[go: up one dir, main page]

Jump to content

មូរតិ

ពីវិគីភីឌា
​​មូរតិ
(ទេវរូប)
សាសនា ព្រហ្មញ្ញ សាសនា
ហិណ្ឌូសាសនា
និកាយត័នត្រៈ
សក្តិនិកាយ
ប្រភេទ ទេវរូប
ភាសាអង់គ្លេស Murti

មូរតិ (អង់គ្លេស: Murti ភាសាសំស្ក្រឹត: मूर्ति ) គឺ ទេវរូបរបស់ទេវតានៅ​ព្រហ្មញ្ញ សាសនា ហិណ្ឌូសាសនា.៚[]

ទេវរូបរបស់ព្រហ្មញ្ញ ហិណ្ឌូ
សិល្បៈឥណ្ឌា.
សិល្បៈឥណ្ឌា.

សាសន​ប្រវត្តិ

[កែប្រែ]

គម្ពីរ​ត្រៃវេទ

[កែប្រែ]

ពួក​អ្នក​កាន់​លទ្ធិ​ព្រហ្មញ្ញ​ រមែង​គោរព​បូជា​ទេវតា​ដូច​ពោល​ហើយ​ នឹង​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​ពាក្យ​ប្រដៅ​ក្នុង​គម្ពីរ​ត្រៃវេទ (ដែល​យើង​ហៅ​ត្រៃ​ភេទ ) នឹង​វេទាង្គ​ដ៏​ជា​គម្ពីរ​ដើម​របស់​គេ​បែប​យ៉ាង​គម្ពីរ​ព្រះ​ត្រៃបិដក​របស់​ពួក​យើង​ សឹង​សំដែង​អំពី​កិច្ច​សម្រាប់​បួង​សួង​ទេវតា​ នឹង​ពិធីការ​បូជា​យញ្ញ​ព្រម​ទាំង​មន្ត​សម្រាប់​សែន​ ឯ​គម្ពីរ​ត្រៃ​វេទ​នោះ​មាន​៣​គម្ពីរ​គឺ ៖​

១- គម្ពីរ​ សាមវេទ​ សំដែង​អំពី​ពិធី​អារក្ខា​ពលីកម្ម​ គឺ​បួង​សួង​សូម​ឲ្យ​ព្រះ​ឥន្រ្ទ​ និង​ព្រះ​ពរុណ​ជួយ​អភិបាល​មនុស្ស​លោក​ ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​មក​ស្រោច​ស្រង់​លោក​ត្រូវ​តាម​រដូវ​កាល​ ឲ្យ​ធញ្ញជាតិ​នឹង​បណ្ដា​ដំណាំ​ទាំង​ពួង​ដុះ​លូត​លាស់​ល្អ​បរិបូណ៌​ ឲ្យ​មនុស្ស​នឹង​សត្វ​បាន​ចិញ្ចឹម​ជីវិត​មាន​កូន​ចៅ​ចំរើន​ពូជ​ពង្ស​ នឹង​សូម​ឲ្យ​ប្រាស​ចាក​ឧបទ្រព​អន្តរាយ​ ដោយ​ប្រការ​ទាំង​ពួង ។
២- គម្ពីរ​ អស្វវេទ​ ឬ​ហៅ​មួយ​យ៉ាង​ទៀត​ថា​ ឥរុវេទ​ សំដែង​អំពី​ពិធី​តុស្តី (ឬ​ស្លុតី ) សូម​ឲ្យ​ព្រះ​វិស្សុកម្ម​នឹង​ព្រះ​មារុត​ ព្រះ​ព្រហ្ម​ប្រសិទ្ធី​ប្រទាន​ពរ​ ឲ្យ​សម្រេច​កិច្ច​ក្នុង​ការ​ហត្ថកម្ម​ពានិជ​កម្ម​ នឹង​សូម​ឲ្យ​សម្រេច​ផល​ប្រយោជន៍​ បាន​លុះ​លាភ​សក្ការ​ផ្សេង​ៗ​តាម​ដែល​ត្រូវ​ការ ។
៣- គម្ពីរ​ យជុរវេទ​ គឺ​យុជយុទ្ធ​ សំដែង​អំពី​ធ្វើ​ពិធី​យុទ្ធ​ពលីកម្ម​ដល់​ព្រះ​ឥសូរ​ ព្រះ​នារាយណ៍​ព្រះ​អាទិត្យ​ ព្រះ​អគ្រនី​សូម​ឲ្យ​មាន​ឫទ្ធី​តេជៈ​ជោគ​ជ័យ​​ ឈ្នះ​អស់​សឹក​សត្រូវ​ទាំង​សម្ទាយ​ នឹង​សូម​ឲ្យ​កំចាត់​ឧបទ្រព​អន្តរាយ​ទាំង​ពួង ។ ក្នុង​ព្រះ​វេទ​៣​ប្រការ​នេះ​ ព្រះ​វេទ​មួយ​ៗ​ លោក​ចំណែក​ចេញ​ជា​២​ផ្នែក​ គឺ​ហៅ​ថា​វេទ​ ឬ​ព្រហ្ម​១​ផ្នែក​ មន្ត​១​ផ្នែក ។ ផ្នែក​វេទ​ បាន​នឹង​ពិធី​កម្ម​របៀប​ការ​ ដែល​នឹង​ចាត់​គ្រឿង​សក្ការ​ថ្វាយ​ព្រះ​ជា​ម្ចាស់, ផ្នែក​មន្ត​ បាន​នឹង​របៀប​ពាក្យ​សារ​ស្លោក​ សម្រាប់​សូត្រ​ស្លុតី​អង្វរ​ នឹង​សរសើរ​ព្រះ​ជា​ម្ចាស់​ដើម្បី​នឹង​ឲ្យ​ទ្រង់​មេត្តា​ប្រោស​ប្រសិទ្ធី​ប្រទាន​ពរ​ ឲ្យ​តាម​ដែល​ត្រូវ​ការ ។ គម្ពីរ​របស់​ព្រាហ្មណ៍​មិន​មែន​មាន​តែ​៣​ប៉ុណ្ណេះ​ នៅ​មាន​គម្ពីរ​ឯ​ទៀត​ដែល​អ្នក​ប្រាជ្ញ​បាន​រចនា​តាក់​តែង​ បំបែក​អំពី​គម្ពីរ​ដើម​ទាំង​៣​ត​ទៅ​ទៀត​ នឹង​តែង​ឡើង​ក្នុង​ជំនាន់​ក្រោយ​ជា​ច្រើន​បែប​ អដ្ឋកថា​នឹង​ដីកា​របស់​ព្រះ​ត្រៃ​បិដក​ដូច្នោះ ។ ព្រាហ្មណ​ឬ​ជាតិ​ឯ​ទៀត​ អ្នក​ដែល​កំពុង​រៀន​ព្រះ​វេទ​ទាំង​៣​នេះ​ហៅ​ថា << ព្រហ្ម​ចារី >> អ្នក​បំពេញ​ព្រហ្ម​គឺ​ព្រះ​វេទ ។ អ្នក​រៀន​ចេះ​ចប់​ហើយ​ហៅ​ថា << វេទ​គូ >> អ្នក​ដល់​នូវ​ទី​បំផុត​នៃ​ព្រះ​វេទ, ឬ​ហៅ​ថា << បារគូ >> អ្នក​ដល់​នូវ​ត្រើយ​នៃ​ព្រះ​វេទ​ គឺ​ស្រេច​កិច្ច​ដែល​ជា​ហេតុ​តោង​នៅ​ក្នុង​សំណាក់​គ្រូ​ហើយ​ ដូច្នេះ​បុគ្គល​ដែល​ហៅ​ថា << ព្រាហ្មណ >> គប្បី​ចូល​ចិត្ត​ថា​ មាន​ជា​២​យ៉ាង​​គឺ​ព្រាហ្មណ​ដោយ​ជាតិ​១​យ៉ាង​ ព្រាហ្មណ​ដោយ​លុះ​គុណ​ធម៌​ គឺ​ត្រៃវេទ​១​យ៉ាង ។ ព្រាហ្មណ​ពួក​ក្រោយ​នេះ​ចាត់​ជា​ព្រាហ្មណ​ជាន់​ខ្ពស់​បំផុត​ អ្នក​ដទៃ​មាន​ក្សត្រយ៍​ជា​ដើម​ត្រូវ​គោរព​ ដូច​យ៉ាង​យើង​គោរព​ព្រះ​សង្ឃ​សមណ ។

ខ​ បដិបត្តិ​ក្នុង​លទ្ធិ​ព្រហ្មញ្ញ​

[កែប្រែ]

ពួក​អ្នក​កាន់​លទ្ធិ​នេះ​ មាន​សេចក្ដី​ឃើញ​ថា​ លោក​ធាតុ​នឹង​វត្ថុ​ធាតុ​ទាំង​ពួង​បណ្ដា​ដែល​មាន​នៅ​ក្នុង​ពិភព​នេះ​ ព្រះ​ជា​ម្ចាស់​ទ្រង់​សាង​​ ទ្រង់​បង្កើត​ឡើង​ទាំង​អស់​ បណ្ដា​ធាតុ​ទាំង​ពួង​មាន​ទឹក​ដី​ភ្លើង​ខ្យល់​អាកាស​ជា​ដើម​ សុទ្ធ​តែ​មាន​ទេព​ប្រចាំ​នៅ​ទាំង​អស់​ ដូច្នេះ​កាល​គេ​ត្រូវ​ការ​អ្វី​ ក៏​ក្រាប​សំពះ​បួង​សួង​បន់​ស្រន់​ព្រះ​ជា​ម្ចាស់​ នឹង​ទេវតា​នោះ​ៗ​ សុំ​ឲ្យ​ប្រសិទ្ធី​ប្រទាន​ពរ​ឲ្យ​ខ្លួន​ ដោយ​មក​សំគាល់​ឃើញ​ថា​អ្នក​នឹង​បាន​សុខ​ ព្រោះ​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​ នឹង​បាន​ទុក្ខ​ ព្រោះ​ព្រះ​ជា​ម្ចាស់​ដាក់​ទំនាយ​ គឺ​ទាយ​ឲ្យ​វិនាស​ហិន​ហោច​ទៅ​ អ្វី​ៗ​ទាំង​អស់​ ស្រេច​នឹង​ព្រះ​ជា​ម្ចាស់​ប្រទាន​ឲ្យ​ ព្រះ​ជា​ម្ចាស់​មាន​អំណាច​អាច​នឹង​បណ្ដាល​របស់​ទាំង​ពួង​ ឲ្យ​ប្រព្រឹត្ត​ទៅ​តាម​ព្រះ​ហឫទ័យ​បំណង​បាន​គ្រប់​យ៉ាង​ដូច្នេះ​ កាល​ណា​បើ​អ្នក​ណា​មួយ​ប្រាថ្នា​អ្វី​ គប្បី​បំពេញ​កិច្ច​ក្នុង​លទ្ធិ​នោះ​តាម​ដែល​គេ​កំណត់​ទុក​ដោយ​សារុប​មាន​៣​យ៉ាង​គឺ :

ធ្វើ​ទុក្ករ​កិច្ច​ទរ​មាន​រាង​កាយ​ ហៅ​ថា​បំពេញ​តបៈ​១​ តាំង​ពិធី​បួង​សួង​បូជា​ហៅ​ថា​ បូជា​អគ្រនី​ឬ​បូជា​យញ្ញ​១​ ធ្វើ​ពិធី​ជំរះ​លាង​បាប​ក្នុង​គង្គា​ ហៅ​ថា​សិវ​រាត្រី​១ ។

ពិធី​បំពេញ​តបៈ

[កែប្រែ]

ឯ​ពិធី​បំពេញ​នោះ​គឺ​ ប្រព្រឹត្ត​ទរ​មាន​រាង​កាយ​យ៉ាង​តឹង​រឹង​ ឲ្យ​បាន​នូវ​សេចក្ដី​លំបាក​ទៀប​ស្លាប់​ខ្លះ​ ដល់​នូវ​សេចក្ដី​ស្លាប់​ខ្លះ​ដូច​យ៉ាង​ប្រព្រឹត្ត​ដើរ​នឹង​ឈរ​ជា​វត្ត​ មិន​ដេក​ មិន​អង្គុយ, រដូវ​ក្ដៅ​ត្រូវ​អាំង​ភ្លើង​៥​គម្នរ​ គឺ​ដុត​ភ្លើង​ឡើង​ជុំ​វិញ​ខ្លួន​៤​គម្នរ​ លើ​ក្បាល​១​ គម្នរ​ទៀត​ គឺ​កំដៅ​ព្រះ​អាទិត្យ, រដូវ​ភ្លៀង​ត្រូវ​ឈរ​ហាល​ភ្លៀង, រដូវ​ល្ងា​ត្រូវ​ប្រើ​សំពត់​ទទឹក, នឹង​ប្រព្រឹត្ត​ស៊ី​តែ​ផ្លែ​ឈើ​ចិញ្ចឹម​ជីវិត​ តាង​បាយ​តាង​នំ​ ដោយ​ចូល​ចិត្ត​ថា​ តេជៈ​ដែល​ប្រព្រឹត្ត​តបៈ​ដូច្នោះ​ បណ្ដាល​ឲ្យ​ក្ដៅ​ដល់​ព្រះ​ជា​ម្ចាស់​ៗ​ទត​មក​ឃើញ​អំណាច​កំលាំង​ព្យាយាម​ នឹង​សេចក្ដី​ភក្ដី​ដ៏​មុត​មាំ​មិន​រញ់​រា​ដូច្នោះ​ហើយ​ រមែង​ទ្រង់​មេត្តា​ប្រោស​ប្រទាន​ពរ​ឲ្យ​តាម​ប្រាថ្នា, នឹង​ចូល​ចិត្ត​ថា​ជា​បុណ្យ​កុសល​យ៉ាង​ក្រៃពែក, ប្រសិន​ជា​ស្លាប់​ទៅ​ក្នុង​វេលា​នោះ​ រមែង​បាន​ទៅ​កើត​ក្នុង​ថាន​សួគ៌​ មិន​តោង​ចុតិ​ប្រែ​ប្រួល​ទៅ​កើត​ជា​អ្វី​ទៀត ។ អ្នក​ណា​ប្រព្រឹត្ត​មិន​គប្បី​នឹង​ព្រះ​ជា​ម្ចាស់​ៗ​ រមែង​ដាក់​បណ្ដាស្សា​ឲ្យ​វិនាស​ទៅ​ ឬ​ដាក់​ទណ្ឌកម្ម​ឲ្យ​ទទួល​ទោស​មាន​កំណត់​ បើ​ជា​ទោស​ធ្ងន់​ត្រូវ​ទៅ​សោយ​ទុក្ខ​ឯ​នរក​ដោយ​ខ្លួន​ឯង​ផង ។

ពិធី​បូជា​ព្រះ​អគ្រនី

[កែប្រែ]

តាម​ក្នុង​ដំណាល​ថា​ ព្រះ​អគ្រនី​នោះ​ជា​បុត្រី​ តវស្រ្តិ​គឺ​វិសពក៍​មន៍​ ខ្លះ​ថា​ជា​បុត្រ​អាកាស​នឹង​ផែនដី​ លក្ខណ​រូប​ឆោម​សក់​សំបុរ​មាស​ ខ្លួន​ក្រហម​មុខ​២​ អណ្ដាត​៧​ ដៃ​៧​ ជើង​៣, រូប​ឆោម​ជា​កំលោះ​ជា​និច្ច​មិន​ចេះ​ចាស់​​ ព្រោះ​កើត​ឡើង​ថ្មី​រាល់​ថ្ងៃ​ទ្រង់​ធនូ​ជា​អាវុធ​ រថ​ទ្រង់​ទិម​សេះ​ក្រហម, ជា​អ្នក​ទ្រង់​នូវ​គម្ពីរ​សាស្រ្ត​ទាំង​ពួង​ ស្ថិត​នៅ​ឯ​ថាន​សួគ៌​នឹង​ផែនដី​ក្នុង​ទឹក​ មាន​កិច្ច​ជា​ទូត​ ទៅ​មក​ក្នុង​រវាង​ថាន​សួគ៌​នឹង​ថាន​មនុស្ស ។ ព្រះ​អគ្រនី​នេះ​ គេ​រាប់​ចូល​ក្នុង​ពួក​ព្រះ​អាទិត្យ​ ព្រោះ​ជា​អ្នក​មាន​តេជៈ​ដូច​គ្នា​ ពួក​ទេវតា​​ អ្នក​ដែល​មាន​រស្មី​​ ព្រោះ​ព្រះ​អគ្រនី​ប្រទាន​ឲ្យ ។ ពួក​អ្នក​កាន់​សាសនា​ព្រាហ្មណ​រមែង​រាប់​អាន​ ព្រះ​អគ្រនី​នេះ​ជា​សំខាន់​១​យ៉ាង​ រហូត​ដល់​ទៅ​តែង​តាំង​របៀប​ពិធី​បូជា​ទុក​យ៉ាង​មាំ​មួន​ ដូច​មាន​ត​ទៅ​នេះ ។

ក្នុង​គម្ពីរ​គោបថ​ព្រាហ្មណ៍ម​ សំដែង​អំពី​ពិធី​បូជា​ភ្លើង​តាម​បទ​អថ៌វវេទ, ក្នុង​គម្ពីរ​តលវការ​ព្រាហ្មណ៍ម​ សំដែង​អំពី​យញ្ញ​វិធី​តាម​បទ​សាមវេទ​ ចំណែក​ចេញ​ជា​៤​យ៉ាង​គឺ :

១ ប្រដៅ​ព្រះ​វេទ​ដល់​សិស្ស​ទាំង​ឡាយ​ ហៅ​ថា​បូជា​ព្រះ​វេទ​

២ សែន​ដោយ​គ្រឿង​សំណែន​ទាំង​ឡាយ​ មាន​នំ​ ជា​ដើម​ ហៅ​ថា​បូជា​បិតា​

៣ ដុត​របស់​ក្នុង​គម្នរ​ភ្លើង​ថ្វាយ​ទេវតា​ ហៅ​ថា​ បូជា​ទេវតា​

៤ ឲ្យ​អាហារ​ជា​ទាន​ ហៅ​ថា​ បូជា​សត្វ​ទាំង​ឡាយ ។

ក្នុង​ពិធី​បូជា​ទាំង​៤​ខ​នេះ​ ខ​ទី​១- ២- នឹង​ទី​៤​ សូម្បី​សំដែង​ដោយ​សង្ខេប​តែ​ប៉ុណ្ណេះ​ អ្នក​មើល​អ្នក​ស្ដាប់​ក៏​ល្មម​ចូល​ចិត្ត​បាន​ មាន​អត្ថ​ដ៏​គួរសម​នឹង​អធិប្បាយ​តែ​ក្នុង​ខ​ទី​៣​ ហេតុ​នោះ​ក្នុង​ទី​នេះ​នឹង​អភិប្រាយ​ចំពោះ​តែ​ខ​នោះ​ដោយ​ល្មម​សមគួរ ។ ពួក​អ្នក​កាន់​សាសនា​ព្រាហ្មណ៍​យល់​ថា​ ភ្លើង​មាន​ទេវតា​ដែល​ហៅ​ថា​ព្រះ​អគ្រនី (គឺ​ព្រះ​អគ្គី ) នៅ​ប្រចាំ​ ជា​អ្នក​មាន​ឫទ្ធី​តេជៈ​ដ៏​វិសេស​មួយ​យ៉ាង​ ទើប​នាំ​គ្នា​បូជា​ដើម្បី​ឲ្យ​បាន​ឫទ្ធី​តេជៈ​ដូច្នោះ ។ តាម​រឿង​ដើម​ថា​ ជន​ជាតិ​កោឡារី​រាប់​អាន​សាសនា​នាគ​ដល់​មក​ក្នុង​រជ្ជកាល​ព្រះ​ចៅ​បុរុ​រាជ​​ អាសិរពិស​ចឹក​ព្រះ​អង្គ​សុគត​ទៅ​​ ព្រះ​រាជ​បុត្រ​ក្រោធ​នឹង​អាសិរពិស​ណាស់​ ត្រាស់​ឲ្យ​យក​ភ្លើង​ទៅ​ដុត​សម្លាប់​អាសិរពិស​វិនាស​ទៅ​ជា​ច្រើន​ អំពី​នោះ​មក​ក៏​ទ្រង់​លើក​លែង​រាប់​អាន​សាសនា​នាគ​ បែ​មក​រាប់​អាន​ព្រះ​ភ្លើង​នេះ​វិញ ។ ពួក​អរិយ​បាន​នាំ​លទ្ធិ​បូជា​ភ្លើង​នេះ​មក​កាន់​ប្រទេស​កាបុល​ គឺ​កប្បុរ​ជា​ដំបូង​ សព្វ​ថ្ងៃ​នេះ​មាន​ជន​ជាតិ​ឥរណ៍​នៅ​រាប់​អាន​ពិធី​នេះ​នៅ​ឡើយ ។

ឯ​របៀប​ការ​បូជា​នោះ​ ត្រូវ​ជីក​រណ្ដៅ​ធំ​នៅ​ក្នុង​រវាង​ផ្លូវ​៤​ដំបន់​ ហើយ​បង្កាត់​ភ្លើង​ក្នុង​រណ្ដៅ​នោះ​ឲ្យ​ឆេះ​សន្ធោ​ឡើង​មុន​នឹង​បូជា​ ព្រាហ្មណ​តោង​ស្វាធ្យាយ​មន្ត​បួង​សួង​ប្រកាស​ទេវតា​ តាម​បែប​ដែល​សំដែង​ទុក​ក្នុង​គម្ពីរ​ព្រះ​វេទ​ផ្នែក​មន្ត​នោះ​ ស្រេច​ហើយ​នាំ​យក​របស់​ផ្សេង​ៗ​ ដែល​ជា​គ្រឿង​សង្វោយ​ទេវតា​ទៅ​បង់​ចុះ​ក្នុង​រណ្ដៅ​ភ្លើង​នោះ​ នឹង​យក​សត្វ​ឬ​មនុស្ស​ទៅ​សម្លាប់​នៅ​ទី​នោះ​យក​ឈាម​បូជា, អ្នក​ខ្លះ​មាន​សទ្ធា​ជ្រះ​ថ្លា​ខ្លាំង​​អារ​សាច់​ខ្លួន​ឯង​បូជា​ក៏​មាន, អ្នក​ខ្លះ​សម្លាប់​ប្រពន្ធ​កូន​ ឬ​ខ្លួន​ឯង​បូជា​តែ​ម្ដង​ក៏​មាន​ របៀប​នេះ​សមគួរ​ដល់​បុគ្គល​គ្រប់​ជាន់​ នឹង​គប្បី​ធ្វើ​បាន ។ នៅ​មាន​របៀប​មួយ​យ៉ាង​ទៀត​ប្លែក​អំពី​នេះ​បន្តិច​ ជា​កិច្ច​ដែល​ក្សត្រយ៍​នឹង​គប្បី​បំពេញ​ មាន​ប្រាកដ​ក្នុង​គម្ពីរ​របស់​ព្រាហ្មណ​នឹង​ក្នុង​គម្ពីរ​ខាង​ព្រះ​ពុទ្ធ​សាសនា​ថា​ ទំនៀម​ព្រះ​មហាក្សត្រយ៍​អំពី​បូរាណ​ អ្នក​ប្រាថ្នា​នឹង​ប្រកាស​ឥស្សរភាព​នៃ​ខ្លួន​ជា​ចក្រពត្តិ​ ត្រូវ​ធ្វើ​ពិធី​បូជា​យញ្ញ​ ដែល​ហៅ​ក្នុង​ចក្រវត្តិ​វត្ត​ថា​អស្វមេធ១

កាល​ព្រះ​ពុទ្ធ​អង្គ​ឧប៍តិ​ឡើង​ក្នុង​លោក​ ទ្រង់​កែ​ខ​នេះ​ទៅ​ជា​សស្សមេធ​ ប្រែ​ថា​ឆ្លាស​ក្នុង​ការ​ធ្វើ​ស្រែ​ស្រូវ​ បាន​សេចក្ដី​ថា​អ្នក​ជា​មហាក្សត្រយ៍​ ត្រូវ​ឲ្យ​ឆ្លាស​ក្នុង​ការ​បណ្ដុះ​បណ្ដាល​រាស្រ្ត​ ឲ្យ​ចេះ​ធ្វើ​ស្រែ​ស្រូវ​ឲ្យ​បាន​ផល​បរិបូណ៌​ឡើង​ ជា​សម្បត្តិ​សម្រាប់​ព្រះ​នគរ ។ ប្រែ​ថា​ឆ្លាស​ក្នុង​ការ​សម្លាប់​សេះ ។ ដំបូង​ត្រូវ​លែង​សេះ​ស​ព្រះ​ទីនាំង​១​ ឲ្យ​ដើរ​ចូល​ទៅ​ជាន់​ដែន​ប្រទេស​តូច​ធំ​ជិត​ខាង​ទាំង​ប៉ុន្មាន​ ដែល​មិន​ទាន់​ចុះ​ចូល​ជា​ស្រុក​ចំណុះ​ នឹង​ឲ្យ​សេនា​ទាហាន​១​កង​ទ័ព​លើក​តាម​សេះ​នោះ​ទៅ​ផង​ កាល​លើក​ទៅ​ បើ​មាន​ប្រទេស​ណា​មួយ​រឹង​ទទឹង​មិន​ព្រម​ចុះ​ចូល​ជា​ស្រុក​ចំណុះ​ ឬ​ចាប់​សេះ​ស​នោះ​ទុក​ កង​ទ័ព​ដែល​លើក​តាម​ទៅ​ត្រូវ​ចាត់​ការ​វាយ​ឲ្យ​បាក់​បប​ហើយ​លើក​បង្ហួស​ទៅ​ បើ​ប្រទេស​ណា​ខ្លាច​អំណាច​ព្រម​ចំណុះ​អំពី​ដំបូង​ដៃ​ មិន​បាច់​តោង​ធ្វើ​ដូច្នោះ​ស្រេច​ហើយ​លើក​ទ័ព​ត្រឡប់​ព្រះ​នគរ​ នាំ​យក​ទាំង​ក្សត្រយ៍​ម្ចាស់​ប្រទេស​នោះ​ៗ​មក​ផង​ ដល់​ព្រះ​នគរ​ហើយ​យក​សេះ​ស​នោះ​ទៅ​សម្លាប់​បូជា​យញ្ញ​ ដូច​ពោល​ហើយ​ថ្វាយ​ជា​ពលី​ដល់​ទេវតា​ ទាំង​ជា​គ្រឿង​ប្រកាស​ឲ្យ​លោក​ជ្រាប​ថា​​ព្រះ​មហាក្សត្រយ៍​អង្គ​នោះ​ ជា​ចក្រពត្តិ​រាជ​ បាន​ផ្សាយ​ព្រះ​តេជានុភាព​រហូត​ប្រថ​ពី​តល​ហើយ ។ របៀប​នេះ​ក្សត្រយ៍​ទាំង​ហ្លាយ​ ដែល​មាន​ព្រះ​តេជា​នុ​ភាព​ធំ​ៗ​មាន​ព្រះ​ចៅ​យុធិស្ឋិរ​ ព្រះ​ចៅ​មហា​វិជិត​ជា​ដើម​ បាន​ទ្រង់​ធ្វើ​មក​ហើយ​ក្នុង​អតីតកាល ។

ពិធី​សិវ​រាត្រី​

[កែប្រែ]

ពិធី​សិវ​រាត្រី​នេះ​ តាម​ប្រវេណី​គេ​ធ្លាប់​ធ្វើ​ក្នុង​ស្ទឹង​ព្រះ​គង្គាដ៏​ មាន​នៅ​ក្នុង​ប្រទេស​ឥណ្ឌៀ​ឯណោះ​ ហេតុ​ម្ដេច​បាន​ជា​គេ​កំណត់​ធ្វើ​តែ​ក្នុង​ទី​នោះ​ មាន​រឿង​រ៉ាវ​មក​ដូចម្ដេច​ ក្នុង​ទី​នេះ​ឃើញ​សមគួរ​នឹង​នាំ​យក​ប្រវត្តិ​ព្រះ​គង្គា​មក​សំដែង​ទុក​ក្នុង​រវាង​នេះ​ ឲ្យ​ជ្រាប​មូល​ហេតុ​ជា​មុន​សិន​ ហើយ​នឹង​សំដែង​ពិធី​សិវ​រាត្រី​ជា​ខាង​ក្រោយ​ដូច្នេះ ។

គង្គា​សព្ទ​នេះ​ក្នុង​ភាសា​មគធ​ក្ដី​ ក្នុង​ភាសា​សំស្រ្កឹត​ក្ដី​ លោក​ថា​ ជា​ឈ្មោះ​នៃ​ទឹក​ ពួក​យើង​ក៏​ធ្លាប់​ចូល​ចិត្ត​បាន​តែ​ប៉ុណ្ណោះ​ តែ​ក្នុង​គតិ​ព្រហ្មញ្ញ​ចូល​ចិត្ត​ហួស​ពី​នោះ​ទៅ​ទៀត​ថា​ ព្រះ​គង្គា​ជា​ធីតា​របស់​ព្រះ​បាទ​ហិមវត៍​ គឺ​ភ្នំ​ហិមពាន្ត​ នឹង​នាង​មេនកា​រួម​ជនក​ជននី​គ្នា​ នឹង​ព្រះ​ឧមា​មហេសី​ព្រះ​ឥសូរ​ ដើម​ឡើយ​នៅ​ឯ​ថាន​សួគ៌​ទាំង​ពីរ ។ លុះ​មក​ដល់​រជ្ជកាល​ព្រះ​បាទ​ទសគរ​ក្សត្រយ៍​សូរ្យ​វង្ស​ គ្រប​គ្រង​នគរ​ស្រី​អយុធ្យា​ មុន​ព្រះ​រាម​ឡើង​ទៅ​ជា​ច្រើន​ដំណ​ក្សត្រយ៍​ មាន​ឱរស​ប្រាំ​មួយ​ម៉ឺន​អង្គ ។ គ្រា​មួយ​នោះ​ទ្រង់​ធ្វើ​ពិធី​អស្វមេធ​នៅ​ទី​ចន្លោះ​ភ្នំ​ហិមពាន្ត​ នឹង​ភ្នំ​វិនធ្យ​​ ព្រះ​ឥន្រ្ទ​ឃើញ​ធ្វើ​ពិធី​មាំ​ទាំ​ដូច្នោះ​​ គិត​ក្រែង​ព្រះ​បាទ​សគរ​នឹង​មាន​អំណាច​លើស​លប់​ទៅ​ ទើប​ដំណែង​អង្គ​ជា​រក្សសោ (គឺ​អារក្ស​ទឹក ) ទៅ​លួច​សេះ​ដែល​សម្រាប់​សម្លាប់​បូជា​នោះ​ ទៅ​ព្រះ​ចៅ​សគរ​ទើប​ឲ្យ​ឱរស​ទាំង​ប្រាំ​មួយ​ម៉ឺន​ស្វែង​រក​សេះ​នោះ​ លើ​ផែន​ដី​សព្វ​កន្លែង​ ហើយ​មិន​ឃើញ​ព្យាយាម​ជីក​ផែន​ដី​ជម្រៅ​ប្រាំ​មួយ​ម៉ឺន​យោជន៍​ ទើប​ប្រទះ​សេះ​នឹង​ព្រះ​កបិល​ ដែល​ព្រះ​នារាយណ៍​បែង​ភាគ​មក​នៅ​ជិត​សេះ​នោះ​ សាគរ​កុមារ​ទាំង​ឡាយ​សំដៅ​ទៅ​នឹង​ប្រហារ​ព្រះ​កបិល​ ក៏​សំដែង​ឫទ្ធិ​កើត​ជា​ភ្លើង​ឆេះ​ស្លាប់​តាំង​៦០.០០០​អង្គ ។ ន័យ​ថា​លុះ​តែ​បាន​ទឹក​ព្រះ​គង្គា​មក​ស្រោច​ស្រង់​អង្គារ (ឆ្អឹង ) ទើប​នឹង​ជ្រះ​អស់​បាប​នឹង​ឡើង​ទៅ​កើត​ឯ​ថាន​សួគ៌​បាន​ ព្រះ​ចៅ​សគរ​មិន​ឃើញ​មាន​ឧបាយ​ដូចម្ដេច​ ដែល​នឹង​ឲ្យ​ទឹក​គង្គា​មក​ដល់​អង្គារ​ឱរស​បាន​ ក៏​ទ្រង់​ស្ងៀម​ប៉ុណ្ណោះ​ទៅ ។

អំណិស​លង់​មក​ជា​អង្វែង​ឆ្នាំ​ ក្នុង​រជ្ជកាល​ព្រះ​ចៅ​ភគី​រថ​ក្នុង​វង្ស​នោះ​ ស្ដេច​ចេញ​ទ្រង់​ភ្នួស​ជា​ឫសី​ បាន​បំពេញ​វត្ត​យ៉ាង​តឹង​រឹង​មាំ​មួន​ ទាល់​តែ​ព្រះ​ព្រហ្ម​កើត​មេត្តា​ចុះ​មក​ប្រទាន​ពរ​ ព្រះ​រាជ​ឫសីភគីរ​រថ​ទូល​សុំ​ពរ​ ឲ្យ​បាន​ព្រះ​គង្គា​ហូរ​ចុះ​មក​លាង​ជំរះ​អង្គារ​សាគរ​កុមារ​ ព្រះ​ព្រហ្ម​ក៏​អំណោយ​តាម​ប្រាថ្នា​ តែ​ត្រាស់​ថា​ឲ្យ​ទូល​សុំ​អំណាច​ព្រះ​ឥសូរ​ជួយ​ទទួល​ព្រះ​គង្គា​ផង​ ព្រោះ​ថា​បើ​នឹង​លែង​ឲ្យ​ហូរ​ចុះ​មក​ឃ្ឌូងឃ្ឌាង​តែ​ម្ដង​ លោក​នឹង​ដល់​នូវ​វិនាស​លិច​លង់​ស្លាប់​អស់ ។ព្រះ​ឫសី​តោង​បែ​ទៅ​តាំង​ព្យាយាម​ធ្វើ​ពិធី​សុំ​កំលាំង​ព្រះ​ឥសូរ​មក​ជួយ​ត​ទៅ​ ទាល់​តែ​ព្រះ​ឥសូរ​ទ្រង់​មេត្តា​ប្រោស​តាម​បំណង ។ ខណ​ព្រះ​គង្គា​ហូរ​ចុះ​ចាក​ថាន​សូគ៌​ ព្រះ​ឥសូរ​ក៏​ទ្រង់​ទទួល​ដោយ​ព្រះ​សិរ (ដោយ​ហេតុ​នេះ​ ព្រះ​ឥសូរ​ទើប​មាន​នាម​ថា​គង្គា​ធរ​ អ្នក​ទទួល​ព្រះ​គង្គា​ អំពី​នោះ​មក ) ព្រះ​គង្គា​ក្រោធ​ខ្លាំង​ណាស់​ ដែល​ត្រូវ​បន្ថយ​ថា​នន្តរ​ចុះ​ចាក​ថាន​សួគ៌​ មក​កាន់​មនុស្ស​លោក​ ត្រូវ​ព្រះ​ឥសូរ​ទរ​មាន​ឲ្យ​ហូរ​វិល​វល់​នៅ​ក្នុង​រវាង​ព្រះ​កេសា​ លំដាប់​នោះ​ព្រះ​មុនី​ភគី​រថ​ទើប​ទូល​សុំ​ឲ្យ​លែង​ព្រះ​គង្គា​ ព្រះ​ឥសូរ​ក៏​លែង​ឲ្យ​ហូរ​បាញ់​បែក​ជា​៧​ជ្រលង​ ព្រះ​ឫសី​ភគី​រថ​ក៏​បរ​រថ​នាំ​ផ្លូវ​ព្រះ​គង្គា​ឲ្យ​ហូរ​ទៅ​ឯ​អង្គារ​កុមារ​សាគរ​ ព្រះ​គង្គា​ក៏​ហូរ​តាម​ស្នាម​រថ​ទៅ​ ដល់​ទៅ​ទី​១​ដែល​ជា​ទី​តាំង​មណ្ឌល​ពិធី​របស់​ព្រះ​ជហនុ​សិទ្ធាចារ្យ​ ព្រះ​យោគី​ភគ៌​រថ​បរ​រថ​កាត់​ទី​នោះ​ទៅ​ព្រះ​គង្គា​ហូរ​តាម​ទៅ​ ក៏​លិច​ទី​ពិធី​នោះ​អស់​ព្រះ​ជហនុក្រោធ​ ក៏​ហា​មាត់​បៀម​ព្រះ​គង្គា​ទុក​ក្នុង​មាត់​ទាំង​អស់​ ហូរ​ទៅ​ទៀត​មិន​បាន​ ទាល់​តែ​ពួក​ទេព​និករ​ប្រជុំ​គ្នា​មក​អង្វរ​សុំ​ ព្រះ​ជហនុ​ទើប​លែង​ឲ្យ​ហូរ​ត​ទៅ​ គឺ​ឲ្យ​ហូរ​ចេញ​តាម​រន្ធ​ត្រចៀក​ ហើយ​ហូរ​តាម​ស្នាម​រថ​ទៅ​ដូច​អំពី​ដើម​ដរាប​ដល់​អង្គារ​កុមារ​សាគរ ។ កាល​ព្រះ​គង្គា​ហូរ​ស្រោច​ស្រប់​អង្គារ​ជំរះ​មន្ទិល​ហើយ​ វិញ្ញាណ​របស់​កុមារ​សាគរ​ក៏​បាន​ឡើង​ទៅ​កើត​ឯ​ថាន​សួគ៌​ទាំង​៦០.០០០​ ព្រោះ​ហេតុ​នេះ​ព្រះ​គង្គា​ទើប​បាន​មក​នៅ​ក្នុង​មនុស្ស​លោក​ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ។ កាល​ព្រះ​គង្គា​ចុះ​មក​នៅ​ក្នុង​មនុស្ស​លោក​នេះ​ហើយ​ ឫសី​ជី​ព្រាហ្មណ​ទាំង​ឡាយ​មាន​សេចក្ដី​សោមនស្ស​សាទរ​ពន់​ប្រមាណ​ អ្នក​ដែល​បាន​ងូត​ទឹក​នោះ​ហើយ​ ក៏​ជ្រះ​ស្រឡះ​អស់​បាប​អំពី​ខ្លួន​ សូម្បី​តែ​ទេវតា​ដែល​ចុតិ​មក​កើត​ក្នុង​មនុស្ស​លោក​ ព្រោះ​បាប​កម្ម​ឯ​ណា​នីមួយ​កាល​បាន​ងូត​ព្រះ​គង្គា​ហើយ​ ក៏​បាន​ត្រឡប់​ឡើង​ទៅ​កើត​ឯ​ថាន​សួគ៌​វិញ ។ ព្រះ​គង្គា​ដែល​ចុះ​មក​នៅ​ក្នុង​លោក​នេះ​ គឺ​ដើម​ទឹក​ហូរ​ចេញ​អំពី​ភ្នំ​ហិមាល័យ​ហូរ​ចាក់​មក​ខាង​ត្បូង​ តែ​បែក​ជា​ស្ទឹង​ពីរ​ ស្ទឹង​ខាង​លិច​ឈ្មោះ​យមុនា​ ស្ទឹង​ខាង​កើត​ឈ្មោះ​គង្គារ​ ស្ទឹង​គង្គារ​ហូរ​កាត់​មក​ត្រង់​នគរ​សង្កស្ស​ នគរ​កន្យា​កុញ្ញ​ រៀង​មក​ដល់​នគរ​មគធ​រវាង​ក្រុង​រាជ​គ្រឹះហ​ នឹង​ក្រុង​បាត​លីបុត្រ​អំពី​ដើម​ តាម​ដង​ស្ទឹង​នោះ​មាន​ឈ្មោះ​ហៅ​ផ្សេង​ៗ​ គឺ​ត្រង់​កន្លែង​ដែល​ព្រះ​គង្គារ​ចុះ​អំពី​ថាន​សួគ៌​ ហៅ​គង្គោតរី​ ត្រង់​កន្លែង​ដែល​ព្រះ​ឫសី​ភគីរ​រថ​បរ​រថ​ នាំ​ព្រះ​គង្គា​ទៅ​ឯ​អង្គារ​សាគរ​កុមារ​ហៅ​ ភាគីរថី ។ សព្វ​ថ្ងៃ​នេះ​ត្រង់​គង្គោតរី​ ដែល​ជា​ទី​សក្ខិ​សិទ្ធិ៍​មាន​ទេវ​ស្ថាន​១​ តូច​ដំកល់​រូប​ព្រះ​គង្គា​ នឹង​រូប​រាជ​ឫសី​ភគី​រថ​ទុក​ជា​សំគាល់​ នៅ​តំបន់​នេះ​គេ​ចំណែក​ទី​កំពង់​សំរាប់​ងូត​លាង​បាប​ជា​៣​អន្លើ​ ហៅ​ថា​កំពង់​ព្រះ​ព្រហ្ម​១​ កំពង់​ព្រះ​វិស្ណុ​១​ កំពង់​ព្រះ​ឥសូរ​១​ កំពង់​ទាំង​៣​នេះ​មាន​គុណ​ផ្សេង​គ្នា​​ អ្នក​ងូត​ប្រាថ្នា​ចង់​ងូត​កំពង់​ណា​ ក៏​ចុះ​ងូត​ក្នុង​កំពង់​នោះ​ទៅ ។ ត្រង់​ជ្រោយ​តំបន់​ស្រុក​អល្លាហបាទ​មាន​កំពង់​១​ ហៅ​ថា​ប្រយាគ​ ជា​ទី​សក្តិ​សិទ្ធិ៍​បំផុត​ មាន​ប្រជុំ​ជន​ទៅ​ងូត​ជំរះ​បាប​ រាប់​ចំនួន​ដោយ​សែន​ៗ​ ដោយ​សេចក្ដី​ជឿ​ជាក់​ក្នុង​អានុភាព​នៃ​ព្រះ​គង្គា ។ បើ​បាន​ទៅ​ងូត​ជំរះ​កាយ​ក្នុង​វេលា​ទេសកាល​ក្នុង​កំពង់​អំបាល​នេះ​ នឹង​ជ្រះ​អស់​បាប​កម្ម​អំពី​សន្ដាន​ មាន​អ្នក​ខ្លះ​ព្យាយាម​ដើរ​ប្រទក្សិណ​ស្ទឹង​ព្រះ​គង្គា​អស់​វេលា​២- ៣​ឆ្នាំ​ ទើប​ចុះ​ងូត​ក៏​មាន​ ពួក​ឥណ្ឌៀ​ត្រូវ​ការ​ណាស់​វេលា​ទៀប​នឹង​ស្លាប់​ សូម​ឲ្យ​បាន​ទៅ​ស្លាប់​ឬ​បាន​ទៅ​ដុត​រំលាយ​សព​នៅ​ឆ្នេរ​ព្រះ​គង្គា​ ស្រេច​ហើយ​រើស​ឆ្អឹង​បណ្ដែត​ចោល​ក្នុង​ព្រះ​គង្គា​ទៅ​ ដោយ​អានុភាព​នៃ​ព្រះ​គង្គា​ជំរះ​បាប​ អ្នក​នោះ​ឯង​នឹង​បាន​ឡើង​ទៅ​កើត​ឯ​ថាន​សួគ៌​ ប្រសិន​បើ​ស្លាប់​នៅ​ទី​ឆ្ងាយ​ ពួក​ញាតិ​យក​ឆ្អឹង​ទៅ​គ្រវែង​ចោល​ក្នុង​ព្រះ​គង្គា​ ក៏​បាន​ឡើង​ទៅ​កើត​ឯ​ថាន​សួគ៌​ដែរ ។ អ្នក​ដែល​នៅ​ឆ្ងាយ​បើ​បាន​ឱកាស​ទៅ​ងូត​ ច្រើន​តែ​ដង​ទឹក​នោះ​យក​មក​ផ្ញើ​ញាតិ​មិត្រ​អ្នក​ដែល​មិន​បាន​ទៅ​ អ្នក​ដែល​ជ្រះ​ថ្លា​ខ្លាំង​គ្រាន់​តែ​បញ្ចេញ​ឧទាន​ថា << គង្គា គង្គា >> ប៉ុណ្ណោះ​សូម្បី​នៅ​ចម្ងាយ​ទាំង​៣០​យោជន៍​ ដោយ​អានុភាព​នៃ​ព្រះ​គង្គា​ក៏​អាច​ជួយ​ឲ្យ​រួច​ចាក​បាប​ដែល​ខ្លួន​ធ្វើ​មក​ទាំង​៣​ជាតិ​ហើយ​បាន ។

ដោយ​ហេតុ​ជឿ​ជាក់​ក្នុង​អានុភាព​នៃ​ព្រះ​គង្គា​ដូច្នេះ​ ពួក​ព្រាហ្មណ​ទើប​បញ្ញត្តិ​ពិធី​សិវ​រាត្រី​ឡើង​ គឺ​ជា​ពិធី​ដែល​គេ​កំណត់​ឲ្យ​ធ្វើ​ក្នុង​វេលា​រាត្រី​ ក្នុង​១​ឆ្នាំ​ធ្វើ​ម្ដង​ នេះ​ពោល​តាម​ដែល​ធ្លាប់​ដឹង​មក​ដោយ​ច្រើន ។ ពិធី​នេះ​ដែល​គេ​ធ្វើ​ក្នុង​បច្ចុប្បន្ន​ពួក​ព្រាហ្មណ​នៅ​នគរ​ពារាណសី​ វេលា​យប់​នាំ​គ្នា​ទៅ​ឯ​វត្ត​ព្រាហ្មណ​ ឬ​ហៅ​ថា​ទេវស្ថាន​ ធ្វើ​កិច្ច​សូត្រ​មន្ត​ភាវនា​នមស្សការ​ទេវរូប​ នឹង​សិវលិង្គ​ តាម​ប្រវេណី​របស់​គេ​រហូត​រាត្រី​កាល​ លុះ​ទៀប​ភ្លឺ​ទើប​នាំ​គ្នា​កាន់​យក​នូវ​ក្អម​ស្ពាន់​ម្នាក់​១​ ទៅ​កាន់​ស្ទឹង​គង្គា​ អង្គុយ​ចុះ​ដង​មក​សូត្រ​សែក​ ខ្ពុរ​មាត់​លុប​មុខ​ហើយ​ទើប​លោត​ចុះ​ក្នុង​ទឹក​ មុជ​ឲ្យ​លិច​ក្បាល​អស់​វារ​៣​ដង​ ហើយ​វ្វេះ​យក​ដី​មក​ដុស​ខ្លួន​នឹង​បរិកម្ម​ថា​ គង្គា​គង្គា​ ដូច្នេះ​រអ៊ូ​ទៅ​ សក់​ដែល​ជ្រុះ​ក្នុង​វេលា​នោះ​ត្រូវ​រើស​បណ្ដែត​ទឹក​ទៅ​ ប៉ុណ្ណេះ​ឈ្មោះ​ថា​បាន​ជំរះ​លាង​បាប​អស់​អំពី​សន្ដាន​ម្ដង​ ស្រេច​ការ​ងូត​ទឹក​ហើយ​ យក​ក្អម​ដង​ទឹក​ត្រឡប់​ទៅ​កាន់​ទេវ​ស្ថាន​វិញ​ ជំរះ​ស្រោច​ស្រង់​សិវ​លិង្គ​ហើយ​យក​ក្អម​ទៅ​ត្រង​ទឹក​ដែល​ហូរ​ទៅ​តាម​ទរ​នៃ​បល្លង្ក​យោនី​ យក​មក​ស្រោច​ក្បាល​ខ្លះ​ ផឹក​ខ្លះ​តាម​សមគួរ​ ឈ្មោះ​ថា​បាន​នូវ​សេចក្ដី​ត្រជាក់​ត្រជុំ​ជា​សិរី​សួស្ដី​ នឹង​ជ្រះ​អស់​ចង្រៃ​ឧបទ្រព​ទាំង​ពួង ។

នៅ​មាន​របៀប​១​យ៉ាង​ទៀត​ ដែល​ពួក​ព្រាហ្មណ​ធ្វើ​នៅ​ក្រុង​បាងកក (សៀម) ប្លែក​អំពី​ដែល​ពោល​ហើយ​ខ្លះ​ដូច្នេះ​ នៅ​ថ្ងៃ​ពេញ​បូណ៌មី​ ខែ​មាឃ​ ពួក​ព្រាហ្មណ​យក​សិវលិង្គ​មក​ដំកល់​ក្នុង​ទី​មួយ​ដ៏​សមគួរ​ ទើប​ដាំ​សសរ​៤​ដើម​ជា​៤​មុម​ ជុំវិញ​សិវលិង្គ​ យក​ខ្សែ​ចង​ខ្វែង​ប្រទាក់​អំពី​សសរ​ទាំង​៤​ហើយ​យក​ឆ្នាំង​ទឹក​១​ទៅ​ចង​ព្យួរ​ត្រង់​រវាង​កណ្ដាល​ ឲ្យ​ត្រង់​ពី​លើ​សិវលិង្គ​ ទើប​ចោះ​បាត​ឆ្នាំង​ទម្លុះ​ឲ្យ​ទឹក​សេច​ស្រក់​ចុះ​លើ​សិវលិង្គ​ ហើយ​យក​ឆ្នាំង​១​ទៅ​ត្រង​នៅ​ចំពួយ​បល្លង្ក​យោនី​ បើ​ទឹក​នោះ​លេច​អស់​ទៅ​ត្រូវ​ថែម​ឡើង​ ទាល់​តែ​អស់​វេលា​រាត្រី​នោះ​ ដល់​វេលា​ទៀប​ភ្លឺ​ទើប​នាំ​គ្នា​ដណ្ដាំ​បាយ​លាយ​ដោយ​ទឹក​ដោះ​ សប្បិ​ ទឹក​ឃ្មុំ​ ស្ករ​ នឹង​គ្រឿង​ទេស​ដែល​រាប់​ថា​ជា​អាហារ​យ៉ាង​ប្រណីត​របស់​គេ​ បរិភោគ​ហើយ​នាំ​គ្នា​ទៅ​ងូត​ទឹក​ព្រែក​ ព្រោះ​នៅ​ឆ្ងាយ​អំពី​ព្រះ​គង្គា​ កក់​សក់​ជំរះ​កាយ​ហើយ​យក​ទឹក​ដែល​ស្រង់​សិវលិង្គ​មក​ស្រោច​ជំរះ​មន្ទិល​ថែម​ទៀត​ សក់​ដែល​ជ្រុះ​ក្នុង​វេលា​នោះ​គេ​រើស​បណ្ដែត​ទឹក​ទៅ​ ប៉ុណ្ណេះ​ជា​សូរេច​ពិធី​សិវ​រាត្រី ។

ផល​នៃ​ការ​បដិបត្តិ​ក្នុង​លទ្ធិ​ព្រហ្មញ្ញ​

[កែប្រែ]

ពួក​អ្នក​កាន់​សាសនា​ព្រាហ្មណ​គោរព​រាប់​អាន​ព្រះ​ព្រហ្ម​ ព្រះ​សិវ​​ ព្រះ​នារាយណ៍​ជា​សរណ​ទីពឹង​ នឹង​ប្រព្រឹត្ត​តាម​ពាក្យ​ប្រដៅ​ក្នុង​គម្ពីរ​ត្រៃវេទ ។ បើ​នឹង​ចំណែក​ផល​ប្រយោជន៍​ដែល​ប្រតិបត្តិ​ក្នុង​លទ្ធិ​នេះ​គួរ​ញែក​ជា​២​ប្រភេទ​ គឺ​១​ផល​ក្នុង​លោក​នេះ​ ២​ផល​ក្នុង​លោក​ឯ​មុខ ។ ប្រភេទ​ទី​១​ដោយ​ច្រើន​បាន​នឹង​ពួក​ឃរាវាស​ អ្នក​ប្រាថ្នា​គុណ​វិសេស​ឯ​ណា​នីមួយ​ ក៏​ប្រព្រឹត្ត​វត្ត​បំពេញ​តបៈ​កម្ម​ថ្វាយ​ព្រះ​ជា​ម្ចាស់​ រមែង​បាន​ទទួល​ផល​ទៅ​ជា​អ្នក​វិសេស​មាន​ឫទ្ធា​នុ​ភាព​ផ្សេង​ៗ​ក្នុង​ផ្លូវ​សឹក​សង្រ្គាម​ជា​ដើម ។ ប្រភេទ​ទី​២​បាន​ពួក​អ្នក​ឃើញ​ទុក្ខ​ក្នុង​ឃរាវាស​វិស័យ​ ចេញ​បួស​ជា​តាបស​ឫសី​អាស្រ័យ​នៅ​ក្នុង​ដែន​ដង​ព្រៃ​ បរិភោគ​មូល​ផលា​ផល​ជា​អាហារ​ ប្រព្រឹត្ត​ក្នុង​ផ្លូវ​បព្វជិត​ បង្អោន​ជីវិត​ថ្វាយ​ព្រះ​ជា​ម្ចាស់​ដើម្បី​បាន​លុះ​ភូមិ​ជាន់​ខ្ពស់​ក្នុង​លទ្ធិ​នោះ​ គឺ​១​រាជ​ឫសី​ ២​មុនី​ ៣​មហាឫសី​ ៤​ព្រហ្មឫសី​ ព្រហ្ម​ឫសី​ជា​កំពូល​នៃ​ភូមិ​ធម៌​ក្នុង​លទ្ធិ​នេះ​ អ្នក​ដែល​នឹង​បាន​លុះ​ភូមិ​នេះ​បាន​តោង​សង្កត់​ចិត្ត​ឲ្យ​ស្ងប់​ចាក​សេចក្ដី​ស្អប់​ សេចក្ដី​ស្រឡាញ់​ជា​ដើម​ឲ្យ​មែន​ៗ​ កាល​បាន​សំរេច​ភូមិ​ឫសី​អំបាល​នេះ​ហើយ​ វេលា​ស្លាប់​ទៅ​មាន​អំណាច​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ប៉ុណ្ណោះ​ ជា​យ៉ាង​ខ្ពស់​បំផុត(មិន​ដល់​ព្រះ​និព្វាន ) តែ​មើល​ទៅ​ប្រហែល​ជា​គេ​សំគាល់​ថា​ ទី​នោះ​ជា​និព្វាន​របស់​គេ​ហើយ​ នេះ​រាប់​ថា​ជា​កំពូល​នៃ​ផល​ទាំង​ពួង ។

សរុប​សេចក្ដី​

[កែប្រែ]

បើ​យើង​ពិនិត្យ​មើល​ទៅ​ ក្នុង​លទ្ធិ​នេះ​ឃើញ​ថា​នៅ​ច្រឡូក​ច្រឡំ​ទៅ​ដោយ​រាគា​ទិកិលេស​ច្រើន​ណាស់​ ដូច​ជា​ក្នុង​រឿង​មហា​ភារត​នឹង​រឿង​រាមាយណ​ជា​ដើម​សំដែង​ថា​ ឫសី​ទាំង​ឡាយ​សុទ្ធ​តែ​ជា​អ្នក​មាន​ប្រពន្ធ​កូន​ទាំង​អស់​​ ព្រោះ​គេ​កាន់​ថា​បុរស​ណា​គ្មាន​កូន​ប្រុស​ដ៏​កើត​អំពី​លោហិត​របស់​ខ្លួន​ បុរស​នោះ​កាល​ស្លាប់​ទៅ​រមែង​ធ្លាក់​ទៅ​សោយ​ទុក្ខ​ក្នុង​រណ្ដៅ​នរក​១​​ ឈ្មោះ << បុត >> បើ​មាន​កូន​ប្រុស​កូន​នោះ​នឹង​ការពារ​មិន​ឲ្យ​ធ្លាក់​នរក​នោះ​បាន​ សព្ទថា​ បុត​ ទើប​បាន​ជា​ឈ្មោះ​សម្រាប់​ហៅ​កូន​ប្រុស​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ ប្រែ​ថា​អ្នក​ការពារ​អាពុក​ឲ្យ​រួច​ចាក​រណ្ដៅ​នរក​ឈ្មោះ​បុត ។ មិន​តែ​ប៉ុណ្ណោះ​ឫសី​ទាំង​ឡាយ​នោះ​ ជា​ទី​រាប់អាន​របស់​ជន​ទាំង​ពួង​ ថា​ជា​អ្នក​ឲ្យ​នូវ​សេចក្ដី​សួស្ដី​មង្គល​បាន​ផង​ បើ​កូន​ក្រមុំ​អ្នក​ណា​នឹង​រៀប​អាពាហ៍​ពិពាហ៍​ នឹង​ប្រុស​ឯ​ណា​នីមួយ​ មាតា​បិតា​តោង​សុំ​សួស្ដី​មង្គល​អំពី​ឫសី​ ដែល​ជា​ទី​រាប់អាន​របស់​ខ្លួន​ជា​មុន​សិន​ ហើយ​ទើប​រៀប​ការ​ជា​ខាង​ក្រោយ​ ប្ដី​ប្រពន្ធ​គូ​នោះ​ក៏​នឹង​បាន​សេចក្ដី​ចំរើន​រុង​រឿង​ថ្កើង​កេរ្ត៍​ឈ្មោះ​ តាំង​ពី​ក្រមុំ​កំលោះ​រហូត​យាវ​ជីវំ ។ ប្រវេណី​នេះ​ តាម​ក្នុង​សេចក្ដី​កត់​ហេតុ​របស់​សម្ដេច​ព្រះ​ចម​ក្លៅ​ រជ្ជកាល​ទី​៤​នៃ​ប្រទេស​ស្យាម​ បាន​ស្ដេច​ទៅ​ប្រពាត​ប្រទេស​ឥណ្ឌៀ​ក្នុង​កាល​ ព.ស. ២៤១៤ ក៏​ថា​នៅ​មាន​ការ​ដែល​នឹង​ធ្វើ​ពិធី​បូជា​យញ្ញ​ បំពេញ​តបៈ​ ប្រព្រឹត្ត​វត្ត​ទរ​មាន​រាង​កាយ​ថ្វាយ​ព្រះ​ជា​ម្ចាស់​ទាំង​ប៉ុន្មាន​ ក៏​នៅ​ក្នុង​ប្រាថ្នា​ផល​សុទ្ធ​តែ​កាម​គុណ​ ទោះ​បី​ដូច្នោះ​ ក៏​នៅ​រាប់អាន​ថា​ជា​ព្រាហ្មណ​ជាន់​ខ្ពស់​ មាន​ញាណ​នឹង​តបៈ​ គឺ​សេចក្ដី​ត្រាស់​ដឹង​នឹង​តេជៈ​ផ្សេង​ៗ​គ្នា​ សូម្បី​ក្នុង​សេចក្ដី​ដែល​ថា​អ្នក​នឹង​បាន​លុះ​ភូមិ​ព្រហ្ម​ឫសី​តោង​សង្កត់​ចិត្ត​ឲ្យ​ស្ងប់​មែន​ៗ​ បើ​ដោយ​គិត​ទៅ​ពួក​យើង​បុថុជ្ជន​សព្វ​ថ្ងៃ​មាន​កិលេស​៣​កង​ គឺ​រាគ​​ ទោស​ មោហ​ជា​ធម្មតា​​ ពួក​ព្រហ្ម​ឫសី​ ក៏​មិន​រលោះ​ទៅ​ជាង​យើង​ប៉ុន្មាន​ ដូច​យ៉ាង​ព្រះ​គោតម​ឫសី​មាន​នាង​អហលា​ជា​ភរិយា​ មាន​ព្រះ​សតានន្ទ​មុនី​ជា​បុត្រ​នេះ​រាគ ។ ព្រះ​វិស្វាមិត្រ​ព្រហ្ម​ឫសី​ញុះ​ឲ្យ​ព្រះ​រាម​សម្លាប់​នាង​តារកា​ ឬ​ហៅ​ថា​កាកនាសូរ​ នេះ​ទោស ។ ព្រះ​វសិដ្ឋ​ព្រហ្ម​ឫសី​ចេញ​អំពី​នគរ​មិថិលា​ជា​មួយ​នឹង​ព្រះ​បាទ​ទសរថ​ នឹង​ទៅ​នគរ​ស្រី​អយុធ្យា​ ប្រទះ​នឹង​រាមបរសុ​ គឺ​រាមាសូរ​ក្នុង​រវាង​ផ្លូវ​ខ្លាច​ក្រែង​ត្រូវ​នឹង​ពូថៅ​របស់​រាមបរសុ​ តោង​និយាយ​ថ្អូញ​ថ្អែរ​ប្រាប់​ពួក​ព្រាហ្មណ៍​ជា​មួយ​គ្នា​នេះ​មោហ ។ ដូច្នេះ​ការ​បំពេញ​តបៈ​អស់​វេលា​រាប់​ម៉ឺន​ឆ្នាំ​ តើ​នឹង​ជា​គ្រឿង​បន្ទោ​កិលេស​អ្វី​បាន​ខ្លះ​ កាល​ចិត្ត​ត្រូវ​កិលេស​ទាំង​៣​នេះ​ ឯ​ណា​នីមួយ​គ្រប​សង្កត់​ហើយ​ ឈាន​វិសេស​ដែល​សម្រាប់​ធ្វើ​បាដិហារ្យ​ តើ​នឹង​កើត​ឡើង​ដោយ​ផ្លូវ​ណា ។ កុំ​ថា​ឡើយ​តែ​ពួក​ឫសី​ សូម្បី​ព្រះ​ជា​ម្ចាស់​ឯង​ គឺ​ព្រះ​ព្រហ្ម​ ព្រះ​សិវ​ ព្រះ​វិស្ណុ​ ដែល​រាប់​ថា​ជា​សរណ​វត្ថុ​ជាន់​ខ្ពស់​បំផុត​ ក៏​សុទ្ធ​តែ​នៅ​មាន​ប្រពន្ធ​កូន​​នៅ​មាន​រាគ​​ ទោស​ មោហ​​ ពេញ​បរិបូណ៌​មិន​ប្លែក​អ្វី​នឹង​យើង​ដែល​បុថុជ្ជន​ធម្មតា​ ដូច្នេះ​ឃើញ​គួរសម​យ៉ាង​ណា​ដែល​នឹង​ជ្រក​ក្បាល​ទៅ​យក​លោក​ជា​សរណ​ទីពឹង​ សម្រាប់​ក្នុង​សម័យ​ដែល​ស្រុក​ទេស​នៅ​ទន់​ទាប​ដោយ​ចំណេះ​វិជ្ជា​ ហើយ​ទាំង​គ្មាន​លទ្ធិ​សាសនា​ដទៃ​ៗ​ ជា​គ្រឿង​ប្រកប​នឹង​ជ្រើស​រើស​ ក៏​ឃើញ​ថា​គួរ​ទទួល​កាន់​សាសនា​បែប​នេះ ​ជា​បណ្ដោះ​អាសន្ន​ទៅ​សិន​ កាល​ស្រុក​ទេស​ចំរើន​ដោយ​ចំណេះ​វិជ្ជា​ ទាំង​មាន​សាសនា​ឯ​ទៀត​ៗ​កើត​ឡើង ​ជា​គ្រឿង​ប្រៀប​ធៀប​គ្នា​ហើយ​ ក៏​គួរ​ជា​នាំ​យក​មក​ប្រៀប​ធៀប​ ហើយ​កាន់​យក​យ៉ាង​ឯ​ណា​នីមួយ​ដែល​មាន​សារៈ​ជាង​ ដែល​នឹង​ក្ដាប់​ទុក​មិន​ក្រឡេក​មើល​មុខ​ណា​សោះ​ បើ​ពាន​លើ​ត្រូវ​ក៏​ជា​ការ​គាប់​ប្រសើរ​ បើ​ពាន​លើ​ខុស​រមែង​ជា​ការ​ចាញ់​ប្រៀប​មនុស្ស​ផង​គ្នា​ ដូច្នេះ​អ្នក​នឹង​កាន់​សាសនា​ណា​ត្រូវ​តែ​ពិនិត្យ​កុំ​ខាន​ ទើប​សម្រេច​ប្រយោជន៍​សម​បំណង​ដោយ​ពិត ។

បរិច្ឆេទ​ទី​៩​

[កែប្រែ]

លើក​ទី​២​

ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​=

[កែប្រែ]

បន្ទាប់​នឹង​សាសនា​ព្រាហ្មណ​នោះ​ ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​ ឬ​លទ្ធិ​អាចរិយ​វាទ​ផ្សាយ​មក​ក្នុង​ប្រទេស​កម្ពុជា​នេះ​មុន​ មាន​អ្នក​ខ្លះ​យល់​ថា​ លទ្ធិ​អាចរិយវាទ​ផ្សាយ​មក​មុន​ ដែល​ថា​ដូច្នេះ​ប្រហែល​ជា​អាង​បូរាណ​វត្ថុ​ ក្នុង​លទ្ធិ​នេះ​មាន​រូប​លោកេស្វរ​ជា​ដើម​ សឹង​មាន​នៅ​ក្នុង​កំឡុង​ក្រុង​មហិន្រ្ទ​បុរី​ ដែល​សាង​ឡើង​ក្នុង​រវាង​ព.ស.១៣០០​ ដល់​១៥០០​នោះ​ឯង ។ តែ​ដោយ​មតិ​របស់​ខ្ញុំ​យល់​ថា​លទ្ធិ​ថេរវាទ​ផ្សាយ​មក​មុន​ ក្នុង​ពេល​ដែល​ខ្មែរ​កំពុង​កាន់​សាសនា​ព្រាហ្មណ​នោះ​ឯង​ ដែល​ពោល​ដូច្នេះ​ដោយ​អាស្រ័យ​ការ​ស្វះ​ស្វែង​ស្រាវជ្រាវ​រក​ទៅ​ ឃើញ​មាន​មូល​ល្មម​ជឿ​យក​ជា​ពិត​បាន​គឺ :

១ ក្នុង​សម័យ​ក្រោយ​ពុទ្ធកាល​មិន​យូរ​ប៉ុន្មាន​ ដរាប​មក​ដល់​ព.ស. ៥០០ មាន​ជន​ជាតិ​ខេមរ​នាំ​គ្នា​ចុះ​មក​ពី​ដែន​មជ្ឈឹម​ប្រទេស​ មក​តាំង​ភូមិ​លំនៅ​នៅ​ក្នុង​ស្រុក​ដែល​ហៅ​ថា​​ទ្វារាវតី​ ហៅ​ក្នុង​កាល​ឥឡូវ​នេះ​ថា​នគរ​បថម​ នៅ​ជា​ខាង​ជើង​ក្រុង​បាងកក​មិន​ឆ្ងាយ​ប៉ុន្មាន​ ក្នុង​មនុស្ស​អំបាល​នោះ​អ្នក​ខ្លះ​កាន់​សាសនា​ព្រាហ្មណ​ អ្នក​ខ្លះ​កាន់​ព្រះ​ពុទ្ធ​សាសនា​ អ្នក​ណា​កាន់​សាសនា​អ្វី​ ក៏​នាំ​សាសនា​នោះ​យក​មក​ប្រព្រឹត្ត​នឹង​ប្រដៅ​អ្នក​ដទៃ​តទៅ​ ព្រោះ​ក្នុង​ពេល​នោះ​ព្រះ​ពុទ្ធ​សាសនា​បាន​ផ្សាយ​សុះសាយ​ទូទៅ​ក្នុង​ដែន​ឥណ្ឌៀ​ហើយ ។

២ ក្នុង​កាល​ព.ស.២៣៦ ព្រះ​សោណថេរ​នឹង​ព្រះ​ឧត្ដរ​ថេរ​ នាំ​ព្រះ​ពុទ្ធ​សាសនា​មក​ប្រតិស្ឋាន​ក្នុង​ប្រទេស​មន​ ដែល​មាន​អាណា​ខេត្ត​ជាប់​គ្នា​នឹង​ប្រទេស​កម្ពុជា​ បាន​ប្រដៅ​ប្រជាជន​ជាតិ​មន​ឲ្យ​កើត​ជ្រះ​ថ្លា​ថ្វាយ​ខ្លួន​ជា​ឧបាសក​ឧបាសិកា​ នឹង​បព្វជ្ជា​ឧបសម្បទា​ មាន​ចំនួន​ច្រើន​ឡើង​ដោយ​លំដាប់​ ហើយ​ក៏​ផ្សាយ​ចេញ​ទៅ​ក្នុង​ប្រទេស​ជិត​ខាង​ ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​រាប់​អាន​ព្រះ​ពុទ្ធ​សាសនា​ដែល​ផ្សាយ​អំពី​ប្រទេស​នោះ​ក្នុង​សម័យ​នោះ​ដែរ​ ឬ​នឹង​ថា​ព្រះ​ថេរ​ទាំង​ពីរ​មក​ប្រកាស​សាសនា​ក្នុង​ទី​នេះ​តែ​ម្ដង​ក៏​គួរ​ច្រើន​​ ព្រោះ​មាន​របស់​ដែល​ជា​ភស្តុតាង​ច្រើន​ជាង​ប្រទេស​មន ។

៣ ប្រាកដ​ក្នុង​រឿង​ប្រវត្តិ​ខ្មែរ​ ដែល​ក្រុម​ព្រះ​ដាំរង់​រាជា​ន​ភាព​​ ទ្រង់​រៀប​រៀង​ទុក​ក្នុង​សៀវភៅ​ព្រះ​រាជ​ពង្សាវតារ (ស្យាម) ច្បាប់​ព្រះ​រាជ​ហត្ថលេខា​ ទំព័រ​៣៧​ដែល​បោះ​ពុម្ព​កាល​ព.ស. ២៤៥៧​ថា << ភូមិ​ប្រទេស​ខ្មែរ​អំពី​ដើម​​ តាំង​នៅ​ទី​ទាប​ខាង​ត្បូង​ តាំង​អំពី​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​នេះ​ ឡើង​ទៅ​តាម​ឆ្នេរ​សមុទ្រ​ដរាប​ដល់​ទន្លេ​វិស្ណុ (គឺម៉ែណាំថៅ​ព្រះ​យ៉ា​សព្វ​ថ្ងៃ​នេះ ) រហូត​ទៅ​ទល់​នឹង​ប្រទេស​មន១

សម័យ​នោះ​គ្មាន​សៀម​នៅ​ក្នុង​រវាង​កណ្ដាល​ដូច្នេះ​ទេ ។ ខ​នេះ​គួរ​ជឿ​យក​ជា​ពិត​បាន​ ដោយ​ភាសា​អ្នក​ស្រុក​ដើម​ក្នុង​ទី​អំបាល​នេះ​ និយាយ​ភាសា​ខ្មែរ​ សូម្បី​ស្វ​ថ្ងៃ​នេះ​ពួក​មលៃយូ​ ក៏​នៅ​ប្រើ​ភាសា​ខ្មែរ​បង្គាប់​ដំរី​ទូទៅ​ ក៏​ក្នុង​ផ្ទៃ​ទី​អំបាល​នេះ​ មាន​បូរាណ​វត្ថុ​ដែល​ខ្មែរ​សាង​ទុក​នៅ​ជា​តឹកតាង​ច្រើន​ តែ​របស់​ទាំង​នេះ​មាន​ន័យ​គួរ​ឲ្យ​សង្កេត​ គឺ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​វិស្ណុ​ ច្រើន​សាង​ជា​ទេវស្ថាន​ក្នុង​សាសនា​ព្រាហ្មណ​ ត្រើយ​ខាង​លិច​ច្រើន​សាង​ជា​វត្ត​ នឹង​ព្រះ​ចេតីយ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​ តែ​ដូច្នេះ​តាំង​អំពី​ចុង​ដែន​មលៃយូ​រហូត​ទៅ​ ទល់​នឹង​ប្រទេស​មន ។

៤ ក្នុង​វេលា​នេះ​ប្រទះ​ឃើញ​បូរាណ​វត្ថុ​ផ្សេង​ៗ​ ជា​របស់​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ នឹង​ជា​របស់​ក្នុង​សាសនា​ព្រាហ្មណ​ដែល​ស្គាល់​បាន​ថា​ សាង​ឡើង​ក្នុង​សម័យ​នោះ​ៗ​ មាន​នៅ​ក្នុង​តំបន់​នោះ​ៗ​គឺ​នៅ​ស្រុក​នគរ​បថម​ មាន​ព្រះ​បថម​ចេតីយ៍​ជា​របស់​បូរាណ​ ធ្វើ​ដោយ​ឥដ្ឋ​រូប​សណ្ឋាន​ដើម​ដូច​គ្នា​នឹង​ព្រះ​ចេតីយ៍​សញ្ជី​របស់​ព្រះ​បាទ​ធម្មាសោក​ ចេតីយ៍​នេះ​ក្នុង​សៀវភៅ​ឈ្មោះ​បថម​ចេតីយ៍​ ដែល​ចៅ​ព្រះ​យ៉ាទិពាករ​វង្ស​ រៀប​រៀង​នឹង​បោះ​ពុម្ព​កាលព.ស. ២៤៦៩ ក៏​ថា​ខ្មែរ​បាន​កសាង​ឡើង​ម្ដង ។ នៅ​ទី​នោះ​គេ​បាន​ជីក​ទៅ​ប្រទះ​ឃើញ​សិលា​រូប​កង​ចក្រ​ គឺ​ធម្ម​ចក្រ​ នឹង​ពាក្យ​ចារិក​ព្រះ​ធម៌​ជា​ភាសា​មកធ, ព្រះ​ទែន​ពុទ្ធ​អាសន, ស្នាម​ព្រះ​ពុទ្ធ​បាទ, របស់​អំបាល​នេះ​គេ​សាង​ឡើង​សម្រាប់​បូជា​តាំង​អំពី​សម័យ​មុន​មាន​ព្រះ​ពុទ្ធ​រូប​ សម​តាម​ពណ៌​ដ៏​មាន​នៃ​ការ​ស៊ើប​សាសនា​របស់​អ្នក​ប្រាជ្ញ​បូរាណ​គតិ​ ក្នុង​ប្រទេស​ឥណ្ឌៀ​ថា​ ក្នុង​សម័យ​រជ្ជកាល​ព្រះ​បាទ​ធម្មាសោក​រាជ​មិន​ទាន់​មាន​ប្រវេណី​សាង​ព្រះ​ពុទ្ធ​រូប​នៅ​ឡើយ​ មាន​សាង​តែ​ព្រះ​ស្តូប​ចេតីយ៍​ នឹង​របស់​ជំនួស​ព្រះ​ពុទ្ធ​រូប​មាន​កង​ចក្រ​ជា​ដើម​ ព្រះ​ពុទ្ធ​រូប​ជា​របស់​ទើប​សាង​ឡើង​ក្នុង​ជាន់​ក្រោយ​ ដូច​មាន​ពោល​ក្នុង​បរិច្ឆេទ​ទី​១០ ។ មួយ​ទៀត​បូរាណ​វត្ថុ​បែប​ដែល​ឃើញ​នៅ​ព្រះ​បថម​ចេតីយ៍​ មិន​ចំពោះ​មាន​តែ​នៅ​ទី​នោះ​មួយ​កន្លែង​ប៉ុណ្ណោះ​ មាន​ផ្សាយ​មក​ក្នុង​ត្រើយ​ខាង​កើត​ទៀត​ជា​ច្រើន​អន្លើ​ សៀម​គេ​បាន​ស្រាវ​ជ្រាវ​រក​ទៅ​ឃើញ​មាន​រាយ​មក​ក្នុង​មណ្ឌល​រាជ​បុរី​ មឿង​ សុពណ្ណ​បុរី​ នឹង​មឿង​លព​បុរី​ ដែល​ជា​ទី​ក្រុង​ចាស់​របស់​ខ្មែរ​ មឿង​នគរ​រាជ​នឹង​នគរ​ភ្នំ​ ដែល​ជា​អាណា​ខេត្ត​របស់​ខ្មែរ​ក្នុង​បូរាណ​សម័យ ។ នៅ​ស្រុក​នគរ​ភ្នំ​សឹង​តាំង​នៅ​តាម​ឆ្នេរ​ទន្លេ​ខោង​ មាន​ព្រះ​ចេតីយ៍​១​អង្គ​ហៅ​ថា​ ព្រះ​ធាតុ​ភ្នំ ១

ពាក្យ​ថា​ ព្រះ​ធាតុ​ភ្នំ​នេះ​ក៏​ជា​ពាក្យ​ខ្មែរ​ទៅ​ហើយ ។ ជា​របស់​ខ្មែរ​សាង​ក្នុង​សម័យ​ជាន់​ដើម​បំផុត​ មុន​សាង​ក្រុង​មហិន្រ្ទ​បុរី​ជា​ច្រើន​រយ​ឆ្នាំ​ មាន​ស្នារដៃ​មិន​សូវ​ល្អ​ផ្ចិតផ្ចង់​ មិន​ដូច​ស្នារដៃ​យក​ក្នុង​សម័យ​សាង​ក្រុង​មហិន្រ្ទ​បុរី ។

៥ តាម​ព្រះ​មតិ​ព្រះ​បាទ​សម្ដេច​ព្រះ​មហា​មកុដ (ព្រះ​ចមក្លៅ ) នឹង​ក្រុម​ព្រះ​ដាំរុង​រាជា​នុភាព​ដែល​រាប់​ថា​ជា​អ្នក​ប្រាជ្ញ​បូណគតិ​ក្នុង​ទ្វីប​នេះ​ ក៏​ទ្រង់​យល់​ថា​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​បាន​ផ្សាយ​មក​ក្នុង​ប្រទេស​នេះ​តាំង​អំពី​សម័យ​ព.ស. ២៣៦ ដល់​៥០០​ជា​ប្រាកដ ។ ព្រះ​បាទ​សម្ដេច​ព្រះ​ចមក្លៅ​បាន​ឲ្យ​ចារិក​ទុក​នៅ​ព្រះ​បថម​ចេតីយ៍​ថា​ មឿង​នេះ​ជា​មឿង​ដែល​បាន​ទទួល​ព្រះ​ពុទ្ធ​សាសនា​មក​ប្រតិស្ឋាន​ តាំង​អំពី​សម័យ​ព្រះ​បាទ​ធម្មាសោក​ រាជ​បញ្ជូន​ព្រះ​ថេរ​មក​ប្រកាស​ដូច្នេះ ។

ដោយ​ហេតុ​អំបាល​នេះ​ ទើប​សន្និដ្ឋាន​ថា​ក្នុង​រវាង​ព.ស. ២៣៦​ដល់​៥០០​ ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​បាន​ផ្សាយ​មក​ក្នុង​ប្រទេស​កម្ពុជា​នេះ​ហើយ​ជា​ប្រាកដ ។ មិន​តែ​ក្នុង​សម័យ​នេះ​ សូម្បី​ក្នុង​សម័យ​ក្រោយ​មក​ គឺ​ពី​ព.ស. ៥០០​ដល់​១២០០​ ក៏​មាន​ដំណឹង​ថា​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​នេះ​ មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ គឺ :

១ កាល​មាន​ប្រវេណី​សាង​ព្រះ​ពុទ្ធ​រូប​ឡើង​ក្នុង​ប្រទេស​ឥណ្ឌៀ​ ពួក​ឥណ្ឌៀ​ក៏​នាំ​បែប​នោះ​មក​សាង​ទុក​ក្នុង​ប្រទេស​សុវណ្ណ​ភូមិ​នេះ​ទៀត​ ពួក​ខ្មែរ​ក៏​បាន​ទទួល​រាប់អាន​ប្រវេណី​ថ្មី​នេះ​ដែរ​ ខ​នេះ​យើង​អាច​សង្កេត​ដឹង​បាន​ដោយ​លក្ខណ​ព្រះ​ពុទ្ធ​រូប​បូរាណ​ ដែល​សាង​ឡើង​ជា​ដំបូង​ក្នុង​ប្រទេស​នេះ​ យ៉ាង​ព្រះ​ពុទ្ធ​រូប​គ្រា​សំដែង​ព្រះ​ធម្ម​ចក្រ​ គង់​សំយុង​ព្រះ​បាទ​ដូច​យ៉ាង​អង្គុយ​កៅអី​ជា​ដើម​​ ជា​របស់​សាង​មុន​បង្អស់​តាម​បែប​ប្រទេស​មគធ​ ដែល​មាន​សាង​ឡើង​ក្នុង​សម័យ​គុប្ដ​រាជ​វង្ស​ ប្រមាណ​ព.ស. ៩០០​ ក៏​មក​ឃើញ​មាន​នៅ​ក្នុង​តំបន់​ស្រុក​អំបាល​នេះ​ នៅ​វត្ត​ព្រះ​បថម​ចេតីយ៍​ក៏​មាន​មួយ​អង្គ​ដែរ ២

មាន​រូប​ថត​នៅ​ក្នុង​សៀវភៅ​ដំណាល​ពុទ្ធ​ចេតីយ៍​ ទំព័រ​១៨០​ ដែល​ខ្ញុំ​ប្រែ​មក​អំពី​សៀវភៅ​សៀម ។ ។

២ ប្រាកដ​ក្នុង​រឿង​ចាម​ទេវី​វង្ស​ ដែល​ព្រះ​ពោធិរង្សី​ថេរ​ តែង​ជា​ភាសា​មគធ​ចំនួន​៥​ខ្សែ​ ថា​ក្នុង​កាល​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​តាំង​រាជ​ធានី​នៅ​ស្រុក​លវោ​ ទ្រង់​ចាត់​ព្រះ​រាជ​ធីតា​ព្រះ​នាម​ចាម​ទេវី​ឲ្យ​ទៅ​គ្រប់គ្រង​ស្រុក​ ហរិភុញ្ជៃយ​ ឬ​ហៅ​ថា​ ឡានណា​ ឥឡូវ​នេះ​នៅ​ក្នុង​អាណាខេត្ត​របស់​សៀម​ភាគ​ខាង​លើ​ ក្នុង​កាល​ព.ស. ១២០០​ គ្រា​ដែល​ព្រះ​នាង​ទៅ​បាន​ទាំង​នាំ​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​ទៅ​ផ្សាយ​ក្នុង​ប្រទេស​នោះ​ផង​ គឺ​ព្រះ​នាង​និមន្ត​ព្រះ​ពុទ្ធ​រូប​១​អង្គ​ទៅ​ សព្វ​ថ្ងៃ​នេះ​នៅ​ក្នុង​វត្ត​មហា​ធាតុ​ មឿងលំភួន​ អ្នក​ស្រុក​ហៅ​ថា << ព្រះ​លវោ >> តាម​ហេតុ​ដែល​និមន្ត​ទៅ​ពី​ស្រុក​លវោ​ វេលា​ព្រះ​នាង​ទៅ​គង់​នៅ​ទី​នោះ​ហើយ​ មាន​សាង​វត្ត​ព្រះ​ស្តូប​ចេតីយ៍​ ព្រះ​ពុទ្ធ​រូប​ជា​ច្រើន​ ដូច​មាន​ប្រាកដ​ក្នុង​រឿង​នោះ​ស្រាប់ ។

៣ សិលា​ចារិក​នៅ​ស្រុក​លវោ​ ជា​របស់​ដែល​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​ចារិក​ទុក​ តែ​ក្នុង​ពុទ្ធ​សករាជ​ប៉ុន្មាន​មិន​ប្រាកដ​ ដោយ​ប្រមាណ​មើល​ប្រហែល​ជា​ក្នុង​រវាង​ព.ស. ១២០០​ ដល់​១៥០០​ រួម​សម័យ​ជា​មួយ​គ្នា​ នឹង​ព្រះ​នាម​ចាម​ទេវី​ វេលា​នេះ​សៀម​នាំ​យក​សិលា​ចារិក​ផែន​នោះ​ ទៅ​ដំកល់​ទុក​នៅ​ហោ​ព្រះ​សមុត​វជិរញាណ​ ក្រុង​បាងកក​ ដាក់​លេខ​៩​ជា​សំគាល់​សេចក្ដី​ក្នុង​សិលា​ចារិក​នោះ​និយាយ​សរុប​ថា << គ្រា​នោះ​ប្រទេស​កម្ពុជា​ មាន​ព្រះ​សង្ឃ​សមណ​វង្ស​ ទាំង​និកាយ​ស្ថវីរ​ទាំង​និកាយ​មហាយាន , ដូច្នេះ ។

ដោយ​គ្រឿង​អាង​ទាំង​នេះ​ ទើប​នាំ​ឲ្យ​ខ្ញុំ​យល់​ថា​ ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​ ផ្សាយ​មក​ក្នុង​ប្រទេស​កម្ពុជា​ មុន​លទ្ធិ​អាចរិយវាទ​ តែ​កាល​ស្រាវជ្រាវ​រក​បូរាណ​វត្ថុ​មក​ជា​គ្រឿង​ប្រកប​នេះ​ឃើញ​ មាន​តែ​ពី​ត្រឹម​ពាក់​កណ្ដាល​ប្រទេស​កម្ពុជា​ទៅ​ខាង​លើ​ ពាក់​កណ្ដាល​មក​ខាង​ក្រោម​ នោ​ពុំ​ទាន់​បាន​ប្រទះ​ឃើញ​ៗ​តែ​របស់​ក្នុង​លទ្ធិ​អាចរិយ​វាទ​ច្រើន​ ដូច្នេះ​គួរ​សន្និដ្ឋាន​ថា​លទ្ធិ​ថេរវាទ​ដែល​ផ្សាយ​មក​ក្នុង​វេលា​នោះ​ ប្រហែល​ជា​មិន​បាន​ផ្សាយ​ទូទៅ​ទាំង​ប្រទេស​ ផ្សាយ​មក​តែ​ក្នុង​ភាគ​ខាង​លើ​ដោយ​ច្រើន​ ព្រោះ​រាជ​ធានី​នោះ​តាំង​នៅ​ក្នុង​ស្រុក​លើ​ឯ​ណោះ ។

លើក​ទី​៣

[កែប្រែ]

លទ្ធិ​អាចរិយវាទ

[កែប្រែ]

ខ្ញុំ​បាន​ពោល​ហើយ​ក្នុង​បរិច្ឆេទ​ទី​៣​ថា​ ក្នុង​រវាង​ព.ស. ៩០០​ ដល់​ ៩៤០​​លទ្ធិ​អារិយវាទ​បាន​ផ្សាយ​ចេញ​អំពី​មជ្ឈឹម​ប្រទេស​ទៅ​ក្នុង​បច្ចន្ត​ប្រទេស​ប៉ែក​ខាង​កើត​ ដោយ​មាន​ដំណឹង​ខាង​ឥណ្ឌៀ​ថា​ក្នុង​រជ្ជកាល​ព្រះ​ចៅ​ស្កន្ធគុប្ដ (ម. ខន្ធគុត្ត ) ដែល​គ្រប់​គ្រង​ឥណ្ឌៀ​ខាង​លើ​ ជា​ក្សត្រយ៍​មាន​ព្រះ​តេជា​នុភាព​ខ្លាំង​ ទ្រង់​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​ លទ្ធិ​អាចរិយ​វាទ​ឲ្យ​រុង​រឿង​ឡើង​ ហើយ​ទ្រង់​អារាធនា​ព្រះ​សង្ឃ​គណ​នេះ​ ឲ្យ​ចេញ​ទៅ​ប្រកាស​សាសនា​ក្នុង​តាង​ប្រទេស​ទាំង​ឡាយ ។ ពួក​ដែល​មក​ប្រទេស​ប៉ែក​ខាង​កើត​ ចុះ​ភេត្រា​ឆ្លង​សមុទ្រ​ឥណ្ឌៀ​មក​ឡើង​នៅ​នគរ​ស្រី​វិជ័យ​ខ្លះ​ ខ្លះ​រហូត​មក​ឡើង​នគរ​ចម្ប៉ា​នឹង​នគរ​កម្ពុជា ។ មួយ​ពួក​ទៀត​ចេញ​អំពី​ប្រទេស​គន្ធារ​ទៅ​ប្រទេស​ប៉ែរ្ស​ ឬ​ដើរ​កាត់​កណ្ដាល​ទ្វីប​អាស៊ី​ទៅ​រហូត​ដល់​ប្រទេស​ចិន ។ តែ​រឿង​ព្រះ​ពុទ្ធ​សាសនា​ផ្សាយ​ទៅ​ប្រទេស​ចិន​ មាន​ពោល​ក្នុង​ទី​ដទៃ​ថា​ ក្នុង​រជ្ជកាល​ព្រះចៅ​ ជិនស៊ីហង់តេ​ រវាង​ព.ស. ២៩៧​ដល់​៣៣៣​ ចិន​បាន​ទទួល​រាប់អាន​ព្រះ​ពុទ្ធ​សាសនា​ម្ដង​ហើយ​ ដោយ​ពួក​សមណ​ជាតិ​តាត​នាំ​ទៅ​ប្រកាស​ផ្សាយ ។

ចំណែក​ប្រទេស​កម្ពុជា​យើង​ បាន​ទទួល​រាប់អាន​ពី​កាល​ណា​ ជា​ខ​គួរ​ឲ្យ​គិត​មើល​ បើ​តាម​ដំណឹង​ខាង​លើ​នេះ​ក៏​គួរ​ជា​ថា​ ប្រទេស​កម្ពុជា​បាន​ទទួល​រាប់អាន​លទ្ធិ​អារិយវាទ​ តាំង​ពី​រវាង​ព.ស. ៩០០​ដល់​៩៤០​ នោះ​ហើយ​បើ​គិត​ធៀប​តាម​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​ ត្រូវ​នឹង​រជ្ជកាល​ព្រះ​បាទ​កោណ្ឌញ្ញ​រាជ​ ដោយ​អនុមាន​មើល​ ក៏​គួរ​ជឿ​យក​ជា​ពិត​បាន​ ព្រោះ​ព្រះ​រាជា​អង្គ​នេះ​ចុះ​មក​អំពី​ប្រទេស​ឥណ្ឌៀ​ កាល​នៅ​ឯ​ប្រទេស​ដើម​ក៏​គង់​ជា​ធ្លាប់​រាប់អាន​មក​ហើយ​ លុះ​លោក​មក​បាន​ជា​ធំ​ក្នុង​ប្រទេស​នេះ​ក៏​គង់​ជា​ទ្រង់​ស្វះស្វែង​ រក​យក​មក​បង្កើត​ឲ្យ​មាន​ឡើង​ក្នុង​ប្រទេស​របស់​ព្រះ​អង្គ​​ ឬ​ទទួល​រាប់អាន​របស់​ដែល​ផ្សាយ​មក​ឯង​ក្នុង​វេលា​នោះ​ក៏​ថា​បាន ។ តាម​សិលា​ចារិក​នៅ​ស្រុក​ស្រីលវោ​ដែល​ពោល​ហើយ​ក្នុង​លើក​ទី​២​ ប្រមាណ​មើល​ប្រហែល​ជា​ក្នុង​រវាង​១២០០​ដល់​១៥០០​ ថា​មាន​លទ្ធិ​មហាយាន​នៅ​ក្នុង​ប្រទេស​នេះ​ហើយ​ ខ​នេះ​គួរ​ជឿ​យក​ជា​ពិត​បាន​ ព្រោះ​មាន​វត្ថុ​ជា​តឹកតាង​នៅ​ក្នុង​ទី​នោះ​មែន​ តែ​បើ​នឹង​ដេញ​ដោល​រក​ថា​ មាន​មក​ពី​ពុទ្ធ​សករាជ​ប៉ុន្មាន​ គង់​គ្មាន​អ្នក​ណា​តប​បាន​ ។ លុះ​មក​ដល់​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ជយវរម័ន​ មហា​រាជ​ទី​២​ ព.ស​១៣៤៥​ ដរាប​ដល់​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ជយវរម័ន​ មហា​រាជ​ទី​៧​ ព.ស ១៧០០ ប្លាយ​ ទើប​ឃើញ​ថា​លទ្ធិ​នេះ​ចំរើន​រុង​រឿង​ជា​យ៉ាង​ខ្លាំង​ ដោយ​មាន​បូរាណ​វត្ថុ​ផ្សេង​ៗ​ធ្វើ​អំពី​ថ្ម​នឹង​សម្រឹទ្ធ​ ដែល​ជា​របស់​ក្នុង​លទ្ធិ​នេះ​នៅ​មាន​ដល់​សព្វ​ថ្ងៃ​នេះ​ គឺ​ប្រាសាទ​បាយ័ន (ពី​ដើម​ជា​អារាម​ស្ថាន​ក្នុង​លទ្ធិ​មហាយាន​ វេលា​ក្រោយ​ព្រះ​បាទ​យសោវរម័ន​ ទ្រង់​កែ​ទៅ​ជា​ទេវស្ថាន ) ប្រាសាទ​បាលេលៃយ​ ប្រាសាទ​ពិធូរ​៣​នេះ​នៅ​ក្នុង​កំផែង​ក្រុង​មហិន្រ្ទបុរី​ ប្រាសាទ​តាព្រហ្ម​ ប្រាសាទ​បន្ទាយ​ក្ដី​ ប្រាសាទ​តា​សោម​ ប្រាសាទ​ក្រោល​គោ​ ប្រាសាទ​នាគព័ន្ធ​ ប្រាសាទ​ព្រះ​ខាន់​៦​នេះ​នៅ​ក្រៅ​កំផែង​ក្រុង, ប្រាសាទ​បន្ទាយ​នាង​ នៅ​ខណ្ឌ​មង្គល​បុរី​ ខែត្រ​បាត់​ដំបង​ អំបាល​នេះ​ជា​ដើម​ សុទ្ធ​តែ​ជា​អារាម​ស្ថាន​ក្នុង​លទ្ធិ​នេះ​ នៅ​មាន​រូប​ផ្សេង​ៗ​ទៀត​ គឺ​រូប​ព្រះ​អាទិពុទ្ធ​ ឬ​ព្រះ​អមិតាភ​ រូប​ព្រះ​ភៃសជ្យ​គរុ​ ព្រះ​ក្រិង​ព្រះ​បាដិហារ្យ​​ ព្រះ​បី​កាយ​ ព្រះ​ពោធិសត្វ​លោកេស្វរ​ ព្រះ​បញ្ញាបារមិតា ។ល។ មាន​នៅ​ក្នុង​ប្រាសាទ​ដែល​ចេញ​ឈ្មោះ​មក​ហើយ​ខ្លះ​ មាន​នៅ​ក្នុង​ទី​ដទៃ​ខ្លះ​​ គាថា​នមស្សការ​ព្រះ​អាទិពុទ្ធ​​ ព្រះ​លោកេស្វរ​​ ព្រះ​បញ្ញា​បារមិតា​ជា​ភាសា​សំស្ក្រឹត​ មាន​នៅ​ប្រាសាទ​បន្ទាយ​នាង ។ ចំណែក​ឯ​ក្នុង​ស្រុក​ចាស់​របស់​ខ្មែរ​អំពី​ដើម​មាន​ស្រុក​ស្រីលវោ​ជា​ដើម​ ក៏​មាន​របស់​ទាំង​នេះ​ដែរ ។ ឯ​ក្បួន​ខ្នាត​របស់​លទ្ធិ​នេះ​សាប​សូណ្យ​ទៅ​ស្ទើរ​តែ​គ្មាន​សល់ ​សព្វ​ថ្ងៃ​នេះ​ឃើញ​មាន​គម្ពីរ​១​ឈ្មោះ​បញ្ចគតិ​ ដែល​ព្រះ​អស្វឃោស​តែង​នៅ​ក្នុង​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា ។

សូម​ឲ្យ​ជ្រាប​ថា​ ក្នុង​រវាង​ពេល​ដែល​លទ្ធិ​មហាយាន​មក​ប្រតិស្ឋាន​ប្រមាណ​៦០០​ប្លាយ​ឆ្នាំ​នោះ​ ប្រទេស​យើង​ចំរើន​រុងរឿង​ជា​បំផុត​ ព្រះ​មហាក្សត្រិយ៍​សុទ្ធ​តែ​ទ្រង់​នូវ​ព្រះ​តេជានុភាព​ ឯ​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​មហាយាន​នោះ​ ក៏​រុង​រឿង​ណាស់​ ដូច​មាន​បូរាណ​វត្ថុ​ដែល​ពោល​មក​ហើយ​ជា​តាង​ស្រាប់​ទាំង​សាសនា​ព្រាហ្មណ​ ក៏​ត្រឡប់​រុង​រឿង​ណាស់​ដែរ​ ប្រហែល​គ្នា​នឹង​លទ្ធិ​មហាយាន​ឬ​ជាង​ តែ​បើ​សង្កេត​មើល​របស់​ដំណែល​ដែល​សាង​នៅ​ក្នុង​ខែត្រ​ផ្សេង​ៗ​ ក្រៅ​អំពី​ក្រុង​ទៅ​​ ឃើញ​ថា​សាសនា​ព្រាហ្មណ​រុងរឿង​ជាង​ ព្រោះ​ឃើញ​មាន​វត្ថុ​ក្នុង​លទ្ធិ​នេះ​រាយ​ទូទៅ​ក្នុង​អាណាចក្រ​កម្ពុជា​ទាំង​មូល​ ឯ​របស់​ក្នុង​លទ្ធិ​មហាយាន​ឃើញ​មាន​នៅ​ក្រុង​មហិន្រ្ទ​បុរី​នោះ​ច្រើន​ ក្រៅ​ពី​នោះ​ឃើញ​មាន​នៅ​ក្នុង​ទីរួម​ខែត្រ​កំពង់​ធំ​ខ្លះ​ ទីរួម​ខែត្រ​បាត់​ដំបង​ខ្លះ​ នឹង​ស្រុក​ស្រីលវោ​ខ្លះ​ប៉ុណ្ណោះ ។ ព្រះ​មហាក្សត្រិយ៍​ក្ដី​ រាស្រ្ត​ទាំង​ពួង​ក្ដី​​ អង្គ​ខ្លះ​នឹង​អ្នក​ខ្លះ​រាប់អាន​សាសនា​ព្រាហ្មណ​ អង្គ​ខ្លះ​នឹង​អ្នក​ខ្លះ​រាប់អាន​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​អាចរិយវាទ​ អង្គ​ខ្លះ​នឹង​អ្នក​ខ្លះ​រាប់អាន​ទាំង​ពីរ​យ៉ាង​ជា​មួយ​គ្នា​ ខ​នេះ​សូម​ឲ្យ​អ្នក​សិក្សា​បូរាណ​គតិ​ពិនិត្យ​មើល​បូរាណ​វត្ថុ​ ដែល​សាង​ក្នុង​សម័យ​នោះ​នឹង​អាច​ដឹង​បាន ។ ន័យ​មួយ​ទៀត​សម្រាប់​សេចក្ដី​យល់​របស់​ខ្ញុំ​ថា​ ក្នុង​ពេល​នោះ​សូម្បី​លទ្ធិ​ថេរវាទ​ក៏​មាន​ក្នុង​ប្រទេស​កម្ពុជា​នេះ​ដែរ​ តែ​ប្រហែល​ជា​ស្ដួច​ស្ដើង​បន្តិច​​ព្រោះ​មិន​សូវ​មាន​មនុស្ស​ជ្រះ​ថ្លា​រាប់អាន​ ដោយ​ឃើញ​មាន​អារាម​ស្ថាន​ដ៏​ជា​ដំណែល​ក្នុង​លទ្ធិ​នេះ​ មាន​វត្ត​គោកធ្លក​ជា​ដើម​ដ៏​មាន​សន្លឹក​សីមា​ថ្ម​ជា​សំគាល់ ​សឹង​មាន​នៅ​ក្នុង​ក្រុង​មហិន្រ្ទ​បុរី​ នឹង​សិលា​ចារិក​នៅ​ស្រុក​ស្រីលវោ​ ក៏​ថា​មាន​ទាំង​លទ្ធិ​ស្ថវីរ​​ទាំង​លទ្ធិ​មហាយាន​នឹង​រឿង​ចាម​ទេវី​វង្ស​ថា​​ ព្រះ​នាង​ជា​អ្នក​ជ្រះ​ថ្លា​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ បាន​សាង​ព្រះ​អារាម​ នឹង​ព្រះ​ស្តូប​ចេតិយ៍​នៅ​ស្រុក​ហិរភុញ្ជៃយ​ កាល​ត្រួត​មើល​បូរាណ​វត្ត​ក្នុង​ទី​នោះ​ហើយ​ ឃើញ​មាន​សុទ្ធ​តែ​របស់​ក្នុង​លទ្ធិ​ថេរវាទ​ របស់​ក្នុង​លទ្ធិ​អាចរិយវាទ​គ្មាន​សោះ​ អំបាល​នេះ​ជា​ដើម​ជា​គ្រឿង​អាង​ ទើប​នាំ​ឲ្យ​សន្និដ្ឋាន​ទៅ​ដូច្នោះ​ ហើយ​លទ្ធិ​នេះ​ដំណ​សមវង្ស​មក​អំពី​ព្រះ​សោណថេរ​ នឹង​ព្រះ​ឧត្ដរ​ថេរ​ដែល​ប្រកាស​សាសនា​ក្នុង​ដែន​សុវណ្ណ​ភូមិ​នេះ​ឯង​ មិន​មែន​ផ្សាយ​មក​អំពី​ប្រទេស​ដទៃ​ក្រៅ​នេះ ។

លើក​ទី​៤

[កែប្រែ]

លទ្ធិ​ថេរវាទ​ បែប​លង្កា​វង្ស​

[កែប្រែ]

កាល​កន្លង​ទៅ​ប្រមាណ​ជា​ព.ស. ១៧៥០ ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​មហាយាន​ក្នុង​ប្រទេស​កម្ពុជា​ ក៏​រៀវ​រោយ​ថយ​ចុះ​ទាល់​តែ​ផុត​វង្ស​ លទ្ធិ​ហីនយាន​ត្រឡប់​រុង​រឿង​ជា​ជំនួស​ឡើង​វិញ ។ គួរ​ឲ្យ​ពិចារណា​មើល​ថា​ ខ្មែរ​យើង​ធ្លាប់​រាប់អាន​លទ្ធិ​មហាយាន​មក​យូរ​ហើយ​ ក៏​ហេតុម្ដេច​ទើប​លើក​លែង​រាប់អាន​តាម​ផ្លូវ​ដែល​បាន​ពិនិត្យ​ទៅ​ហើយ​ឃើញ​ថា :

១ ដោយ​ខ្មែរ​យើង​បាន​ព្រះ​ត្រៃបិដក​បែប​លង្កា​ ដែល​ជា​របស់​ត្រឹមត្រូវ​បំផុត​មក​រៀន​សូត្រ ។

២ ដោយ​មាន​ពួក​បព្វជិត​ខ្មែរ​ ចេញ​ទៅ​ស៊ើប​ព្រះ​ពុទ្ធ​សាសនា​ក្នុង​លង្កា​ទ្វីប​ កាល​ឃើញ​របៀប​គេ​ល្អ​ ក៏​សិក្សា​ហើយ​នាំ​មក​ផ្សាយ​ក្នុង​ប្រទេស​របស់​ខ្លួន​ ឬ​មាន​ទាំង​ព្រះ​សង្ឃ​លង្កា​ឯង​ មក​នៅ​ក្នុង​ប្រទេស​នេះ​ក៏​ថា​បាន ។

អធិប្បាយ​ក្នុង​ខ​អំបាល​នេះ​ទៅ​ទៀត​ តាម​ដំណើរ​ដើម​ថា​ក្នុង​រជ្ជកាល​ព្រះ​បាទ​អនុរុទ្ធ​ ព្រះ​ចៅ​រាជា​ធិរាជ​ភូមា​ គ្រប់គ្រង​រាជ​សម្បត្តិ​នៅ​ក្រុង​អរិមទ្ទ​បុរី​ ក្នុង​កាល​ ព.ស. ១៦០០​ជា​ធម្មិរាជ​ ទ្រង់​ទំនុក​បំរុង​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ថេរវាទ​ ឲ្យ​រុង​រឿង​ឡើង​ក្នុង​ប្រទេស​ តែ​ក្នុងដែន​សុវណ្ណ​ភូមិ​គ្មាន​ប្រទេស​ណា​មាន​ព្រះ​ត្រៃបិដក​ចប់​បរិបូណ៌​ ហេតុ​នោះ​ព្រះ​បាទ​អនុរុទ្ធ​ទើប​ត្រាស់​បញ្ជូន​សមណ​ទូត​ឲ្យ​ទៅ​សុំ​ចំឡង​ព្រះ​ត្រៃបិដក​ឯ​លង្កា​ទ្វីប​ ខណ​ដែល​ចំឡង​ស្រេច​ហើយ​ដាក់​សំពៅ​នាំ​មក​ព្រះ​នគរ​វិញ​ មាន​ដំណឹង​តាម​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ខ្មែរ​យើង​ថា​ សំពៅ​ដែល​នាំ​ព្រះ​ត្រៃបិដក​នឹង​ព្រះ​ពុទ្ធ​រូប​កែវ​មារកត​នោះ​ ត្រូវ​ខ្យល់​ព្យុះ​បក់​មក​ជាប់​នៅ​ក្នុង​អាណាខែត្រ​កម្ពុជា​ ក្រម្ការ​ខែត្រ​រើស​បាន​នាំ​យក​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រិយ៍​ សឹង​វេលា​នោះ​គង់​នៅ​ក្រុង​មហិន្រ្ទ​បុរី​តែ​ក្នុង​រជ្ជកាល​ណា​មិន​អាច​ដឹង​បាន​ប្រាកដ​ ក្នុង​ព្រះ​រាជ​ពង្សាវតារ​ថា​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ធនញ្ជ័យ​កោរព្យ​រាជ​ តែ​ដាក់​សករាជ​ខុស​គ្នា​ឆ្ងាយ​ បើ​ដោយ​អនុមាន​មើល​ប្រហែល​ជា​ក្នុង​រជ្ជកាល​ព្រះ​បាទ​សូរ្យវរម័ន​ទី​២​ ព្រោះ​ពុទ្ធ​សករាជ​នៅ​ក្នុង​រវាង​ជិត​គ្នា​ត្រាស់​ឲ្យ​ហែរ​ហម​នាំ​យក​ទៅ​ប្រតិស្ឋាន​​ ទុក​នៅ​ប្រាសាទ​នគរ​តូច​ ហើយ​ឧទ្ទិស្ស​នគរ​តូច​នោះ​ថ្វាយ​ជា​វត្ត​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ទៅ​វិញ​ ទើប​នាំ​គ្នា​ហៅ​ថា​នគរ​វត្ត​ជាប់​តាំង​អំពី​នោះ​មក​ គ្រា​នោះ​ត្រាស់​ឲ្យ​ចារ​ចំឡង​ព្រះ​ត្រៃបិដក​អំពី​ច្បាប់​អក្សរ​ភូមា​នោះ​ ដាក់​មក​ជា​អក្សរ​ខ្មែរ​ ឲ្យ​ចារិក​ទុក​នៅ​ក្រប​សាស្រ្តា​ខ្មែរ​គ្រប់​គម្ពីរ​ថា << កម្ពុជ​ក្សរន្វាត >> អក្សរ​ខ្មែរ​នៅ​ប្រាសាទ​នគរ​វត្ត >> ជា​គ្រឿង​សំគាល់​សឹង​មាន​នៅ​ដល់​សព្វ​ថ្ងៃ​នេះ​ ប្រទេស​កម្ពុជា​រាប់​ថា​ មាន​ព្រះ​ត្រៃបិដក​ចប់​គ្រប់​បរិបូណ៌​ពី​ត្រឹម​នោះ​មក​ វេលា​ក្រោយ​សេចក្ដី​នោះ​ជ្រាប​ដល់​ព្រះ​បាទ​អនុរុទ្ធ​ៗ​ ទ្រង់​ឲ្យ​មក​សុំ​ព្រះ​ត្រៃបិដក​ច្បាប់​អក្សរ​ភូមា​នោះ​ទៅ​វិញ​ ទុក​តែ​ព្រះ​កែវ​មារកត​ថ្វាយ​ព្រះ​មហាក្សត្រយ៍​ខ្មែរ​ ដោយ​ទ្រង់​អំណរ​គុណ​ដែល​បាន​រើស​ព្រះ​ត្រៃបិដក​ទុក ។ ព្រះ​កែវមារកត​ដំបូង​ចេញ​ពី​ឥណ្ឌៀ​ទៅ​លង្កា​ ចេញ​អំពី​លង្កា​មក​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ វេលា​ក្រោយ​បាន​ទៅ​លាវ​ របូត​ពី​លាវ​បាន​ទៅ​សៀម​នៅ​ដល់​សព្វ​ថ្ងៃ​នេះ ។ កាល​ខ្មែរ​យើង​បាន​ព្រះ​ត្រៃបិដក​មក​ជា​សម្បត្តិ​ដ៏​ប្រសើរ​ ក្នុង​ព្រះ​នគរ​ដូច្នោះ​ហើយ​ ប្រជាជន​ទាំង​ឡាយ​មាន​ភិក្ខុ​សង្ឃ​ជា​ដើម​ កើត​ជ្រះ​ថ្លា​នាំ​គ្នា​សិក្សា​រៀន​សូត្រ​ព្រះ​ត្រៃ​បិដក​បែប​ថ្មី​នោះ ។ តាម​សេចក្ដី​ក្នុង​សិលា​ចារិក​មួយ​កន្លែង​នោះ​ថា​ ព្រះ​នាង​ជ័យ​រាជ​ទេវី​អគ្គ​មហេសី​សម្ដេច​ព្រះ​ជយ​វរម័ន​ទី​៧​ ចេះ​ព្រះ​ត្រៃបិដក​បាន​ទ្រង់​ប្រដៅ​គម្ពីរ​ពុទ្ធ​សាសនា​នៅ​វត្ត​នាគេន្រ្ទ​១​ វត្ត​តិលកោត្ដរ​១​ វត្ត​នរេន្រ្ទាស្រម​១​ តែ​ជា​គម្ពីរ​ខាង​លទ្ធិ​មហាយាន​​ ឬ​ខាង​លទ្ធិ​មហាយាន​ក្នុង​ទី​នោះ​មិន​បាន​ចង្អុល​ឲ្យ​ច្បាស់​ តាម​ផ្លូវ​សន្និដ្ឋាន​គួរ​ជា​ខាង​លទ្ធិ​ហីនយាន​ ព្រោះ​ក្នុង​ពេល​នោះ​លទ្ធិ​មហាយាន​រៀវ​រោយ​ចុះ​ហើយ​គ្មាន​អ្នក​ណា​សាង​វត្ត​វ៉ា​ឡើយ​ ដោយ​ហេតុ​នេះ​លទ្ធិ​មហាយាន​ទើប​សាប​សូណ្យ​ទៅ ។

ក្រោយ​នោះ​មក​ទៀត​ ក្នុង​កាល​ព.ស. ១៦៩៦​ ព្រះ​ចៅ​បរក្ក​មពាហុ​ ទ្រង់​កំចាត់​ពួក​ទមិឡ​ចេញ​អំពី​លង្កា​ទ្វីប​បាន​ត្រឡប់​វាយ​បាន​ទាំង​ស្រុក​ទមិឡ​មក​ផង​ ស្រេច​ព្រះ​រាជ​សង្គ្រាម​ហើយ​ ទ្រង់​អារាធនា​ព្រះ​សង្ឃ​ មាន​ព្រះ​មហាកស្ស​បត្ថេរ​ជា​ប្រធាន​​ ធ្វើ​សង្គាយនា​ធម្ម​វិន័យ​ រាប់​ជា​សង្គាយនា​គ្រា​ទី​៧​ នឹង​ទ្រង់​ទំនុក​បំរុង​ដោយ​ផ្លូវ​ដទៃ​ៗ​ទៀត​ជា​ច្រើន​ អំពី​នោះ​មក​ក៏​មាន​កិត្តិសព្ទ​នោះ​ល្បីយ​ខ្ចរខ្ចាយ​មក​ក្នុង​​ប្រទេស​សុវណ្ណ​ភូមិ​ គ្រា​នោះ​មាន​ភិក្ខុ​ក្នុង​ប្រទេស​ភូមា​ មន​ លាវ​ ខ្មែរ​ ចេញ​ទៅ​ស៊ើប​សាសនា​នៅ​លង្កា​ កាល​ទៅ​ឃើញ​វត្ត​ប្រណិបត្តិ​របស់​ព្រះ​សង្ឃ​លង្កា​តាម​បែប​ដែល​ជំរះ​ថ្មី​ ក៏​កើត​សេចក្ដី​ជ្រះ​ថ្លា​សុំ​សិក្សា​រៀន​សូត្រ​ តែ​គ្រា​នោះ​ព្រះ​សង្ឃ​លង្កា​កើត​សេចក្ដី​រង្កៀស​ថា​ សមណវង្ស​ក្នុង​នានា​ប្រទេស​បែក​ញែក​គ្នា​មក​យូរ​ណាស់​ហើយ​ មិន​ទុក​ចិត្ត​ក្នុង​វិហារ​ធម៌​របស់​ព្រះ​សង្ឃ​តាង​ប្រទេស​ ទើប​ណែ​នាំ​ឲ្យ​ឧបសម្បទា​ឡើង​ជា​ថ្មី​ ទើប​ព្រម​ឲ្យ​រួម​ឧបោសថ​សង្ឃ​កម្ម​ ពួក​ភិក្ខុ​តាង​ប្រទេស​ក៏​ព្រម​ធ្វើ​តាម​វិធី​ញត្តិ​ឡើង​ជា​ថ្មី​រាប់​ថា​ មាន​តាំង​អំពី​នោះ​ជា​ដើម​មក​ ភិក្ខុ​អំបាល​នោះ​នៅ​សិក្សា​លទ្ធិ​ធម្ម​វិន័យ​យ៉ាង​លង្កា​តាម​សមគួរ​ហើយ​ ក៏​ត្រឡប់​មក​កាន់​ស្រុក​ទេស​របស់​ខ្លួន​វិញ​ ជួនកាល​បបួល​ទាំង​ព្រះ​សង្ឃ​លង្កា​មក​ជា​មួយ​ផង​ក៏​មាន​ ដូច​មាន​ប្រាកដ​ក្នុង​សិលា​កល្យាណី​នោះ​ស្រាប់​ កាល​មក​ដល់​ស្រុក​ទេស​របស់​ខ្លួន​ហើយ​ អ្នក​ស្រុក​ឃើញ​កិរិយា​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ល្អ​ជាង​ព្រះ​សង្ឃ​ដើម​ក្នុង​ប្រទេស​ក៏​កើត​ជ្រះ​ថ្លា​ នាំ​យក​កូន​ចៅ​ទៅ​ទុក​ឲ្យ​នៅ​រៀន​សូត្រ​ក្នុង​សំណាក់​ព្រះ​សង្ឃ​លង្កា​វង្ស​ច្រើន​ឡើង​ៗ​ដោយ​លំដាប់ ។ ពោល​ចំពោះ​ព្រះ​សង្ឃ​ខ្មែរ​ដែល​បាន​ចេញ​ទៅ​សិក្សា​ធម្ម​វិន័យ​ឯ​លង្កា​ប៉ុន្មាន​លើក​ ប៉ុន្មាន​ដង​​ ឈ្មោះ​អ្វី​ខ្លះ​នោះ​មិន​អាច​ដឹង​បាន​សព្វ​គ្រប់​ ដឹង​បាន​តែ​១​រឿង​ដែល​មាន​ពោល​ក្នុង​សិលា​កល្យាណី​ថា​ ព្រះ​តាមិល្ទ​ថេរ​ជា​រាជ​បុត្រ​ស្ដេច​ខ្មែរ​ទៅ​រៀន​សូត្រ​នៅ​លង្កា​ទាល់​តែ​បាន​ពហូសូត្រ​ ហើយ​ត្រឡប់​មក​ស្រុក​វិញ​ជា​មួយ​នឹង​ភិក្ខុ​ជាតិ​មន​ ឈ្មោះ​ឆបដថេរ ។ ចំណែក​ឯ​ព្រះ​សង្ឃ​លង្កា​មក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ពោល​ក្នុង​ព្រះ​រាជ​ពង្សាវតារ​កម្ពុជា​ថា​ ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ ឲ្យ​ទៅ​និមន្ត​ព្រះ​សង្ឃ​លង្កា​មក​៧​អង្គ​ ហើយ​ទ្រង់​តាំង​ឲ្យ​មាន​សមណ​ជាត្រ​ទូង​រ័តន៍ (រាជា​គណ ) ទាំង​៧​អង្គ​​គឺ​ជា​សម្ដេច​ព្រះ​សុគន្ធា​ធិបតី​១​ ព្រះ​មង្គល​ទេព្វាចារ្យ​១​ ព្រះ​ធម្ម​លិក្ខិត​១​ ព្រះ​ពោធិវង្ស​១​ ព្រះ​វនរ័តន៍​១​ ព្រះ​មហា​ព្រហ្មមុនី​១​ ព្រះ​មហាពិមល​ធម្ម​១​​ ព្រះ​ថេរ​ទាំង​៧​អង្គ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​ទៅ​ មិន​ឮ​ថា​ត្រឡប់​ទៅ​លង្កា​វិញ​ទេ ។ ព្រះ​ថេរ​អំបាល​នេះ​មក​ក្នុង​រជ្ជកាល​ណា​ មិន​អាច​ដឹង​បាន​ជា​ប្រាកដ​ តែ​ក្នុង​ព្រះ​រាជ​ពង្សាវតារ​ថា​ មក​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​កេតុមាលា​ តាម​ផ្លូវ​ពិចារណា​ឃើញ​ថា​ មិន​មែន​មក​ក្នុង​រជ្ជកាល​នោះ​ ព្រោះ​ក្នុង​រជ្ជកាល​នោះ​កំពុង​រាប់អាន​លទ្ធិ​មហាយាន​ពេញ​បន្ទុក​ លទ្ធិ​មហាយាន​កំពុង​រុងរឿង​ ម្ដេច​ក៏​ទៅ​និមន្ត​ពួក​ហីនយានិក​និកាយ​មក​ធ្វើ​អ្វី​១​ទៀត​ ក្នុង​សម័យ​នោះ​មិន​ទាន់​មាន​ប្រវេណី​តាំង​សមណ​សក្តិ​ព្រះ​សង្ឃ​ផង​ បើ​ថា​មក​ក្នុង​សម័យ​នេះ​ទើប​ត្រូវ ។ ក្នុង​ងារ​អំបាល​នេះ​ងារ​ថា​ព្រះ​វនរ័តន៍​នេះ​ កើត​ឡើង​ក្នុង​ប្រទេស​លង្កា​ជា​ដំបូង​ កាល​ព្រះ​សង្ឃ​លង្កា​វង្ស​ផ្សាយ​មក​ក្នុង​ប្រទេស​កម្ពុជា​ នឹង​ក្នុង​ប្រទេស​សៀម​ ខ្មែរ​សៀម​ក៏​តាំង​ងារ​នេះ​ឡើង​តាម​យ៉ាង​លង្កា​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ភូវនេកពាហុ​ ទ្រង់​ព្រះ​រាជ​ទាន​នាម​ព្រះ​សង្ឃ​ មន​១​អង្គ​ជា​ព្រះ​សិរិវន​រតន​សាមិ​ ដូច​មាន​ក្នុង​សិលា​កល្យាណី ។

ផ្លូវ​ដែល​នឹង​ស្រាវ​រក​ទៅ​ទៀត​ឲ្យ​ឃើញ​ថា​ ព្រះ​សង្ឃ​លង្កា​វង្ស​ ផ្សាយ​មក​ក្នុង​ប្រទេស​នេះ​មែន​ គឺ​ព្រះ​សង្ឃ​លង្កា​រង្គៀស​ព្រះ​សង្ឃ​នានា​ ប្រទេស​ដូច​ដែល​ពោល​ហើយ​ ក្នុង​វិធី​ញតិ្តកាល​ព្រះ​សង្ឃ​លង្កា​វង្ស​ផ្សាយ​មក​ក្នុង​ប្រទេស​នេះ​ មិន​បាន​រួម​ឧបោថ​សង្ឃ​កម្ម​ នឹង​ព្រះ​សង្ឃ​ស្រុក​អាយ​នេះ​កើត​ជា​ព្រះ​សង្ឃ​២​ពួក​ គឺ​និកាយ​ដើម​១​ និកាយ​លង្កា​វង្ស​១​ តែ​ជា​និកាយ​ហីនយាន​ដូច​គ្នា​ សូម្បី​ក្នុង​ប្រទេស​ភូមា​ មន​ លាវ​ សៀម​ ក៏​ជា​២​និកាយ​ដូច្នេះ​ ហេតុ​នេះ​ប្រហែល​ជា​មាន​ពិធី​ញត្តិ​ព្រះ​សង្ឃ​និកាយ​ដើម​ និង​បញ្ចុះ​សីមា​វត្ត​ចាស់​ៗ​ខ្លះ​ឡើង​ទៀត​ ដោយ​វត្ត​បូរាណ​ក្នុង​ក្រុង​ចាស់​ៗ​ច្រើន​តែ​មាន​សន្លឹក​សីមា​២​ជាន់ ។ រឿង​សីមា​២​ជាន់​នេះ​តាម​ព្រះ​មតិ​របស់​សម្ដេច​ព្រះ​មហា​សមណ​ក្រម​ ព្រះ​យ៉ាវជិរ​ញាណ​ នឹង​ក្រម​ព្រះ​ដាំរុង​រាជា​នុភាព​ថា​ កាល​ដើម​គង់​បញ្ចុះ​សីមា​មួយ​ៗ​ដូច​គ្នា​ទាំង​អស់​ លុះ​ពួក​លង្កា​វង្ស​ចូល​មក​តាំង​រង្គៀស​ទាំង​ខ្លួន​ ទាំង​ការងារ​របស់​និកាយ​ដើម​ ទើប​ព្រះ​មហាក្សត្រិយ៍​ទ្រង់​អរាធនា​ព្រះ​សង្ឃ​លង្កា​វង្ស​ ឲ្យ​ធ្វើ​សីមា​បណ្ដា​វត្ត​ហ្លួង​ថែម​ម្ដង​ទៀត​ ដើម្បី​ឲ្យ​ធ្វើ​សង្ឃ​កម្ម​បាន​ទាំង​និកាយ​ដើម​ ទាំង​និកាយ​លង្កា​វង្ស​ វត្ត​ណា​ដែល​ធ្វើ​សីមា​ថែម​ទៀត​ ហើយ​វត្ត​នោះ​តោង​មាន​សីមា​គូ​ជា​សំគាល់​ ហេតុ​នោះ​វត្ត​ដែល​មាន​សីមា​គូ​ ឃើញ​សុទ្ធ​តែ​វត្ត​ស្ដេច​ ចំណែក​ឯ​វត្ត​រាស្រ្ត​ឃើញ​មាន​សន្លឹក​សីមា​រៀង​មួយ​ៗ​ដូច​សព្វ​ដង ។ អំណិស​យូរ​មក​ក៏​រួម​គ្នា​ជា​និកាយ​តែ​មួយ​ទៅ​វិញ​ ដោយ​សេចក្ដី​សាមគ្គី​គ្នា ។

ចំណែក​ឯ​សៀម​តាំង​អំពី​ដើម​មក​ នៅ​ក្នុង​អំណាច​ប្រទេស​កម្ពុជា​ជា​ច្រើន​រយ​ឆ្នាំ​ រវាង​ដែល​នៅ​ក្នុង​អាណាព្យាបាល​ខ្មែរ​នោះ​ ខ្មែរ​កាន់​សាសនា​ព្រាហ្មណ​ សៀម​ក៏​កាន់​សាសនា​ព្រាហ្មណ​តាម​ខ្មែរ​កាន់​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​មហាយាន​ សៀម​ក៏​កាន់​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​មហាយាន​តាម​ ខ្មែរ​កាន់​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ហីនយាន​ សៀម​ក៏​កាន់​ព្រះ​ពុទ្ធ​សាសនា​លទ្ធិ​ហីនយាន​តាម​ លុះ​មក​ដល់​ព.ស. ១៨០០​ សៀម​តាំង​ខ្លួន​ជា​ឯករាជ​ឡើង​បាន​ក្នុង​ប្រទេស​កម្ពុជា​ គឺ​តាំង​នៅ​ស្រុក​សុខោទៃយ​ សូម្បី​តាំង​ខ្លួន​បាន​ដូច្នោះ​ សៀម​ក៏​នៅ​និយម​រាប់អាន​ក្នុង​សេចក្ដី​អារ្យធម៌​របស់​ខ្មែរ​ ព្រោះ​ខ្មែរ​ជា​អារ្យជាតិ​មក​យូរ​ហើយ​ គឺ​លទ្ធិ​ទំនៀម​ទម្លាប់​ក្ដី​ ប្រវេណី​ក្ដី​ សាសនា​ក្ដី​ សៀម​យក​ដម្រាប់​តាម​ខ្មែរ​ទាំង​អស់​ រហូត​ដល់​ទៅ​អក្សរ​នឹង​ភាសា​ក៏​នៅ​ប្រើ​របស់​ខ្មែរ​ ដូច​មាន​សិលា​ចារិក​នៅ​ក្រុង​សុខោទៃយ​ជា​សាក្សី​ស្រាប់​ លុះ​ដល់ព.ស. ១៨២៩​ ស្ដេច​សៀម​ឈ្មោះ​ឃុនរាមកំហែង​ គិត​ធ្វើ​បែប​អក្សរ​សៀម​ឡើង​ជា​ដំបូង​​ បែប​អក្សរ​នោះ​ក៏​ប្រឌិត​យក​ជើង​អក្សរ​ខ្មែរ​ ទៅ​ធ្វើ​ជា​តួ​អក្សរ​សៀម​នោះ​ឯង​ដោយ​ច្រើន​ កាល​កើត​អក្សរ​សៀម​ហើយ​ សៀម​ក៏​មិន​សូវ​ប្រើ​អក្សរ​របស់​ខ្លួន​ក្នុង​គម្ពីរ​ធម៌​អាថ៌​ក្ដី​​ ក្បួន​ខ្នាត​អ្វី​ៗ​ក្ដី​ ជា​ភាសា​មគធ​ក្ដី​ ជា​សម្រាយ​ក្ដី​ ឃើញ​ប្រើ​តែ​អក្សរ​ខ្មែរ​ដោយ​ច្រើន​ រហូត​មក​ដល់​វេលា​ដែល​តាំង​ក្រុង​ទេព​សព្វ​ថ្ងៃ​នេះ ។

កាល​សៀម​តាំង​ឥស្សរភាព​បាន​ហើយ​ ក៏​លើក​កង​ទ័ប​មក​ញាំញី​ប្រទេស​កម្ពុជា​ជា​ច្រើន​ដង​ព្រោះ​កាល​ផុត​រាជ​វង្ស​វរម័ន​មក​ហើយ​ ប្រទេស​កម្ពុជា​ថយ​អំណាច​ចុះ​ ដូច​យ៉ាង​ក្នុង​កាល​ព.ស. ១៨៩៥​ ក្នុង​រជ្ជកាល​ព្រះ​បរម​លម្ពង្ស​រាជា​ទី​១០​ ក្នុង​បរមនាថ​រាជ​វង្ស​ នឹង​ក្នុង​រជ្ជកាល​ព្រះ​ធម្មាសោក​រាជ​ ព.ស.១៩១៥​ សិង​សោយ​រាជ្យ​នៅ​ក្នុង​ក្រុង​មហិន្រ្ទ​បុរី​នៅ​ឡើយ​ កង​ទ័ប​សៀម​បាន​មក​ញាំញី​ជញ្ជូន​យក​ទ្រព្យ​សម្បត្តិ​អំពី​ប្រទេស​កម្ពុជា​ទៅ​ជា​អនេក​ ដូច​យ៉ាង​គម្ពីរ​ព្រះ​ត្រៃបិដក​ តម្រាប់​តម្រា​ផ្សេង​ៗ​ គ្រឿង​រាជ្យ​​ គ្រឿង​អាវុធ​យុទ្ធ​ភណ្ឌ​ នឹង​កៀរ​កោយ​យក​មនុស្ស​ប្រុស​ស្រី​ទៅ​ជា​ឈ្លើយ​ច្រើន​ពន់​ប្រមាណ​ យក​បាន​ទាំង​អាណាខែត្រ​របស់​ខ្មែរ​ ទៅ​ជាង​ពាក់​កណ្ដាល​ កាល​ខ្មែរ​ថយ​មក​តាំង​ក្រុង​នៅ​បន្ទាយ​ល្វែក​ហើយ​ ក៏​តាម​មក​កំទេច​ទៀត​ជា​ច្រើន​លើក​ ហេតុ​នោះ​ប្រទេស​កម្ពុជា​ទើប​ធ្លាក់​ទៅ​ជា​ប្រទេស​ទន់​ទាប​ ព្រះ​ត្រៃបិដក​ក៏​មាន​មិន​គ្រប់​ ព្រោះ​សៀម​ជញ្ជូន​យក​ទៅ​ជា​សម្បត្តិ​របស់​គេ​អស់​ ទោះ​បី​ម្ល៉ឹង​ ការ​ព្រះ​សាសនា​ក្នុង​សម័យ​នេះ​ រាប់​ថា​ជា​ទី​២​រង​ប្រទេស​សៀម​ចុះ​មក​ប្រទេស​ក្រៅ​អំពី​នេះ​ជា​ទី​៣​ ទី​៤​ រង​ខ្មែរ​ទៅ​ទៀត ។

រួម​បែប​លក្ខណ​ព្រះ​ពុទ្ធ​រូប​ នឹង​ពោធិ​សត្ត​រូប​

ក្នុង​លទ្ធិ​មហាយាន​

តាម​ដែល​បាន​ពិនិត្យ​ទៅ​ឃើញ​ថា​ ពួក​មហាយានិក​និកាយ​ក្នុង​ប្រទេស​គន្ធារ​ជា​ដើម​ បាន​សាង​បែប​ព្រះ​ពុទ្ធ​រូប​នឹង​ពោធិសត្ត​រូប​ទុក​ ក្នុង​សម័យ​ព្រេង​នាយ​ជា​ច្រើន​បែប​ មាន​លក្ខណា​ការ​ផ្សេង​គ្នា​ដូច្នេះ ។

១​គ្រា​ភូមិ​ស្បស៌មុទ្រ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​គង់​ពត់​ព្រះ​ភ្នែន​ ព្រះ​ហស្ត​ឆ្វេង​ដាក់​ផ្ងា​លើ​ព្រះ​ជង្ឃ (ជង្គង់ ) ខាង​ឆ្វេង, ព្រះ​ហស្ត​ស្ដាំ​ដាក់​ផ្កាប់​លើ​ព្រះ​ជង្ឃ​ខាង​ស្ដាំ​ ចុង​ព្រះ​អង្គុលី​ចង្អុល​ចុះ​ទៅ​ផែន​ដី។ ធ្វើ​ដំណាល​កាល​ព្រះ​អង្គ​គង់​នៅ​លើ​រតន​បល្ល័ង្ក​ក្រោម​ដើម​ពោធិព្រឹក្ស​ ទ្រង់​ផ្ចាញ់​មារា​ធិរាជ​ ដែល​មក​ប្រវញ្ចន៍​ច្បាំង​ដណ្ដើម​យក​រតន​បល្ល័ង្ក​ថា​ជា​របស់​ខ្លួន​ កាល​នឹង​ពិសោត្យ​រក​តឹក​តាង​ថា​ អ្នក​ណា​ជា​ម្ចាស់​ដោយ​ពិត​ ទើប​ទ្រង់​ផ្សង​ចង្អុល​ទៅ​ផែន​ដី​ ដើម្បី​យក​នាង​ទេព​ធរណី​ដែល​រក្សា​ផែន​ដី​ ជា​សាក្សី​ក្នុង​រឿង​នេះ ។

២​គ្រាធ្យានមុទ្រ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​គង់​ពត់​ព្រះ​ភ្នែន​ ព្រះ​ហស្ត​ទាំង​ពីរ​ដាក់​ផ្ងា​ដម្រួត​គ្នា​លើ​ព្រះ​ភ្នែន​ពី​ខាង​មុខ​ ជា​កិរិយា​សមាធិ ។ ធ្វើ​ដំណាល​កាល​ព្រះ​មហា​សត្ត​ធ្វើ​សមាធិ​ចំរើន​អនាបាន​សតិ​កម្មដ្ឋាន​ បាន​ត្រាស់​ដឹង​នូវ​អនុត្តរ​សម្មា​សម្ពោធិញ្ញាណ​ នៅ​ក្រោម​ដើម​ពោធិ​ព្រឹក្ស ។

៣​គ្រា​អភយមុទ្រ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ឈរ​ក៏​មាន​ គង់​ពត់​ព្រះ​ភ្នែន​ក៏​មាន​ បើ​ជា​ព្រះ​រូប​ឈរ​ ធ្វើ​ព្រះ​ហស្ត​ខាង​ឆ្វេង​សំយោក​ចុះ​ក្រោម​ ព្រះ​ហស្ត​ស្ដាំ​លើក​រា​ស្មើ​ព្រះ​ឧរា, បើ​ជា​ព្រះ​រូប​គង់​ពត់​ព្រះ​ភ្នែន​​ ព្រះ​ហស្ត​ឆ្វេង​ដាក់​ផ្ងា​លើ​ព្រះ​ភ្នែន​ ព្រះ​ហស្ត​ស្ដាំ​រា​ដូច​មុន​ តាម​គតិ​ឥណ្ឌៀ​ សូម្បី​រា​ព្រះ​ហស្ត​ទាំង​ពីរ​ក៏​ហៅ​ថា​អភយមុទ្រ​ដែរ ។ ធ្វើ​ដំណាល​កាល​ព្រះ​សាស្ដា​បាន​ត្រាស់​ឡើង​ហើយ​ ស្ដេច​ចារិក​ទៅ​ក្នុង​លោក​ដើម្បី​ប្រោស​សត្វ​ សូម្បី​លោក​នេះ​ប្រកប​ដោយ​ភ័យ​អន្តរាយ​ច្រើន​ ក៏​ព្រះ​អង្គ​ឥត​ភ្លឹក​ឬ​សត្វ​លោក​ណា​មួយ​គិត​ប្រទុស្តរាយ​ព្រះ​អង្គ​ៗ​ ក៏​មិន​ប្រកាន់​យក​ទោស​ភ័យ​ល់​អ្នក​នោះ ។

៤​គ្រាចក្រមុទ្រ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​គង់​ពត់​ព្រះ​ភ្នែនក៏​មាន​ គង់​សំយុង​ព្រះ​បាទ​ដូច​អង្គុយ​កៅអី​ក៏​មាន​​ ព្រះ​ហស្ត​ស្ដាំ​លើក​ស្មើ​ព្រះ​ឧរា​ ហើយ​ជី​បម្រាម​ព្រះ​ហស្ត​ពីរ​ជា​វង់​មូល​ដូច​រូប​កង់​ចក្រ​ ព្រះ​ហស្ត​ឆ្វេង​ដាក់​ផ្ងា​លើ​ព្រះ​ភ្នែន​ក៏​មាន​ ចាប់​ជាយ​ចីវរ​ក៏​មានៈ​ម្យ៉ាង​ទៀត​ ធ្វើ​ព្រះ​ហស្ត​ទាំង​ពីរ​ជា​កិរិយា​ចាប់​កង់​ចក្រ​បង្វិល​ ជួនកាល​គេ​ធ្វើ​រូប​គ្រឿង​ប្រកប​ ជា​រូប​កង់​ចក្រ​រូប​ម្រឹគ​នៅ​ព្រៃ​ ឥសិមតនមិគទាយវ័ន​ នឹង​រូប​ភិក្ខុ​បញ្ចវគ្គីយ៍ ។ ធ្វើ​ដំណាល​កាល​ព្រះ​បរម​សាស្ដា​ ទ្រង់​សំដែង​ព្រះ​ធម្មចក្រ​ ដ៏​ជា​បថម​ទេសនា​ ប្រោស​បញ្ចវគ្គីយ៍​នៅ​ព្រៃ​ឥសិបតនមិគ​ទាយវ័ន​នា​ដំបន់​នគរ​ពារាណសី ។

៥​គ្រាវរមុទ្រ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​គង់​ពត់​ព្រះ​ភ្នែន​ ក៏​មាន​ឈរ​ក៏​មាន​ បើ​ជា​រូប​គង់​ពត់​ព្រះ​ភ្នែន​​ធ្វើ​ព្រះ​ហស្ដ​ស្ដាំ​លាត​ផ្ងា​គង​លើ​ព្រះ​ជង្ឃ​ខាង​ស្ដាំ​ តែ​ហុច​ចេញ​ទៅ​មុខ​បន្តិច​ ជា​កិរិយា​ទទួល​ត្រង​ព្រះ​ហស្ដ​ឆ្វេង​ច្រត់​ផ្កាប់​លើ​ព្រះ​ជង្ឃ​ឆ្វេង​ បើ​ជា​រូប​ឈរ​ ធ្វើ​ព្រះ​ហស្ដ​ស្ដាំ​ហុច​ផ្ងា​ចេញ​ទៅ​មុខ​ ជា​កិរិយា​ទទួល​ត្រង​ដូច​មុន​ ព្រះ​ហស្ដ​ឆ្វេង​សំយោក​ស្ងៀម​តាម​ធម្មតា ។ ធ្វើ​ដំណាល​កាល​ព្រះ​សាស្ដា​លាត​ព្រះ​ហស្ដ​ផ្ងា​ ឲ្យ​ទាន​បតី​ច្រួច​ទឹក​ទក្សិណោទក​ ដាក់​លើ​បាត​ព្រះ​ហស្ដ​តាម​ទំនៀម​ស្រុក​ទេស​ ក្នុង​កាល​ដែល​គេ​ថ្វាយ​វត្ថុ​ឯ​ណា​នីមួយ​ ដូច​យ៉ាង​កាល​ព្រះ​បាទ​ពិម្ពិសារ​ថ្វាយ​សួន​វេឡុវន​ជា​ពុទ្ធ​វិហារ​ជា​ដើម​ កាល​ទ្រង់​ទទួល​ដោយ​អាការ​យ៉ាង​នេះ​ហើយ​ ក៏​ទ្រង់​អនុមោទនា​ប្រទាន​ពរ​តាម​សមគួរ ។

៦​គ្រាវិតក៌មុទ្រ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ឈរ​​ ព្រះ​ហស្ដ​ទាំង​ពីរ​ឱប​ព្រះ​ឧរា​ ជា​កិរិយា​រំពឹង ។ ធ្វើ​ដំណាល​កាល​ព្រះ​សាស្ដា​គង់​នៅ​វេឡុវន​វិហារ​ទ្រង់​ព្រះ​ឈួន​ធ្ងន់​ ទាល់​តែ​ព្រះ​ឥន្រ្ទ​មក​បំរើ​ព្រះ​វល័ញ្ជ​ ក្រោយ​នោះ​ទ្រង់​ចំរើន​ព្រះ​ឥទ្ធិ​បាទ​ធម៌​ទាំង​៤​ទៅ​ព្រះ​រោគ​ក៏​រម្ងាប់​បង់ ។ (នាម​ព្រះ​ពុទ្ធ​រូប​បែប​ចាស់​ដែល​ពួក​ឥណ្ឌៀ​លើ​សាង​ឡើង​ ឃើញ​មាន​ប្រើ​ពាក្យ​ថា​ មុទ្រ​ ប្រកប​ខាង​ចុង​នាម​តែ​ត្រឹម​៦​គ្រា​ប៉ុណ្ណោះ​ ពាក្យ​នេះ​ជា​ភាសា​សំស្រ្កឹត​ប្រែ​ថា​ ម្រាម​ដៃ​ ដោយ​អធិប្បាយ​ថា​មាន​ម្រាម​ដៃ​ជា​គ្រឿង​សំគាល់​ត្រូវ​នឹង​ពាក្យមគធ​ថា​ មុទ្ទ​សញ្ញា​ វេលា​ប្រកប​ចូល​នឹង​សព្ទ​ដទៃ​ គាប្បី​ប្រែ​អនុរូប​ទៅ​តាម​សព្ទ​នោះ​ផង​ ដូច​យ៉ាង​ពាក្យ​ថា​ ភូមិ​ស្ប​ស៌មុទ្រ​ ប្រែ​ថា​មាន​ម្រាម​ដៃ​ចង្អុល​ទៅ​ផែន​ដី​ ដូច្នេះ​ជា​តួ​យ៉ាង ។

៧​គ្រាលេលា​ ឬ​ហៅ​គ្រា​យាង​យាស​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ឈាន​ព្រះ​បាទ​យាង​ គឺ​ឈាន​ព្រះ​បាទ​ខាង​ស្ដាំ​មុន​ បង្ហើប​កែង​ព្រះ​បាទ​ខាង​ឆ្វេង​បន្តិច​ ព្រះ​ហស្ដ​ធ្វើ​ជា​កិរិយា​បង្ឃោយ​ ជួន​កាល​គេ​ធ្វើ​ជា​លើក​ព្រះ​ហស្ដ​ស្ដាំ​បែប​រា​ បង្ហោយ​តែ​ព្រះ​ហស្ដ​ឆ្វេង ។ ធ្វើ​ដំណាល​កាល​ព្រះ​សាស្ដា​ស្ដេច​យាង​ទៅ​ក្រុង​កបិល​ពស្តុ​ជា​ដំបូង​ ដោយ​និមន្ត​នកិច្ច​នៃ​ព្រះ​ពុទ្ធ​បិតា​ ដែល​ត្រាស់​ប្រើ​កាឡុ​ទាយី​អាមាត្យ​ឲ្យ​មក​និមន្ត ។

៨​គ្រាឱបបាត្រ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ឈរ​ ព្រះ​ហស្ត​ទាំង​ពីរ​ទ្រង់​ឱប​បាត្រ​តាម​បែប​ឥណ្ឌៀ​ ធ្វើ​ជា​គង់​ពត់​ព្រះ​ភ្នែន​ឱប​បាត្រ​ក៏​មាន ។ ធ្វើ​ដំណាល​កាល​ព្រះ​សាស្ដា​ស្ដេច​យាង​ទៅ​ក្រុង​កបិល​ពស្តុ​ជា​ដំបូង​ ដោយ​ព្រះ​ពុទ្ធ​បិតា​ត្រាស់​ប្រើ​កាឡុ​ទា​យី​អាមាត្យ​ឲ្យ​មក​និមន្ត​ កាល​ស្ដេច​ដល់​ក្រុង​កបិល​ពស្តុ​ហើយ​ ក៏​ទ្រង់​ឱប​បាត្រ​គោចរ​បិណ្ឌ​បាត​តាម​ដំណាក់​ ព្រះ​រាជ​វង្សា​នុវង្ស​រៀង​ៗ​ទៅ​ ដរាប​ដល់​ដំណាក់​ព្រះ​ពុទ្ធ​បិតា​ៗ​ទត​ឃើញ​ត្រាស់​ឃាត់​ថា​ កុំ​ធ្វើ​ដូច្នេះ, ខុស​រាជ​ប្រវេណី, ព្រះ​រាជ​វង្ស​របស់​យើង​មិន​ដែល​មាន​អ្នក​ណា​១​ធ្វើ​យ៉ាង​នេះ​ ព្រះ​សាស្ដា​ត្រាស់​តប​ថា​មហារាជ​កុំ​ឃាត់​ តថាគត​ធ្វើ​តាម​អរិយវង្ស​ទេ ។

៩​គ្រាមហាប្រាដិហារ្យ​ ឬ​យមក​ប្រាដិហារ្យ​តាម​ដែល​គេ​ធ្វើ​មាន​ច្រើន​យ៉ាង​ យ៉ាង​ទី​១​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ច្រើន​អង្គ​ ជា​រូប​អង្គុយ​ខ្លះ​ ឈរ​ខ្លះ​ ផ្ទំ​ខ្លះ​ ចង្រ្កម​ខ្លះ​ ក្នុង​ផែន​ជា​មួយ​គ្នា​ ជួន​កាល​មាន​ទាំង​រូបតិរត្ថីយ៍​ជា​គ្រឿង​ប្រកប​ផង​ យ៉ាង​ទី​២​ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​គង់​លើ​ផ្កា​ឈូក​ទន្ទឹម​គ្នា​៣​អង្គ​ ធ្វើ​ព្រះ​ហស្ដ​យ៉ាង​គ្រា​ចក្រ​មុទ្រ, យ៉ាង​ទី​៣​ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ឈរ​ក៏​មាន​ អង្គុយ​ក៏​មាន​ តែ​ធ្វើ​ព្រះ​ហស្ដ​ច្រើន​បែប​ដូច​រូប​ព្រះ​នារាយណ៍​បែង​ភាគ​ ទាល់​តែ​អ្នក​ខ្លះ​ហៅ​ព្រះ​បែង​ភាគ​យ៉ាង​ក្រោយ​ នេះ​នៅ​មាន​សាលា​រចនា​ក្រុង​ភ្នំពេញ ។ ធ្វើ​ដំណាល​កាល​ព្រះ​សាស្ដា​ទ្រង់​ធ្វើ​ប្រាដិហារ្យ​ផ្ចាញ់​តិរត្ថីយ៍​នៅ​នគរ​សាវត្ថី ។

១០​គ្រាបរិនិព្វាន​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ផ្ទំ​ជា​អនុដ្ឋាន​សេយ្យាសន៍​ ព្រះ​សិរ​កើយ​លើ​ព្រះ​ហស្ត​ខាង​ស្ដាំ​ ព្រះ​ហស្ត​ឆ្វេង​សណ្ដូក​តាម​ព្រះ​កាយ​ ជួន​កាល​គេ​ធ្វើ​ជា​ព្រះ​រូប​រុំ​សំពត់​ស្នប​តាម​ក្នុង​រឿង​បថម​សម្ពោធិក​ថា​ គ្រឿង​ប្រកប​ធ្វើ​ជា​រូប​ព្រះ​ស្តូប​នៅ​ខាង​ក្រោយ​ព្រះ​បរម​សព​ ឬ​ជួនកាល​គេ​ធ្វើ​ទាំង​រូប​ព្រះ​ភិក្ខុ​សង្ឃ​ នឹង​រូប​ទេវតា​ផង ។ ធ្វើ​ដំណាល​កាល​ព្រះ​បរម​គ្រូ​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​បរម​និព្វាន​ នា​សួន​សាល​វនោទ្យាន​ ទៀប​នគរ​កុសិនារា ។

ព្រះ​ពុទ្ធ​រូប​១០​គ្រា​នេះ​ ពួក​ឥណ្ឌៀ​លើ​បាន​ប្រឌិត​សាង​ឡើង​ជា​ដំបូង​មុន​ប្រទេស​ដទៃ​ៗ​ទាំង​អស់ ។

១១​ព្រះ​ត្រៃកាយ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​៣​អង្គ​​ គង់​ទន្ទឹម​គ្នា​ តែ​អង្គ​កណ្ដាល​ធ្វើ​ទ្រើស​បន្តិច​ ព្រះ​ពុទ្ធ​រូប​បែប​នេះ​ពួក​មហាយានិក​និកាយ​សាង​ឡើង​ដោយ​ចូល​ចិត្ត​ថា​ ព្រះ​ពុទ្ធ​មាន​ព្រះ​កាយ​៣​ដូច​មាន​អធិប្បាយ​ហើយ​ក្នុង​បរិច្ឆេទ​ទី​៣ ។


១២​ព្រះ​ភៃសជ្យ​គុរុ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​គង់​ពត់​ព្រះ​ភ្នែន​ ព្រះ​ហស្ត​ស្ដាំ​លាត​ផ្ងា​ លើ​ព្រះ​ជង្ឃ​ ព្រះ​ហស្ត​ឆ្វេង​កាន់​គិលាន​ភេសជ្ជ​​ គឺ​ថ្នាំ​រក្សា​រោគ​ឯ​ណា​នីមួយ​ មាន​ផ្លែ​សម៉​ជា​ដើម​ដែល​គេ​សាង​ព្រះ​ពុទ្ធ​រូប​បែប​នេះ​ឡើង​ ដោយ​មាន​គតិ​ជឿ​ក្លាយ​ទៅ​ថា​ព្រះ​ពុទ្ធ​ជា​ពេទ្យ​ដ៏​វិសេស​១​ ចំណែក​ខាង​ពួក​ទក្ខិណ​និកាយ​គ្មាន​សាង​សោះ ។

នៅ​មាន​ព្រះ​ពុទ្ធ​រូប​១​បែប​ទៀត​ធ្វើ​អំពី​សម្រិទ្ធ​ អង្គ​តូច​ៗ​ប្រមាណ​ប៉ុន​មេដៃ​ ខាង​ក្នុង​អង្គ​ព្រះ​មាន​គ្រាប់​ អង្រួន​ទៅ​ឮ​ក្រិង​ៗ​ គេ​ទើប​ហៅ​ថា << ព្រះ​ក្រិង >> ឬ << ព្រះ​ក្រិក >> ចំពោះ​មាន​សាង​តែ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​សាង​ក្នុង​រជ្ជកាល​ព្រះ​បទុម​សូរ្យ​វង្ស​ តែ​សម្ដេច​ក្រុម​ព្រះ​យ៉ាដាំរុង​រាជា​នុភាព​ថា​ ឃើញ​មាន​នៅ​ប្រទេស​ចិន​ខ្លះ​ដែរ​ តែ​មិន​ដឹង​ជា​អ្នក​ណា​យក​បែប​អ្នក​ណា​ទៅ​សាង​​ព្រះ​នេះ​គេ​រាប់​អាន​ទៅ​ក្នុង​ផ្លូវ​ពូកែ​សក្តិ​សិទ្ធិ៍ ។

ប៉ែក​ព្រះ​នៅ​ក្នុង​ថាន​សួគ៌​

១៣​ព្រះ​អាទិ​ពុទ្ធ​ ធ្វើ​ជា​ព្រះ​ពុទ្ធ​រូប​ទ្រង់​គ្រឿង​បែប​ស្ដេច​ចក្រ​ពត្តិ​ ដែល​អ្នក​ខ្លះ​ហៅ​ថា < ព្រះ​ទ្រង់​គ្រឿង >>សម្រាប់​ប្រទេស​កម្ពុជា​យើង​ឃើញ​មាន​សាង​តាំង​អំពី​រវាង​ព.ស. ១០០០​មក​ ដោយ​ឃើញ​មាន​នៅ​ក្រុង​មហិន្រ្ទ​បុរី​ នឹង​ស្រុក​ស្រី​លវោ​ជា​ដើម​ ដែល​ជា​ស្រុក​ដំណែល​ចាស់​របស់​ខ្មែរ​ តែ​សម័យ​ក្រោយ​មក​កាល​កើត​មាន​រឿង​មហា​ជម្ពូ​បតី​ ផ្សាយ​មក​ដល់​ប្រទេស​កម្ពុជា​ ខ្មែរ​យើង​ក៏​នាំ​គ្នា​ចូល​ចិត្ត​ថា​ជា​ព្រះ​ពុទ្ធ​រូប​គ្រា​ផ្ចាញ់​មហា​ជម្ពូ​បតិ​ទៅ​វិញ ។

ព្រះ​ធ្យានី​ពុទ្ធ​៥​អង្គ​

១៤​ ព្រះ​វៃរោចន ធ្វើ​ដូច​គ្រា​ចក្រ​មុទ្រ

១៥​ ព្រះ​អក្សោភ្យ គ្រា​ភូមិ​ស្បស៌មុទ្រ

១៦​ ព្រះ​រត្ន​សម្ភវ គ្រាវរ​មុទ្រ

១៧​ ព្រះ​អមិតាភ គ្រាធ្យានមុទ្រ

នៅ​មាន​ព្រះ​ពុទ្ធ​រូប​១​បែប​ទៀត​ ធ្វើ​ជា​ព្រះ​សមាធិមាន​នាគ​ប្រក់​ ហើយ​មាន​រូប​ព្រះ​លោកេស្វរ​ នឹង​រូប​នាង​ប្រជ្ញា​បារមិតា​ឈរ​អម​សង​ខាង​ នេះ​ក៏​ជា​ព្រះ​អមិតាភ​ដែរ ។

១៨​ ព្រះ​អមោឃសិទ្ធ​ ធ្វើ​ដូច​គ្រា​អភយ​មុទ្រ ។

ព្រះ​ធ្យានីពោធិសត្វ​៥​អង្គ​

១៩​ ព្រះ​សមន្ត​ភទ្រ ធ្វើ​ជា​រូប​ពោធិសត្វ​ កាន់​ចិន្ដា​មណី

២០​ ព្រះ​វជ្របាណី ធ្វើ​ជា​រូប​ពោធិសត្វ​ កាន់​វជិរ

២១​ ព្រះ​រត្នបាណី កាន់​ចិន្ដា​មណី​ ឬ​ផ្កា​ឈូក

២២​ ព្រះ​លោកេស្វរ ធ្វើ​ជា​រូប​ពោធិសត្វ​ កាន់​ផ្កា​ឈូក

២៣​ ព្រះ​វិស្វបាណី ធ្វើ​ជា​រូប​ពោធិសត្វ​ កាន់​វជិរ​២ ។

ក៏​ឯ​វត្ថុ​ដែល​ព្រះ​ពោធិសត្វ​អំបាល​នេះ​តែង​កាន់​ មិន​មែន​មាន​តែ​ប៉ុណ្ណេះ​ បើ​ធ្វើ​ជា​រូប​មាន​ព្រះ​ហស្ត​៤​ ឬ​ព្រះ​ហស្ត​ច្រើន​ជាង​នេះ​ ក៏​តោង​មាន​របស់​ផ្សេង​ៗ​ទៀត​កាន់​ ដូច​យ៉ាង​រូប​ព្រះ​លោកេស្វរ​ព្រះ​ហស្ត​៤​ ព្រះ​ហស្ត​លើ​ពីរ​ ១​កាន់​ផ្គាំ​ ១​ទៀត​កាន់​ក្រាំង​ ព្រះ​ហស្ត​ក្រោម​ពីរ​១​កាន់​ផ្កា​ឈូក​ ១​ទៀត​កាន់​កន្ទី​ទឹក ។ នៅ​មាន​គ្រឿង​សំគាល់​ម្យ៉ាង​ទៀត​ជា​សំខាន់​ ដែល​ត្រូវ​ចាំ​ទុក​ គឺ​រូប​ព្រះ​ពោធិសត្វ​អំបាល​នេះ​សុទ្ធ​តែ​មាន​ព្រះ​ពុទ្ធ​រូប​តូច​ៗ​ នៅ​ត្រង់​ឧណ្ហិស (ជើង​សក់​ពី​ខាង​មុខ )ជា​សំគាល់​ឬ​ជួនកាល​គេ​ធ្វើ​នៅ​ទី​ដទៃ​ទៀត​ក៏​មាន​ បើ​គ្មាន​ព្រះ​ពុទ្ធ​រូប​ទេ​គាប្បី​ចូល​ចិត្ត​ថា​ មិន​មែន​រូប​ព្រះ​ពោធិសត្វ​អំបាល​នេះ ។

២៤​ នាង​ប្រជ្ញា​បារមិតា​​ ធ្វើ​ជា​រូប​ស្រ្តី​ទ្រង់​គ្រឿង​ កាន់​ក្រាំង​នៅ​ដៃ​ ដោយ​ច្រើន​ចំណាំ​តែ​ធ្វើ​ជា​រូប​គូ​គ្នា​ នឹង​រូប​ព្រះ​លោកេស្វរ ។

មនុស្ស​ពោធិសត្វ

គឺ​ព្រះ​ពោធិសត្វ​នៅ​ក្នុង​មនុស្ស​លោក

២៥​ អារ្យមៃត្រេយ​ ធ្វើ​ជា​រូប​ប្រុស​ទ្រង់​គ្រឿង​ ព្រះ​ហស្ត​២​ក៏​មាន​​ ព្រះ​ហស្ត​៤​ក៏​មាន​ ហើយ​មាន​រូប​ព្រះ​ស្តូប​នៅ​ត្រង់​ឧណ្ហិស​ជា​សំគាល់ ។ រូប​មនុស្ស​ពោធិសត្វ​ឃើញ​គេ​សាង​តែ​រូប​ព្រះ​អរិយមេត្រេយ​១​អង្គ​ប៉ុណ្ណេះ ។ រូប​ព្រះ​អារ្យមៃត្រេយ​ ព្រះ​ហស្ត​៨​មាន​នៅ​សាលា​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា​១​អង្គ​ធ្វើ​ដោយ​សម្រិទ្ធិ​ ជា​របស់​ខ្មែរ​បូរាណ​ អ្នក​ប្រាថ្នា​ចង់​ឃើញ​ចូរ​ទៅ​មើល​នៅ​ទី​នោះ​ចុះ ។

រូបភាពទេវរូបរបស់ព្រហ្មញ្ញ ហិណ្ឌូ

[កែប្រែ]

កំណត់

[កែប្រែ]
  1. Murtipujakas, Overview of World Religions, University of Cumbria (2009)

មើលផងដែរ

[កែប្រែ]