូចជាយឺតជាង ឯវិស័យរបស់អ្នកមានឫទ្ធិទាំងឡាយ រមែងជាអចិន្តេយ្យ គឺមិនគួរគិតដល់ ព្រោះផុតវិស័យរបស់បុថុជ្ជន គឺមនុស្សដែលនៅមានកិលេសក្រាស់ ប្រើពេលត្រឹមតែមួយស្របក់ប៉ុណ្ណោះឯង តាបសទាំងនោះ បាននាំផ្កាឈើ ដែលបរិបូណ៌ដោយពណ៌ និងក្លិន មកប្រដាប់ តាក់តែងជាអាសនៈផ្កាឈើកំពស់១យោជន៏ សម្រាប់ជាទីគង់ប្រថាប់របស់ព្រះពុទ្ធ ចំណែកអាសនៈផ្កា សម្រាប់ព្រះអគ្គសាវកទាំងពីររូបនោះកំពស់បាន៣គាវុត សម្រាប់ព្រះភិក្ខុសង្ឃទាំងឡាយក្រៅពីនោះ២គាវុត សម្រាប់ភិក្ខុថ្មីកំពស់បាន១ឧសកៈ ស្មើ មួយគោរោទ៏ (នេះជារង្វាស់សម័យនោះ) ។
កាលតាបសទាំងនោះរៀបចំអាសនៈស្រេចហើយ សរទតាបសឈរ ប្រណម្យអញ្ជលីឆ្ពោះទៅរកព្រះភក្ត្រព្រះអនោមទស្សី ហើយក្រាបទូលថា បពិត្រព្រះមានព្រះភាគ សូមព្រះអង្គ ទ្រង់និមន្តឡើងប្រថាប់គង់លើអាសនៈផ្កានេះ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ខ្ញុំ ព្រះអង្គទាំងឡាយ អស់កាលជាអង្វែង ។ លុះព្រះអនោមទស្សី ទ្រង់ប្រថាប់គង់ហើយ ព្រះអគ្គសាវកទាំងពីរ និងភិក្ខុសង្ឃទាំងអស់ ក៏ឡើងគង់លើអាសនៈរបស់ខ្លួនតាមលំដាប់វស្សា សរទតាបស បានឈរកាន់ស្វេតច្ឆត្រផ្កា បាំងថ្វាយ ចំពោះព្រះអនោមទស្សីៗទ្រង់ព្រះតម្រិះថា សក្ការនេះរបស់ពួកជដិលចូរមានផលច្រើន ហើយទ្រង់ ចូលនិរោធសមាបត្តិ ចំណែកព្រះអគ្គសាវកទាំងពីររូប និងភិក្ខុសង្ឃទាំងអស់ លុះដឹងថាព្រះបរមសាស្តា ទ្រង់ចូលនិរោធសមាបត្តិហើយ ក៏បានចូលនិរោធសមាបត្តិផងដែរ កាលព្រះអនោមទស្សី ទ្រង់ចូលនិរោធសមាបត្តិរហូត ៧ ថ្ងៃនោះ លុះដល់ពេលភិក្ខាចារ ពួកកូនសិស្សរបស់សរទតាបស ក៏នាំគ្នាចេញទៅរកផ្លែឈើ មើមឈើបរិភោគ រួចត្រឡប់មកឈរប្រណម្យអញ្ជលីថ្វាយបង្គំព្រះពុទ្ធ និងភិក្ខុសង្ឃក្នុងទីនោះ តែសរទតាបសមិនបានចេញភិក្ខាចារឡើយ បាឈរបាំងស្វេតច្ឆត្រ ផ្កាដូច្នោះដោយបីតិ រហូត ៧ ថ្ងៃ ។
ប្រាថ្នាតំណែងជាអគ្គសាវក
[កែប្រែ]កាលគ្រប់ ៧ ថ្ងៃ ព្រះអនោមទស្សី ទ្រង់ចេញចាកនិរោធសមាបត្តិហើយ ត្រាស់ឱ្យនិស្សភអគ្គសាវក ដែលអង្គុយនៅខាងស្តាំ ព្រះអង្គថា ម្នាលនិស្សភៈ អ្នកចូរអនុមោទនាអាសនៈផ្កា របស់ពួកតាបសទាំងនេះ ដែលបានធ្វើការបូជាយ៉ាងក្រៃលែង ។ ព្រះនិស្សភ ត្រេកអរ ដូចជានាយទាហានបានលាភធំពីស្តេចចក្រពត្តិដូច្នោះ លោកតាំងនៅក្នុងសាវកបារមីញាណ ហើយសម្តែងអនុមោទនាអាសនៈផ្កា ក្នុងពេលដែលព្រះនិស្សភៈសម្តែងអនុមោទនាចប់ហើយ ព្រះអនោមទស្សី ត្រាស់ឱ្យអនោមអគ្គសាវកឆ្វេងថា អ្នកចូរសម្តែងធម៌ដល់តាបសទាំងនេះ ព្រះអនោមបានពិចារណាមើលនូវព្រះពុទ្ធវចនៈ ទូទាំងព្រះត្រៃបិដក ហើយទើបសម្តែងធម៌ ឯផលនៃការសម្តែងធម៌របស់អគ្គសាវកទាំងពីររូបនោះ មិនមានតាបសណាម្នាក់ ត្រាស់ដឹងសច្ចធម៌ឡើយ ។ ក្នុងលំដាប់នោះ ព្រះអនោមទស្សីបរមសាស្តាទ្រង់តាំងនៅក្នុងពុទ្ធវិស័យ ប្រមាណមិនបាន ទើបទ្រង់ផ្តើមសម្តែងធម៌ ហើយកាលចប់ព្រះធម្មទេសនា តាបស៨ម៉ឺន៤ពាន់នាក់បានសម្រេចជាព្រះអរហន្តគ្រប់រូប វៀរតែ សរទតាបសម្នាក់ប៉ុណ្ណោះ ព្រះអនោមទស្សី ទ្រង់លាព្រះហស្ថចេញត្រាស់ថា អ្នកទាំងឡាយ ចូរមកជាភិក្ខុចុះ រំពេចនោះសក់ និងពុកចង្ការបស់តាបសទាំងនោះ វិនាសអន្តរធានអស់ទៅ មានបរិក្ខារ ៨ មកពាក់ជាប់នឹងរាងកាយ ហាក់ដូចជាព្រះថេរៈមានវស្សា៦០ហើយ ។ មានពាក្យសួរថា ហេតុអ្វីសរទតាបសមិនបានសម្រេចព្រះអរហត្តផល ឆ្លើយថា ព្រោះថា តាបសជាអ្នកមានចិត្តរាយមាយ ចាប់ផ្តើមតាំងពីស្តាប់ព្រះធម្មទេសនា របស់អគ្គសាវកដែលអង្គុយលើអាសនៈទី២ បន្ទាប់ពីព្រះអនោមទស្សីចុះមក ដែលតាំងនៅក្នុងសាវកបារមីញាណ ហើយសម្តែងធម៌ធ្វើឱ្យគិតថា សូមឱ្យយើងបានទទួលភាវៈ ជាអគ្គសាវកដូចលោកម្ចាស់អង្គនេះបានទទួល ក្នុងសាសនារបស់ព្រះពុទ្ធដែលនឹងឧបត្តិឡើងក្នុងលោកនាអនាគតកាលផងចុះ ។ សរទតាបសរវល់តែបណ្តោយចិត្តឱ្យគិតរាយមាយទៅដូច្នេះ ទើបមិនអាចសម្រេចមគ្គផលជាធម៌ពិសេសបាន លុះចប់ធម្មកថា ក៏ថ្វាយបង្គំព្រះអនោមទស្សីបរមសាស្តា ហើយក្រោកឈរឡើងក្រាបទូលសួរក្នុងទីចំពោះព្រះភក្ត្រថា បពិត្រព្រះមានព្រះភាគ ភិក្ខុគង់នៅលើអាសនៈជាប់នឹងអាសនៈរបស់ព្រះអង្គឈ្មោះអ្វីទៅព្រះអង្គ? ព្រះអង្គត្រាស់ថា ភិក្ខុនេះដល់កំពូលនូវសាវកបារមីញាណជាអ្នកប្រកាសធម្មចក្រតាមដែលតថាគតប្រកាសហើយ ជាអ្នកត្រាស់ដឹង ចាក់ធ្លុះនូវសោឡសបញ្ហាហើយ ជាអគ្គសាវកក្នុងសាសនារបស់តថាគត មានឈ្មោះថា និស្សភ ។
សរទតាបស លុះជ្រាបហើយទើបតាំងប្រាថ្នាថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គបាំងស្វេតច្ឆត្រផ្កាឈើ ថ្វាយព្រះអង្គអស់រយៈ ៧ ថ្ងៃ ដោយអានិសង្សនៃសក្ការនេះ ខ្ញុំព្រះអង្គមិនប្រាថ្នាជាព្រះឥន្ទ្រ ព្រះព្រហ្មឡើយ តែសូមឱ្យខ្ញុំព្រះអង្គបានជាអគ្គសាវករបស់ព្រះពុទ្ធមួយអង្គក្នុងអនាគតកាល ដូចព្រះនិស្សភ នេះផងចុះព្រះអង្គ ។
ការព្យាករណ៍របស់ព្រះអនោមទស្សី
[កែប្រែ]ព្រះអនោមទស្សី ទ្រង់ប្រសើរលើសដោយអនាគតង្សញ្ញាណ ទ្រង់ពិចារណាមើលថា សេចក្តីប្រាថ្នារបស់សរទតាបសនេះ នឹងសម្រេចឬទេ ទ្រង់ក៏ឃើញសេចក្តីសម្រេចនោះថា កាលកន្លងទៅមួយអសង្ខេយ្យកប្ប និងមួយសែនមហាកប្ប លុះទ្រង់ឃើញហើយទើបត្រាស់ថា សេចក្តីប្រាថ្នានេះរបស់អ្នកនឹងមិនជាមោឃៈ ។ កាលកន្លងទៅមួយអសង្ខេយ្យ និងមួយសែនមហាកប្ប ខាងមុខទៀត នឹងមានព្រះពុទ្ធមួយព្រះអង្គ ទ្រង់ព្រះនាមថា ព្រះគោតម ទ្រង់ឧបត្តិឡើងក្នុងលោក ព្រះមាតាទ្រង់ព្រះនាមថា ព្រះនាងមហាមាយាទេវី ព្រះបិតាទ្រង់នាមថា ព្រះបាទសុទ្ធោនមហារាជ ព្រះរាជឱរសទ្រង់ព្រះនាមថា រាហុល ភិក្ខុជាឧបដ្ឋាកឈ្មោះថា អានន្ទ ទុតិយអគ្គសាវកឈ្មោះថា មោគ្គល្លាន ចំណែកអ្នកបានជាអគ្គសាវករបស់ ព្រះគោតមអង្គនោះ និងមានឈ្មោថា ធម្មសេនាបតីសារីបុត្ត ជាកំពូលដោយបញ្ញាបារមី ។ ព្រះអនោមទស្សី ទ្រង់ព្យាករណ៍សរទតាបសយ៉ាងនេះ បានទ្រង់សម្តែងធម្មកថាស្រេចហើយ ព្រមដោយភិក្ខុសង្ឃហែហម ស្តេចយាងត្រឡប់ទៅតាមផ្លូវអាកាស ។ ឯសរទតាបសទៅរកព្រះថេរៈទាំងឡាយដែលធ្លាប់ជាកូនសិស្សរបស់ខ្លួន ផ្តាំទៅដល់សិរីវឌ្ឍៈកុដុម្ពិកៈដែលជាសម្លាញ់ថា សូមលោកទាំងឡាយ ចូរប្រាប់ដល់សម្លាញ់របស់ខ្ញុំថា សរទតាបសជាសម្លាញ់របស់លោក បានប្រាថ្នាតំណែងអគ្គសាវក ក្នុងសាសនារបស់ព្រះសមណគោតម ដែលទ្រង់នឹងឧបត្តិឡើងក្នុងអនាគតកាល ក្នុងទីជិតព្រះយុគលបាទ របស់ព្រះអនោមទស្សី ហើយសូមសម្លាញ់ប្រាថ្នាតំណែងទុតិយសាវកចុះ ។ លុះផ្តាំដូច្នេះហើយ ខ្លួនឯងក៏រួសរាន់ទៅ ហើយបានទៅដល់មុនព្រះថេរៈទាំងឡាយ ដោយប្រើពេលត្រឹមតែមួយស្របក់ បានទៅឈរនៅមុខទ្វារផ្ទះរបស់សិរីវឌ្ឍកុដុម្ពិកៈ ។
ប្រាថ្នាឱ្យសម្លាញ់
[កែប្រែ]សិរីវឌ្ឍកុដុម្ពិកៈ មើលឃើញសរទតាបស ក៏ពោលថា យូរណាស់ហើយ ដែលលោកម្ចាស់របស់យើងទើបតែមក សូមនិមន្តលោកម្ចាស់អង្គុយលើអាសនៈនេះចុះ ឯចំណែកខ្លួនឯងក៏អង្គុយលើអាសនៈដែលទាបជាង ហើយសួរសរទតាបសថា ពួកកូនសិស្សរបស់ លោកម្ចាស់ទៅណាអស់ទៅ ទើបមិនឃើញមកតាម? សរទតាបសឆ្លើយថាសម្លាញ់អើយ ព្រះអនោមទស្សី យាងទៅកាន់អាស្រមបទរបស់យើង យើងបានធ្វើសក្ការ បូជាតាមលទ្ធភាពរបស់ខ្លួន ព្រះអង្គទ្រង់សម្តែងធម៌ ឥសីទាំងឡាយបានសម្រេចអរហត្តផលទាំងអស់ ហើយបព្វជ្ជាទាំងអស់ដែរ វៀរតែយើងប៉ុណ្ណោះ សិរីវឌ្ឍកុដុម្ពិកៈ ក៏សួរស៊កឡើងថា ព្រោះហេតុអ្វីទើបលោកមិនបព្វជ្ជា សរទតាបសឆ្លើយថា ព្រោះយើងបានឃើញ ព្រះនិស្សភ ជាអគ្គសាវករបស់ព្រះបរមសាស្តា នឹកពេញចិត្តទើបប្រាថ្នាឱ្យបានតំណែងនោះក្នុងសាសនារបស់ព្រះសមណគោតម ស្តេចនឹងឧបត្តិកឡើងក្នុងអនាគតកាល សូមសម្លាញ់ចូរប្រាថ្នាតំណែងអគ្គសាវកទី២ ក្នុងសាសនាព្រះគោតមចុះ ។ សិរីវឌ្ឍកុដុម្ពិកៈនិយាយជំទាស់ថា ខ្ញុំមិនមានការស្និទ្ធស្នាលនឹងព្រះពុទ្ធ តើត្រូវធ្វើយ៉ាងណាឱ្យបានត្រឹមត្រូវទេ សរទតាបសប្រាប់ថា ការក្រាបទូលចំពោះព្រះពុទ្ធ ជានាទីរបស់យើង សូមសម្លាញ់ឯងត្រៀមអាហារ និងគ្រឿងសក្ការទុកឱ្យស្រេចបាច់ សិរីវឌ្ឍកុដុម្ពិកៈក៏យល់ក្នុងពាក្យណែនាំនោះ ហើយត្រៀមខាទនីយភោជនីយាហារ និងសាងមណ្ឌប ហើយបានធ្វើមហាទានចំពោះព្រះភិក្ខុសង្ឃ១សែន មានព្រះអនោមទស្សី ទ្រង់ជាព្រះប្រធាន កាលធ្វើទាន ៧ ថ្ងៃស្រេចហើយ បានប្រាថ្នាតំណែង អគ្គសាវកទី២ តាមពាក្យណែនាំ របស់សរទតាបសនោះ ។
ធម្មសេនាបតី
[កែប្រែ]ព្រះសារីបុត្តបានប្រកាសជីវប្រវត្តិក្នុងអតីតជាតិទុក ដែលមានសម្តែង ក្នុងគម្ពីរខុទ្ទកនិកាយ អបទានថា សម័យថ្ងៃមួយ លោកជាតាបសឈ្មោះថា សុរុចិ បានសម្រេចសមាបត្តិ ៨ អភិញ្ញា ៥ មានសិស្ស ៨ ម៉ឺន ៤ ពាន់នាក់ បានបូជាព្រះអនោមទស្សី និងព្រះសាវកមួយសែនរូបដោយផ្កាឈើរហូត ៧ ថ្ងៃ ហើយក្នុងថ្ងៃទី ៧ បានស្តាប់ព្រះធម្មទេសនាទៀត និងខាងក្នុង ៧ ថ្ងៃ ដែលលោកបូជាដោយផ្កាឈើនោះ លោកបានឈរប្រណម្យអញ្ជលីនមស្ការ ព្រះអនោមទស្សី ក្នុងទីកន្លែងមួយ ដោយមិនបានទៅណា មិនបានបរិភោគបាយទឹក និងភោជនីយាហារឡើយ ឆ្អែតដោយបីតិដែលបានឃើញព្រះពុទ្ធ និងសាវកមួយសែនរូប កំពុងចូលនិរោធសមាបត្តិ ។ លុះផុត ៧ ថ្ងៃហើយ សិស្សទាំងនោះ បានស្តាប់ធម៌របស់ព្រះអនោមទស្សី ក៏បានសម្រេចជាព្រះអរហន្តទាំងអស់ ចំណែកសុរុចិតាបស បានប្រាថ្នាតំណែងអគ្គសាវក និងកាលចុតិចាកជាតិនោះ ហើយបានទៅកើតក្នុងព្រហ្មលោក ១ ពាន់កប្ប បានជាស្តេចចក្រពត្តិ ១ ពាន់ជាតិ បានជាព្រះឥន្ទ្រ១ពាន់ជាតិ និងជាតិចុងក្រោយនេះ បានមកជាបុត្តរបស់ព្រាហ្មណ៍មានទ្រព្យ ៥៦០ កោដិ ហើយបានចេញបួសជា ព្រះអរហន្ត ដ៏កំពូលដោយបញ្ញា ដែលបានទទួលការលើកតម្កើងថា អាចនឹងរាប់គ្រាប់ភ្លៀងដែលកំពុងធ្លាក់ចុះមកបាន ។ បុណ្យបារមីដែលជួយឱ្យព្រះសារីបុត្តជាអ្នកមានបញ្ញាច្រើនព្រោះលោកធ្លាប់បានបួសជាប់តៗគ្នារហូត៥រយជាតិ ដែលមាននៅក្នុងអដ្ឋកថាវេស្សន្តរជាតក និងព្រោះលោកធ្លាប់បានសាងព្រះត្រៃបិដកក្នុងអតីតជាតិផងដែរ ។
ព្រះសារីបុត្តជាអ្នកមានប្រាជ្ញាអង់អាច និងការប្រព្រឹត្តិល្អក្រៃលែង ព្រមទាំងមានការឈ្លាសវៃ ជាកម្លាំងយ៉ាងសំខាន់របស់ព្រះមានព្រះភាគ ក្នុងការជួយប្រកាសព្រះធម្មវិន័យឱ្យផ្សព្វផ្សាយទៅក្នុងទិសានុទិស ទើបមាននាមតាមដែលលោកបានទទួលការលើកតម្កើងថា ព្រះធម្មសេនាបតី គូនឹងព្រះនាមព្រះមានព្រះភាគថា ព្រះធម្មរាជាដូចមានសេចក្តីមួយវគ្គក្នុងសេលសូត្រ គម្ពីរមជ្ឈិមនិកាយ មជ្ឈិមបណ្ណាសកៈ មានសេចក្តីថា ព្រះមានព្រះភាគប្រថាប់គង់ក្នុងអាបណនិគម សេលព្រាហ្មណ៍ជាអាចារ្យបង្ហាត់មន្តដល់មាណព ៣០០ នាក់ បាននាំពួកមាណពទៅចូលគាល់ព្រះមានព្រះភាគ ពិចារណាឃើញមហាបុរិសលក្ខណៈ ៣២ប្រការហើយបានក្រាបទូលចំពោះព្រះមានព្រះភាគ និងអារាធនាឱ្យសោយរាជសម្បត្តិ ។ ព្រះមានព្រះភាគត្រាស់ថា តថាគតជាព្រះរាជាក្នុងធម៌ទ្រង់ញ៉ាំងធម្មចក្រឱ្យប្រព្រឹត្តទៅ ជាចក្រដែលគ្មានអ្នកណាអាចឱ្យប្រព្រឹត្តទៅបាន ។ សេលព្រាហ្មណ៍ក្រាបទូលសួរដល់មេទ័ពធម៌ដែលជាគូនឹងព្រះធម្មរាជា ព្រះមានព្រះភាគទ្រង់ចង្អុលទៅសារីបុត្តជាធម្មសេនាបតី ។ ម៉្យាងទៀតបើប្រៀបព្រះពុទ្ធសាសនាជាកងទ័ព ក៏ហៅបានថាកងទ័ពធម៌ ព្រះមានព្រះភាគទ្រង់តាំងនៅក្នុងឋានៈជាកំពូលទ័ពធម៌ ព្រះសារីបុត្តជាមេទ័ពធម៌ ព្រះសារីបុត្តមានការចាប់អារម្មណ៍ទាក់ទងនឹងហេតុដែលធ្វើឱ្យព្រះពុទ្ធសាសនាតាំងនៅយូរ និងមិនយូរ រហូតដល់ការក្រាបទូលព្រះមានព្រះភាគដើម្បីទ្រង់បញ្ញត្តិសិក្ខាបទសម្រាប់ប្រើជាធម្មនុញ្ញ គឺក្រិត្យក្រមយ៉ាងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា ដោយលោកបំណងល្អចង់ឱ្យព្រះពុទ្ធសាសនាតាំងនៅអស់កាលយូរ មិនសាបសូន្យ មិនអន្តរធានទៅរហ័សពេក ដូចមានគោលចារឹកទុកក្នុងគម្ពីរមហាវិភង្គ ព្រះវិន័យបិដក បឋមភាគនៃវេរញ្ជកណ្ឌ បញ្ជាក់ថា សម័យកាលព្រះមានព្រះភាគប្រថាប់គង់នៅក្នុងដែនវេរញ្ជា គ្រានោះព្រះសារីបុត្តទៅពួនសម្ងំក្នុងទីស្ងាត់ ចិត្តរបស់លោកមានបរិវិតក្កថា ព្រះពុទ្ធសាសនារបស់ព្រះពុទ្ធអង្គណាតាំងនៅមិនយូរ និងរបស់ព្រះពុទ្ធអង្គណាតាំងនៅយូរ លុះដល់វេលារសៀល លោកចេញចាកទីស្ងាត់ទៅគាល់ព្រះមានព្រះភាគ ថ្វាយបង្គំហើយអង្គុយក្នុងទីដ៏សមគួរមួយ ហើយក្រាបទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទៅពួនសង្ងំក្នុងទីស្ងាត់មួយ ចិត្តរបស់ខ្ញុំព្រះអង្គមានបរិវិត្តកថា សាសនារបស់ព្រះពុទ្ធទាំងឡាយ របស់ព្រះពុទ្ធអង្គណាហ្ន៎ តាំងនៅមិនបានយូរ របស់ព្រះពុទ្ធអង្គណាហ្ន៎ តាំងនៅបានយូរ ព្រះអង្គ? ព្រះមានព្រះភាគត្រាស់តបថា ម្នាលសារីបុត្ត ព្រះពុទ្ធសាសនារបស់ព្រះវិបស្សី ព្រះសិខី និងព្រះវេស្សភូ តាំងនៅមិនបានយូរ ព្រះពុទ្ធសាសនារបស់ព្រះកកុសន្ធោ ព្រះកោនាគមនោ និងព្រះកស្សបៈ តាំងនៅបានយូរ ។ ព្រះសារីបុត្តក្រាបទូលសួររកមូលហេតុថា បពិត្រព្រះមានព្រះភាគ ហេតុអ្វី បច្ច័យអ្វី ឱ្យព្រះពុទ្ធសាសនារបស់ព្រះវិបស្សី ព្រះសិខី និង ព្រះវេស្សភូ តាំងនៅមិនបានយូរ ព្រះអង្គ? ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត ព្រះវិបស្សី ព្រះសិខី ព្រះវេស្សភូ ទ្រង់ខ្វល់ខ្វាយតិចក្នុងការសម្តែងធម៌ដោយពិស្តារដល់សាវកទាំងឡាយ ម៉្យាងទៀត សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតក អព្ភូតធម៌ វេទល្លៈ របស់ព្រះពុទ្ធទាំង ៣ ព្រះអង្គមានតិច សិក្ខាបទ ក៏ទ្រង់មិនបានបញ្ញត្តិ បាតិមោក្ខ ក៏ទ្រង់មិនបានសម្តែងដល់សាវកទាំងឡាយ ។
កាលព្រះពុទ្ធទាំងនោះ និងពួកសាវកដែលត្រាស់ដឹងតាមអន្តរធានទៅហើយ ពួកសាវកដែលមានមកក្នុងខាងក្រោយ ដែលមាននាម មានគោត្ត មានជាតិផ្សេងៗគ្នា ចេញបួសអំពីត្រកូលផ្សេងគ្នា ធ្វើឱ្យព្រះសាសនានោះអន្តរធានទៅដោយរហ័ស ។ ម្នាលសារីបុត្តផ្កាឈើពណ៌ផ្សេងៗ ដែលបុគ្គលគរទុកលើបន្ទះក្តារ មិនទាន់បានដោតក្រងដោយអំបោះ ខ្យល់រមែងផាត់ឱ្យផ្កាទាំងនោះខ្ចាត់ខ្ចាយទៅបាន ។ សេចក្តីនោះព្រោះហេតុអ្វី? ព្រោះបុគ្គលមិនបានចងដោយអំបោះ យ៉ាងណាមិញ ព្រោះព្រះពុទ្ធទាំងនោះ និងពួកព្រះសាវកដែលត្រាស់ដឹងតាមអន្តរធានទៅ ហើយពួកសាវកដែលមានមកខាងក្រោយ មាននាម មានគោត្ត មានជាតិផ្សេងគ្នា ចេញបួសអំពីត្រកូលផ្សេងគ្នា ទើបធ្វើឱ្យព្រះសាសនានោះអន្តរធានទៅដោយឆាប់រហ័សក៏ដូច្នោះដែរ ព្រោះព្រះពុទ្ធទាំងនោះ ទ្រង់ខ្វល់ខ្វាយតិច ក្នុងការកំណត់មើលចិត្តរបស់សាវកទាំងឡាយដោយព្រះទ័យ ហើយទ្រង់ទូន្មានសាវកទាំងឡាយ ។ ម្នាលសារីបុត្ត ដូចជាសម័យមួយ ព្រះវេស្សភូ គង់នៅក្នុងដងព្រៃដែលគួរឱ្យខ្លាចមួយ ទ្រង់កំណត់មើលចិត្តរបស់ភិក្ខុសង្ឃដោយព្រះទ័យហើយ ទ្រង់ទូន្មានភិក្ខុសង្ឃប្រមាណមួយពាន់រូបថា ពួកអ្នកចូរត្រិះរិះ យ៉ាងនេះ កុំត្រិះរិះយ៉ាងនោះ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះ កុំធ្វើទុកក្នុងចិត្តយ៉ាងនោះ ចូរលះចំណែកនេះ ចូរចូលដល់ចំណែកនេះដូច្នេះ ។ ចិត្តរបស់ភិក្ខុសង្ឃប្រមាណមួយពាន់រូបដែលព្រះវេស្សភូ ទ្រង់ទូន្មានយ៉ាងនោះ ក៏រួចផុតចាកអាសវៈទាំងឡាយ មិនប្រកាន់មាំ ។ ម្នាលសារីបុត្ត នេះឯងជាហេតុ ជាបច្ច័យឱ្យព្រះសាសនារបស់ព្រះវិបស្សី ព្រះសិខី ព្រះវេស្សភូ តាំងនៅមិនបានយូរ ព្រះសារីបុត្តក្រាបទូលសួរតទៅទៀតថា អ្វីជាហេតុ និងជាបច្ច័យឱ្យព្រះសាសនារបស់ព្រះកកុសន្ធោ ព្រះកោនាគមនៈ និងព្រះកស្សប តាំងនៅបានយូរ ព្រះអង្គ? ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលសារីបុត្ត ព្រះកកុសន្ធោ ព្រះកោនាគមនៈ និងព្រះកស្សប ទ្រង់មិនបានខ្វល់ខ្វាយតិច ក្នុងការសម្តែងធម៌ដោយពិស្តារដល់សាវកទាំងឡាយ ។ ម៉្យាងទៀត សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ទាន ឥតិវុត្តកៈ ជាតក អព្ភូតធម៌ វេទល្លៈ របស់ព្រះពុទ្ធទាំង ៣ ព្រះអង្គនោះ សម្តែងច្រើន ថែមទាំងព្រះពុទ្ធទាំង ៣ ព្រះអង្គ ទ្រង់បានត្រាស់បញ្ញត្តិសិក្ខាបទ ទ្រង់បានសម្តែងបាតិមោក្ខដល់សាវកទាំងឡាយផង ។ កាលព្រះពុទ្ធទាំងនោះ និងព្រះសាវក ទាំងឡាយដែលត្រាស់ដឹងតាមបរិនិព្វានទៅ ពួកសាវកដែលមានមកខាងក្រោយ មាននាម មានគោត្ត មានជាតិផ្សេងគ្នា ចេញបួសអំពីត្រកូលផ្សេងគ្នា ទើបរក្សា ព្រះសាសនានោះទុកបានអស់កាលយូរអង្វែង ។ ម្នាលសារីបុត្ត នេះឯងជាហេតុ ជាបច្ច័យឱ្យព្រះសាសនារបស់ព្រះកកុសន្ធោ ព្រះកោនាគមនោ និងព្រះកស្សប តាំងនៅបានយូរ ។
លំដាប់តអំពីនោះ ព្រះសារីបុត្ត ក្រោកចាកអាសនៈ ដណ្តប់ចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលីឡើង ក្រាបទូលថា បពិត្រព្រះមានព្រះភាគដ៏ចម្រើន ដល់ពេលសមគួរព្រះមានព្រះភាគទ្រង់បញ្ញត្តិសិក្ខាបទ និងទ្រង់សម្តែងបាតិមោក្ខ ដល់សាវកទាំងឡាយ ដែលជាហេតុឱ្យព្រះសាសនានេះតាំងនៅបានយូរ ព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្ត ចូររង់ចាំសិន ចូរបង្អង់សិន តថាគតជាអ្នកស្គាល់កាលវេលា ក្នុងកាលគួរនឹងធ្វើយ៉ាងនោះ តថាគតមិនទាន់បញ្ញត្តិសិក្ខាបទ មិនទាន់សម្តែងបាតិមោក្ខដល់សាវកទាំងឡាយ ក្នុងកាលដែលធម៌ជាទីតាំងនៃអាសវៈពួកខ្លះមិនទាន់ប្រាកដឡើងដល់សង្ឃក្នុងសាសនានេះ លុះកាលណាធម៌ជាទីតាំងនៃអាសវៈពួកខ្លះប្រាកដឡើងដល់សង្ឃក្នុងសាសនានេះ កាលនោះព្រះសាស្តា ទើបទ្រង់ បញ្ញត្តិសិក្ខាបទ និងសម្តែងបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីកម្ចាត់នូវធម៌ដែលជាទីតាំងនៃអាសវៈទាំងនោះនុះឯង ។ ធម៌ដែលជាទីតាំងនៃអាសវៈពួកខ្លះ មិនទាន់ប្រាកដឡើងដល់សង្ឃក្នុងសាសនានេះ អស់កាលដែលសង្ឃមិនទាន់ចម្រើន ច្រើនដោយភិក្ខុជាថេរៈ លុះកាលណាសង្ឃចម្រើនច្រើនដោយភិក្ខុជាថេរៈហើយ ឯធម៌ដែលជាទីតាំងនៃអាសវៈពួកខ្លះ រមែងប្រាកដឡើងដល់សង្ឃក្នុងសាសនានេះ កាលណោះឯង តថាគតក៏នឹងទ្រង់បញ្ញត្តិសិក្ខាបទ និងទ្រង់សម្តែងបាតិមោក្ខដល់សាវកទាំងឡាយ ដើម្បីកម្ចាត់បង់ធម៌ដែលជាទីតាំងនៃអាសវៈទាំងនោះ ។ ធម៌ដែលជាទីតាំង… ។ល។ ដល់សង្ឃដែលមិនទាន់ចម្រើនច្រើនដោយការផ្សព្វផ្សាយ ។ ដល់សង្ឃដែលមិនទាន់បរិបូណ៌ដោយលាភសក្ការៈ ។ ម្នាលសារីបុត្ត ពេលនេះភិក្ខុសង្ឃមិនទាន់មានចម្រូងចម្រាស មិនទាន់មានទោស នៅប្រាសចាកសេចក្តីសៅហ្មង មានសេចក្តីបរិសុទ្ធផូរផង់ តាំងនៅក្នុងគុណ ព្រោះបណ្តាភិក្ខុ ៥០០ រូបនេះ ភិក្ខុដែលទ្រទ្រង់គុណយ៉ាងទាប ក៏ជាព្រះសោតាបន្ន ជាអ្នកមានការមិនធ្លាក់ចុះជាធម្មតា ជាអ្នកមានគតិទៀងទាត់ តែងនឹងបានត្រាស់ដឹងក្នុងអនាគតកាល ។
មានសេចក្តីអធិប្បាយព្រះពុទ្ធតម្រាស់ឃាត់ព្រះសារីបុត្ត ដែលក្រាបទូលឱ្យព្រះមានព្រះភាគ ទ្រង់បញ្ញត្តិសិក្ខាបទ និងទ្រង់សម្តែងព្រះបាតិមោក្ខដល់សាវកទាំងឡាយ ដោយប្រាកដក្នុងអដ្ឋកថាគម្ពីរ បឋមសមន្តប្បាសាទិកា អធិប្បាយព្រះវិន័យបិដកបញ្ជាក់ថា ពាក្យដែលពោលក្នុងថា ព្រះសាសនារបស់ព្រះពុទ្ធទាំងនោះតាំងនៅមិនបានយូរ គឺតាំងនៅត្រឹមមួយរយៈព្រះជន្មាយុរបស់ព្រះពុទ្ធទាំងនោះប៉ុណ្ណោះ ឯព្រះជន្មាយុរបស់ព្រះពុទ្ធទាំងនោះមានផ្សងៗគ្នា ដូច្នេះ គឺ ព្រះវិបស្សីមានព្រះជន្ម ៨ ម៉ឺនឆ្នាំ អាយុរបស់សាវកដំបូង ក៏ស្មើនឹងព្រះជន្មាយុរបស់ព្រះវិបស្សី ព្រះសាសនារបស់ព្រះអង្គតាំងនៅត្រឹមតែអាយុរបស់សាវកចុងក្រោយប៉ុណ្ណោះ ព្រះសិខី មានព្រះជន្មាយុ ៧ ម៉ឺនឆ្នាំ សាវកទាំងឡាយជាដំបូងរបស់ព្រះអង្គ ក៏មានអាយុប្រមាណប៉ុណ្ណោះដូចគ្នា ព្រះសាសនារបស់ព្រះអង្គតាំងនៅត្រឹមតែអាយុរបស់សាវកចុងក្រោយប៉ុណ្ណោះ ។ ព្រះវេស្សភូ មានព្រះជន្មាយុ ៦ ម៉ឺនឆ្នាំ ព្រះសាសនារបស់ព្រះអង្គ តាំងនៅត្រឹមអាយុរបស់សាវកដែលត្រាស់ដឹងចុងក្រោយគេប៉ុណ្ណោះ សាវកដំបូងមានអាយុស្មើនឹងព្រះអង្គប៉ុណ្ណោះឯង ។ ចំណែកព្រះកកុសន្ធោ មានព្រះជន្មាយុ ៤ ម៉ឺនឆ្នាំ ព្រះកោនាគមនៈ មានព្រះជន្មាយុ ៣ម៉ឺនឆ្នាំ ព្រះកស្សបៈ មានព្រះជន្មាយុ ២ម៉ឺនឆ្នាំ ព្រះសាវករបស់ព្រះពុទ្ធទាំង ៣ ព្រះអង្គមានច្រើនយុគសម័យ ព្រះសាសនារបស់ព្រះពុទ្ទទាំង ៣ ព្រះអង្គនោះទើបតាំងនៅបានយូរ ។
បរិនិព្វាន
[កែប្រែ]សម័យមួយ ព្រះសារីបុត្តអង្គុយចូលសមាបត្តិ ។ លុះលោកចេញពីសមាបត្តហើយ ក៏គិតថា ជាធម្មតា ព្រះពុទ្ធ និងអគ្គសាវ័ក នរណាបរិនិព្វានមុន ហើយលោកក៏ជ្រាបថា អគ្គសាវ័កបរិនិព្វានមុន លោកក៏ពិចារណាមើលអាយុសង្ខាររបស់លោក ឃើញថានៅតែ ៧ ថ្ងៃទៀតនឹងបរិនិព្វាន ។ លោកក៏បានពិចារណាទៀតថា លោកគួរតែបរិនិព្វានក្នុងទីណា ពេលនោះលោកស្រាប់តែរលឹកដល់ញោមស្រីរបស់លោក ដែលនៅជាមិច្ឆាទិដ្ឋិ(មានការយល់ខុស)នៅឡើយ ។ លោកក៏មើលឧបនិស្ស័យរបស់ញោមលោក ដឹងថាញោមស្រីមានឧបនិស្ស័យអាចសំរេចសោតាបត្តិមគ្គ ដោយបានស្តាប់ធម៌របស់លោក ។ លោកក៏សំរេចចិត្តទៅផ្ទះញោមស្រីដើម្បីប្រោសញោម ហើយនិងបរិនិព្វានក្នុងបន្ទប់ដែលលោកប្រសូត ។
ព្រះសារីបុត្តគិតហើយ ក៏ទៅសុំអនុញ្ញាត ថ្វាយបង្គំលាព្រះសម្មាសម្ពុទ្ធ ដើម្បីនឹងបរិនិព្វាន ។ ព្រះអង្គក៏បានឱ្យព្រះសារីបុត្តសម្តែងធម៌ទេសនាជាលើកចុងក្រោយរបស់លោក ។ លុះសម្តែងចប់ហើយ ព្រះសារីបុត្តបានធ្វើដំណើរចេញទៅជាមួយនឹងភិក្ខុ ៥០០ រូប ដោយមានមហាជនជាច្រើនជូនដំណើរលោករហូតដល់ទ្វារនគរ ។ ក្នុងថ្ងៃដែលទៅដល់ផ្ទះញោម យប់នោះព្រះធម្មសេនាបតីមានអាពាធយ៉ាងខ្លាំងក្លា (រោគធ្លាក់ឈាម) ។ ទេវតាទាំងឡាយមកសុំមើលព្យាបាលជំងឺឱ្យលោក តែលោកបានបដិសេធន៍ ។ គ្រានោះ ញោមរបស់លោកបានឃើញទេវតាទាំងឡាយ លុះទេវតាទៅវិញអស់ ទើបញោមស្រីចូលទៅសួរលោកអំពីអ្នកដែលមកមុននេះ ។ ព្រះសារីបុត្តក៏ប្រាប់ថា ហ្នឹងគឺព្រះឥសូរ ព្រះព្រហ្ម មហារាជទាំង ៤ ។ នាងព្រាហ្មណីក៏គិតក្នុងចិត្តថា យើងធ្លាប់គោរពបូជាព្រះព្រហ្ម តែពេលនេះព្រះព្រហ្មបែរជាមកថ្វាយបង្គំបុត្តរបស់យើងវិញ ។ បើដូច្នេះ ព្រះសាស្តារបស់បុត្តយើង នឹងធំជាងនេះទៅទៀត ។ គិតរួច នាងព្រាហ្មណីក៏សួរអំពីគុណរបស់ព្រះពុទ្ធ ។ ព្រះសារីបុត្តបានរៀបរាប់គុណទាំងឡាយរបស់ព្រះអង្គ ហើយក៏បានធ្វើឱ្យនាងព្រាហ្មណីមានចិត្តជ្រះថ្លា សោតាបត្តិមគ្គក៏បានកើតប្រាដកដល់ញោមស្រីរបស់លោកក្នុងពេលនោះ ។
ពេលទៀបភ្លឺ ព្រះសារីបុត្តបានឱ្យព្រះចុន្ទ ដែលជាប្អូនរបស់លោកប្រការសង្ឃមកប្រជុំគ្នា នឹងអាលបានសុំខមាទោសនូវទោសកំហុសណាដែលលោកបានធ្វើដោយកាយឬដោយវាចារមិនជាទីគាប់ចិត្តដល់សិស្សរបស់លោក ។ លុះសុំខមាទោសគ្នាទៅវិញទៅមកស្រេចហើយ ព្រះសារីបុត្តក៏យកចីវរមួយផ្ទាំងគ្របមុខ ហើយចូលសមាបត្តិក្នុងវិហារធម៌ដោយលំដាប់៩យ៉ាង (រូបជ្ឈាន៤ អរូបជ្ឈាន៤ និងសញ្ញាវេទយិតនិរោធ) ហើយក៏បញ្ច្រាស់ទៅមក លុះចេញពីចតុត្ថជ្ឈាន លោកក៏បរិនិព្វានដោយអនុបាទិសេសនិព្វាន នៅពេលដែលអរុណោទ័យប្រាកដឡើងឯនាយជើងមេឃ ត្រូវនឹងថ្ងៃ ១៥កើត ខែកត្តិក ។
ការបញ្ញតិសិក្ខាបទរបស់ព្រះពុទ្ធ
[កែប្រែ]សេចក្តីដែលព្រះមានព្រះភាគរបស់យើងទាំងឡាយ ទ្រង់មិនទាន់បញ្ញត្តិសិក្ខាបទក្នុងកាលដែលនៅមិនទាន់មានហេតុនោះ ព្រោះព្រះអង្គទ្រង់ការពារការតិះដៀលដែលនឹងកើតអំពីមនុស្សទាំងឡាយថា កាលសាវកតាំងនៅជាប្រក្រតី ហេតុអ្វីព្រះសមណគោតមក៏ទ្រង់បញ្ញត្តិសិក្ខាបទ ការទ្រង់បញ្ញត្តិសិក្ខាបទមុនមានហេតុការណ៏រមែងជាទោស ដូចការដាក់ថ្នាំដល់បុគ្គលដែលមិនទាន់ឈឺដូច្នោះ ។ បើពេទ្យណាហៅអ្នកដែលមិនទាន់កើតបូសមកប្រាប់ថា បូសធំនឹងកើតឡើងក្នុងរាងកាយរបស់អ្នកត្រង់នេះ អ្នកចូរប្រញាប់ព្យាបាលក្នុងកាលឥឡូវនេះ កាលអ្នកនោះព្រមឱ្យព្យាបាល ពេទ្យល្ងង់នោះក៏វៈរាងកាយត្រង់នោះហើយនាំលោហិតចេញទៅ លុះវៈហើយពេទ្យនោះ ក៏ទារថ្លៃអំពីអ្នកនោះ អ្នកនោះក៏នឹងជំទាស់ថា តើលោកបានព្យាបាលជម្ងឺអ្វីរបស់ខ្ញុំ មានតែធ្វើឱ្យខ្ញុំកើតទុក្ខ ធ្វើឱ្យលោហិតរបស់ខ្ញុំអស់ទៅតែប៉ុណ្ណោះដូច្នេះ យ៉ាងណាមិញ កាលពួកសាវកមិនទាន់មានកំហុស បើព្រះពុទ្ធទ្រង់បញ្ញត្តិសិក្ខាបទឡើង ក៏នឹងបានទទួលការជំទាស់តិះដៀលដូច្នោះ លុះត្រាតែពួកសាវកមានកំហុសកើតឡើងហើយ ទើបព្រះពុទ្ធ ទ្រង់បញ្ញត្តិសិក្ខាបទឡើង ប្រៀបដូចកាលរោគកើតឡើងហើយ ទើបគ្រូពេទ្យឆ្លាតដាក់ថ្នាំព្យាបាលជម្ងឺដូច្នោះ ។
កិត្តិគុណរបស់ព្រះសារីបុត្ត
[កែប្រែ]កិត្តិគុណរបស់ព្រះសារីបុត្ត ដូចជាកិត្តិគុណព្រះរាជឱរសរបស់ស្តេចចក្រពត្តិ ដែលមានប្រាកដមកក្នុងគម្ពីរអង្គុត្តរនិកាយបញ្ចកនិបាត នៃអនុវត្តនសូត្រ និងក្នុងអដ្ឋកថាគម្ពីរមនោរថបូរណីបញ្ជាក់ថា ព្រះមានព្រះភាគទ្រង់បានសម្តែងទុកថា ម្នាលភិក្ខុទាំងឡាយ ព្រះរាជឱរសច្បងរបស់ស្តេចចក្រពត្តិ ប្រកបដោយគុណ ៥ ប្រការ រមែងធ្វើឱ្យចក្រដែលព្រះរាជបិតាទ្រង់ឱ្យប្រព្រឹត្តទៅហើយ ឱ្យប្រព្រឹត្តទៅតាមបានដោយធម៌ ចក្ករតនៈនោះ រមែងជាចក្រដែលមិនមានអ្នកជាសឹកសត្រូវណាៗ តទល់បានឡើយ គុណសម្បត្តិ ៥ ប្រការនោះ គឺព្រះរាជឱរសច្បងរបស់ស្តេចចក្រពត្តិទ្រង់ជាអ្នកប្រាជ្ញ ។ អត្ថញ្ញូ ស្គាល់អត្ថ បានដល់ រមែងទ្រង់ជ្រាបប្រយោជន៍របស់រាជការ ត្រូវធ្វើឱ្យប្រជាជនត្រជាក់ដោយសង្គហវត្ថុ៤ ។ ធម្មញ្ញូ ស្គាល់ធម៌ បានដល់ រមែងទ្រង់ជ្រាបធម៌ និងច្បាប់ប្រពៃណី នៃព្រះរាជាទាំងឡាយក្នុងកាលមុន ហើយតាំងនៅក្នុងទសពិធរាជធម៌ ។ មត្តញ្ញូ ស្គាល់ប្រមាណ បានដល់ រមែងទ្រង់ជ្រាបក្នុងការដាក់ទោស ឬក្នុងការប្រើកម្លាំង និងស្គាល់ក្នុងការទទួលរាជពលី បានដល់ការប្រមូលពន្ធអាករ មិនឱ្យប្រជាជនក្តៅក្រហាយ ។ កាលញ្ញូ ស្គាល់កាល បានដល់ រមែងទ្រង់ជ្រាបកាលសោយរាជ្យសុខ កាលធ្វើការវិនិច្ឆ័យ កាលស្តេចយាងសួរសុខទុក្ខតាមជនបទ ។ បរិសញ្ញូ ស្គាល់បរិស័ទ បានដល់ រមែងទ្រង់ជ្រាបថានេះជាខត្តិយបរិស័ទ នេះជាព្រាហ្មណ៍បរិស័ទ នេះជាវេស្សបរិស័ទ (ពួកឈ្មួញ) នេះជាសូទ្របរិស័ទ នេះជាសមណបរិស័ទ គឺស្គាល់កិរិយាអាការៈ ការនិយាយ ការធ្វើចំពោះប្រជុំជនថា ដូចម្តេចទើបល្មមនឹងបរិស័ទនោះ ។
ម្នាលភិក្ខុទាំងឡាយ ព្រះរាជឱរសច្បងរបស់ស្តេចចក្រពត្តិទ្រង់ធ្វើឱ្យចក្រ ដែលព្រះរាជបិតាទ្រង់ឱ្យប្រព្រឹត្តទៅហើយ ឱ្យប្រព្រឹត្តទៅតាមដោយធម៌ពិត យ៉ាងណាមិញម្នាលភិក្ខុទាំងឡាយ ព្រះសារីបុត្តប្រកបដោយធម៌ ៥ប្រការ ក៏ដូច្នោះដែរ គឺសារីបុត្តរមែងញ៉ាំងធម្មចក្រ ដ៏ប្រសើរដែលតថាគតឱ្យប្រព្រឹត្តទៅហើយ ឱ្យប្រព្រឹត្តទៅតាមដោយត្រឹមត្រូវ ធម្មចក្រនោះរមែងមិនមានសមណៈព្រាហ្មណ៍ទេព្តា មារព្រហ្ម អ្នកណាមួយក្នុងលោក នឹងរារាំងបានឡើយ ។
ធម៌ ៥ ប្រការនោះ តើដូចម្តេច? សារីបុត្ត ជាអ្នកឆ្លាតតែងស្គាល់ ទី ១ អត្ថញ្ញូ គឺស្គាល់អត្ថ បានដល់ ស្គាល់ប្រយោជន៍ ៥ ប្រការ បានដល់ (១) វត្ថុដែលកើតឡើងដោយអាស្រ័យហេតុបច្ច័យ (២) និព្វាន (៣) អត្ថន័យនៃពាក្យពេចន៍ (៤) វិបាក និង (៥) កិរិយា ។ ទី ២ ធម្មញ្ញូ គឺស្គាល់ធម៌បានដល់ ស្គាល់ធម៌ ៥ ប្រការ គឺ (១) ធម៌ដែលជាបច្ច័យ (២) អរិយមគ្គ (៣) ពុទ្ធវចនៈ (៤) កុសល (៥) អកុសល ។ ទី ៣ មត្តញ្ញូ គឺស្គាល់ប្រមាណ បានដល់ ស្គាល់ប្រមាណក្នុងការទទួល និងការបរិភោគបច្ច័យ៤ គឺគ្រឿងស្លៀកដណ្តប់ អាហារបិណ្ឌបាត ទីសេនាសនៈ ថ្នាំកែរោគ ។ ទី ៤ កាលញ្ញូ ស្គាល់កាល បានដល់ ស្គាល់កាលថា កាលនេះជាកាលគួរ នៅក្នុងទីស្ងប់ស្ងាត់ កាលនេះជាកាលចូលសមាបត្តិ កាលនេះជាកាលសម្តែងធម៌ កាលនេះជាកាលចារិកទៅតាមជនបទ ។ ទី ៥ បរិសញ្ញូ ស្គាល់បរិស័ទ បានដល់ ស្គាល់ថា នេះជាខត្តិយបរិស័ទ នេះជាព្រាហ្មណ៍បរិស័ទ នេះជាគហបតីបរិស័ទ នេះជាសមណបរិស័ទ ការដឹងកិរិយាអាការៈ ការនិយាយ ការធ្វើចំពោះប្រជុំជនធ្វើដូចម្តេចទើបសមល្មមនឹងបរិស័ទនោះ ។
ការបដិបត្តិល្អរបស់ព្រះសារីបុត្ត ដែលបានទទួលព្រះពុទ្ធតម្រាស់សរសើរថា ដូចជាម្តាយអ្នកឱ្យកំណើតបុត្ត ដូចមានសម្តែងទុកក្នុងសច្ចវិភង្គសូត្រ នៃគម្ពីរមជ្ឈិមនិកាយ ឧរិបណ្ណាសកៈ សម្តែងអំពីព្រះមានព្រះភាគ ត្រាស់សរសើរព្រះសារីបុត្ត និងព្រះមហាមោគ្គល្លានថា សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅឥសិបតនមិគទាយវ័ន ក្បែរក្រុងពារាណសី ត្រាស់រៀបរាប់អំពីព្រះអង្គ សម្តែងធម្មចក្រ គឺព្រះធម្មទេសនាក្នុងព្រៃឥសិបតនមិគទាយវ័ន ដែលសមណព្រាហ្មណ៍ ទេព្តា មារ ព្រហ្ម ឬអ្នកណាមួយក្នុងលោក មិនអាចរារាំងបាន ហើយត្រាស់ណែនាំឱ្យភិក្ខុទាំងឡាយគប់រកព្រះសារីបុត្ត និងព្រះមោគ្គល្លានដែលជាបណ្ឌិត ជាអ្នកអនុគ្រោះដល់មិត្តសព្រហ្មចារីភិក្ខុផ្សេងគ្នា ត្រាស់ប្រៀបប្រដូចព្រះសារីបុត្តទៅនឹងមាតាអ្នកឱ្យកំណើត ព្រះមោគ្គល្លានដូចជាមេដោះ ព្រះសារីបុត្ត ជាអ្នកណែនាំឱ្យតាំងនៅក្នុងសោតាបត្តិផល ព្រះមោគ្គល្លាន ក៏ណែនាំឱ្យតាំងនៅក្នុងមគ្គផលខ្ពស់ឡើង ។ ព្រះសារីបុត្តជាអ្នកអាចអធិប្បាយអរិយសច្ច៤ដោយពិស្តារបាន ។ លុះព្រះមានព្រះភាគត្រាស់ដូច្នេះហើយ ទើបទ្រង់ក្រោកឡើងយាងចូលទៅកាន់ព្រះវិហារ ឯព្រះសារីបុត្តក៏សម្តែងធម៌ដល់ភិក្ខុទាំងឡាយដោយបាន អធិប្បាយអរិយសច្ច៤ ឱ្យស្តាប់យ៉ាងពិស្តារ ។ មានព្រះពុទ្ធវចនៈត្រាស់សរសើរព្រះសារីបុត្ត ថាជាបុគ្គលឯក ផ្នែកសម្តែងធម្មចក្របានត្រូវតាមព្រះពុទ្ធបំណង ក្នុងគម្ពីរអង្គុត្តរនិកាយឯកនិបាត នៃបុគ្គលវគ្គ ដោយព្រះមានព្រះភាគត្រាស់លើកតម្កើងសមត្ថភាពរបស់លោកថា ជាបុគ្គលឯក មានសេចក្តីថា ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមើលមិនឃើញបុគ្គលណាម្នាក់ដែលជាអ្នកប្រកាសធម្មចក្រដ៏ប្រសើរដែលតថាគតប្រកាសទុកហើយ ឱ្យបានស្មើតថាគត ដូចសារីបុត្ត ម្នាលភិក្ខុទាំងឡាយ សារីបុត្តរមែងប្រកាសព្រះធម្មចក្រដ៏ប្រសើរ ដែលតថាគតប្រកាសទុកហើយបានល្អ ដូចជាតថាគតដែរ កិត្តិគុណជាអច្ឆរិយៈ ផ្នែកមានសមត្ថភាពពិសេសមួយ ដែលធ្វើឱ្យលោកបានទទួលការតែងតាំង មានចារឹកប្រាកដក្នុងគម្ពីរអង្គុត្តរនិកាយ ឯកនិបាត តាមដែលព្រះមានព្រះភាគទ្រង់តែងតាំងឯតទគ្គៈ ដល់សារីបុត្តថា ម្នាលភិក្ខុទាំងឡាយ សារីបុត្តកំពូលជាងភិក្ខុទាំងឡាយ ដែលជាសាវករបស់តថាគត ខាងមានបញ្ញាច្រើន ។ ភាវៈជាអ្នកមានបញ្ញាលើសលប់របស់ព្រះសារីបុត្ត ក្រៅពីព្រះមានព្រះភាគបានទ្រង់ប្រកាសលោកឱ្យជា ឯតទគ្គហើយ ថែមទាំងបានត្រាស់សរសើរលោកក្នុងផ្នែកជាអ្នកមានបញ្ញាច្រើនន័យទៀត ដូចមានចារឹកទុកក្នុងគម្ពីរមជ្ឈិមនិកាយឧបរិបណ្ណាសកៈ នៃអនុបទវគ្គ ក្នុងអនុបទសូត្រដែលសម្តែងដោយលំដាប់បទ ( ប៉ុន្តែនឹងលើកមកត្រឹមតែចំណែកខ្លះ) បញ្ជាក់ថា សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅវត្តជេតពនមហាវិហារជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋីកសាងក្បែរក្រុងសាវត្ថីក្នុងគ្រានោះព្រះមានព្រះភាគត្រាស់ឱ្យភិក្ខុទាំងឡាយស្តាប់ថា ម្នាលភិក្ខុទាំងឡាយ សារីបុត្តជាបណ្ឌិត ជាអ្នកមានប្រាជ្ញាច្រើន ជាអ្នកមានប្រាជ្ញាក្រាស់ជាអ្នកមានប្រាជ្ញាវាងវៃ ជាអ្នកមានប្រាជ្ញារហ័ស ជាអ្នកមានប្រាជ្ញាមុតស្រួច ជាអ្នកមានប្រាជ្ញាទម្លាយកិលេសបាន ។
ម្នាលភិក្ខុទាំងឡាយ សារីបុត្តឃើញច្បាស់ធម៌តាមលំដាប់បទបានក្នុងកាលមួយរំពេចប៉ុណ្ណោះ ហើយព្រះមានព្រះភាគបានត្រាស់សរសើរព្រះសារីបុត្ត ផ្នែកខាងចូលរូបឈាន ៤ និង អរូបឈាន ទាំងការកំណត់ដឹងសភាវៈដែលជារូប និងអរូបមកជាអារម្មណថា លោកចូលទៅតាមលំដាប់នៃឈាន ហើយអាចកំណត់ដឹងធម៌តាមលំដាប់ថ្នាក់ឈានទាំងដឹងច្បាស់នូវការកើតឡើងការតាំងនៅ ការអស់ទៅនៃធម៌ទាំងនោះ រហូតបានទទួលការសរសើរថា ជាអ្នកស្ទាត់ជំនាញ ដល់នូវការសម្រេចក្នុងអរយិសីល អរិយសមាធិ អរិយបញ្ញា អរិយវិមុត្តិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលដោយប្រពៃគប្បីពោលសរសើរភិក្ខុជាបុត្តរបស់ព្រះពុទ្ធ ជាឱរសរបស់ព្រះមានព្រះភាគ កើតអំពីព្រះឱស្ឋរបស់ព្រះមានព្រះភាគ កើតអំពីធម៌ អ្នកដែលធម៌និម្មិត ជាធម្មទាយាទ មិនជាទាយាទរបស់អាមិស ភិក្ខុរូបនោះ គឺសារីបុត្តនេះឯង ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្តរមែងប្រកាសធម្មចក្រឱ្យប្រព្រឹត្តទៅតាមដោយប្រពៃបាន ដូចតថាគត់ឱ្យប្រព្រឹត្តទៅហើយ ។ កាលព្រះមានព្រះភាគបានត្រាស់ដូច្នេះហើយ ភិក្ខុទាំងនោះក៏សម្តែងសេចក្តីត្រេកអររីករាយចំពោះព្រះពុទ្ធតម្រាស់ដែលត្រាស់សរសើរនោះ ។
ភាពជាអ្នកមានបញ្ញារបស់ព្រះសារីបុត្តដែលព្រះពុទ្ធត្រាស់សរសើរថាវៀរព្រះពុទ្ធចេញហើយមិនមានអ្នកណានឹងមានសមត្ថភាពប្រៀបផ្ទឹមបញ្ញារបស់ព្រះសារីបុត្តបានឡើយ ដូចមានរឿងទាក់ទងនឹងការរាប់ដំណក់ទឹកភ្លៀងដែលមានចារក្នុងអដ្ឋកថាគម្ពីរធម្មបទនៃពុទ្ធវគ្ពក្នុងរឿងយមកបាដិហារិយ៏បញ្ជាក់ថា ព្រះសារីបុត្តបានឈរនៅចំពោះព្រះភក្ត្រព្រះសាស្តាបន្លឺសីហនាទថា បពិត្រព្រះមានព្រះភាគកាលភ្លៀងធ្លាក់រហូតកប្បក៏ដោយ ខ្ញុំព្រះអង្គក៏អាចរាប់គណនាបានថាភ្លៀងធ្លាក់ក្នុងមហាសមុទ្រប៉ុណ្ណេះដំណក់ ធ្លាក់លើផែនដីប៉ុណ្ណេះ លើកំពូលភ្នំប៉ុណ្ណេះដំណក់ ព្រះបរមសាស្តាត្រាស់នឹងសារីបុត្តថា ម្នាលសារីបុត្តតថាគតក៏ដឹងថាអ្នកអាចរាប់ដំណក់គ្រាប់ភ្លៀងបាន (ក្នុងអដ្ឋកថា រឿងសក្កទេវរាជថា សាវកទាំងឡាយមានព្រះសារីបុត្តជាដើមដែលប្រកបដោយបញ្ញាដែលអាចរាប់ដំណក់ទឹកភ្លៀងបានក្នុងកាលភ្លៀងធ្លាក់រហូតទូទាំងផែនដី ម៉្យាងទៀតសេចក្តីឧបមាដែលនឹងនាំមកប្រៀបធៀបនឹងបញ្ញារបស់ព្រះសារីបុត្តមិនមាន ព្រោះដូច្នោះទើបលោកក្រាបទូលថា ខ្សាច់ក្នុងស្ទឹងគង្ពារនឹងអស់ទៅ ទឹកក្នុងមហាសមុទ្រនឹងរីងស្ងួតហួតហែងទៅ ដីក្នុងផែនដីនឹងអស់ទៅ ការឆ្លើយបញ្ហាដោយការដឹងរបស់ខ្ញុំព្រះអង្គនៅមិនទាន់អស់ឡើយ ។ មានសេចក្តីអធិប្បាយពាក្យពេចន៍របស់ព្រះថេរៈវគ្គនេះថា កាលលោកដោះស្រាយបញ្ហាមួយន័យចប់ហើយ បុគ្ពលនឹងដាក់ខ្យាច់មួយគ្រាប់ ដំណក់ទឹកមួយដំណក់ ដីមួយដុំតូចចុះទៅ សូម្បីលោកដោះស្រាយបញ្ហារាប់រយរាប់ពាន់ឬក៏រាប់សែនបញ្ហា បុគ្ពលនឹងដាក់ខ្នាច់យ៉ាងណាមួយមានខ្សាច់ជាដើមក្នុងទន្លេគង្ពារ មួយបញ្ហាមួយគ្រាប់ វត្ថុគណនាទាំងឡាយមានខ្សាច់ដែលនៅក្នុងទន្លេគង្ពារជាដើមគប្បីអស់ទៅដោយរហ័សជាងការឆ្លើយបញ្ហារបស់លោក គឺវត្ថុផ្សេងៗដែលនាំមកធ្វើជាខ្នាច់នឹងអស់ទៅហើយ តែការឆ្លើយបញ្ហារបស់លោកមិនទាន់អស់ទៅទេ ។
គុណសម្បតិ្ត និងជំនាញ
[កែប្រែ]គោលធម៌ដែលជាគុណសម្រាប់ធ្វើនាទីជាទូត គឺជាអ្នកនាំសេចក្តីទៅប្រាប់ដល់ផ្នែកទាំងពីរ មានក្នុងខ្លួនព្រះសារីបុត្ត ដែលមានពោលក្នុងទូតសូត្រគម្ពីរអង្គុត្តរនិកាយ អដ្ឋកនិបាតបញ្ជាក់ថា ព្រះមានព្រះភាគត្រាស់សរសើរព្រះសារីបុត្តថា មានគុណសម្បត្តិផ្នែកអ្នកការទូល គឺជាអ្នកប្រកបដោយអង្គ ៨ ប្រការ សមគួរដល់ការធ្វើជាទូត គឺ (១) ចេះទទួលស្តាប់ដោយខ្លួនឯង (២) ចេះញុំាងអ្នកដទៃឱ្យព្រមស្តាប់ខ្លួន (៣) រៀនយកដោយល្អ (៤) ចងចាំទុកបានល្អ (៥) ជាអ្នកយល់ដឹងដោយល្អ សព្វកិច្ចការ (៦) ធ្វើឱ្យអ្នកដទៃបានដឹងផង (៧) ឆ្លាតក្នុងអំពើដែលជាប្រយោជន៍ និងមិនជាប្រយោជន៍ និង (៨) មិនបង្ករការឈ្លោះវិវាទ (មានបដិភាណល្អ) ។
លទ្ធផងការងាររបស់លោកដែលចាត់ទុកជាព័ស្តុតាង តមកដល់ការសង្គាយនាជាបន្តបន្ទាប់ គឺលោកបានប្រជុំព្រះសង្ឃបរិយាយធម៌ដែលសំខាន់ៗ ចែកជាវគ្គ ជាឃ្លា ស្រួលក្នុងការចងចាំ ហៅថា សង្គីតិសូត្រ ចាត់ជាសង្គាយនាព្រះធម៌ក្នុងសម័យដែលព្រះពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយ តែជាការធ្វើដោយផ្ទាល់ខ្លួន មិនបានសូមញត្តិអំពីព្រះសង្ឃ មានសេចក្តីប្រាកដពិស្តារក្នុងសង្គីតិសូត្រទី ៣៣ នៃទីឃនិកាយ បាដិកវគ្គបញ្ជាក់ថា សម័យមួយព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបទនៅក្នុងនគរបាវា ក្នុងសណ្ឋាគារ ឈ្មោះ ឧព្ភតកៈ របស់ស្តេចមល្លៈទាំងឡាយ ក្នុងរាត្រីមួយទ្រង់សម្តែងធម៌ដល់ស្តេចមល្លៈទាំងឡាយរហូតយប់ជ្រៅ ព្រះអង្គទ្រង់រោយខ្នងណាស់ ទ្រង់បំណងនឹងទម្រេតខ្នងបន្តិច ទើបប្រោសប្រទានវរោកាសឱ្យព្រះសារីបុត្តសម្តែងធម៌ដល់ព្រះសង្ឃជំនួសព្រះអង្គ ។ ព្រះសារីបុត្តបានឱកាសល្អដូច្នោះ ទើបប្រារព្ធរឿងនិគ្រន្ថវិវាទគ្នា ជាមូលហេតុ ឱ្យព្រះសង្ឃទាំងពួងមើលជានិមិត្ត ដើម្បីកុំឱ្យបែកបាក់គ្នាដូចជាពួកនិគ្រន្ថ ។ ព្រះសារីបុត្តក៏បានសម្តែងធម៌ជាពួកៗ ជាក្រុមៗ ដើម្បីឱ្យភិក្ខុទាំងឡាយស្រួលយល់ ស្រួលចាំក្នុងអត្ថនីមួយៗ ។
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដក > វិនយបិដក > មហាវគ្គ > បឋមភាគ > មហាខន្ធកៈ (បព្វជ្ជារបស់ឈ្មោះសារីបុត្តនិងមោគ្គល្លាន រឿងអស្សជិ) (សៀវភៅភាគ ៦ ទំព័រទី ១២៣)
|